(ចិន)៖ ទីផ្សារលក់ផ្ទះនៅប្រទេសចិន ក្នុងឆ្នាំ២០១៨ មានកំណើនថេរ បើនិយាយជាទូទៅដោយក្នុងនោះ តម្លៃផ្ទះនៅតាមទីក្រុងកម្រិតទី៣ និងទី៤ បានឡើងថ្លៃ ឯតម្លៃផ្ទះនៅតាមទីក្រុងកម្រិត១ និង២វិញ បានមានលក្ខណៈឡើងចុះបន្តិចបន្តួច។
តម្លៃផ្ទះថ្មីនៅទីក្រុងកម្រិត១ បានឡើងថ្លៃ០.៥ភាគរយក្នុងឆ្នាំ២០១៨ ពោលគឺមានកំណើនយឺតជាងឆ្នាំ២០១៧ ចំនួន៩.៦ភាគរយ។ ឯតម្លៃផ្ទះដែលលក់បន្តវិញ បានឡើងថ្លៃ០.៧ភាគរយ ពោលគឺមានកំណើនទាបជាងឆ្នាំ២០១៧ចំនួន ១១.៣ភាគរយ។
នៅទីក្រុងប៉េកាំង តម្លៃផ្ទះទាំងថ្មីនិងផ្ទះដែលលក់បន្ត សុទ្ធតែធ្លាក់ចុះក្នុងឆ្នាំ២០១៨បើនិយាយជាទូទៅ។ ឯតម្លៃផ្ទះនៅទីក្រុង គ័ងចូវ វិញមានសភាពឡើងចុះគួរឱ្យកត់សម្គាល់ ដោយផ្ទះថ្មីបានឡើងថ្លៃជាបន្តបន្ទាប់។ ក្នុងខែធ្នូ២០១៨ គ័ងតុង បានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោម៧០ទីក្រុង ដែលមានផ្ទះថ្មីឡើងថ្លៃជាងខែវិច្ឆិកាចំនួន៣ភាគរយ។
ទីក្រុងកម្រិត២, ៣ និង៤ ក៏មានស្ថានភាពស្រដៀងគ្នានេះដែរ។ ក្នុងរយៈពេល៦ខែដើម ឆ្នាំ២០១៨នេះ ផ្ទះថ្មីនៅទីក្រុងទាំងនេះដូចជាក្រុងសាន់យ៉ា និង ហាយខូវ នាប៉ែកខាងត្បូងប្រទេសចិនជាដើម បានបន្តឡើងថ្លៃដដែល ជាហេតុបង្ខំឱ្យរដ្ឋាភិបាលមូលដ្ឋាន ត្រូវដាក់ចេញកញ្ចប់វិធានការគ្រប់គ្រងតម្លៃផ្ទះជាទ្រង់ទ្រាយធំមួយ កាលពីខែឧសភាកន្លងទៅ។
អ្នកស្រី រឹន ស៊ីងចូវ គឺជាអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានសេដ្ឋកិច្ចទីផ្សារ នៃមជ្ឈមណ្ឌលជាតិស្រាវជ្រាវដើម្បីការអភិវឌ្ឍចិន។ អ្នកស្រីបានមានប្រសាសន៍ថា ឆ្នាំ២០១៨ គឺជាឆ្នាំដែលមានការអនុវត្តគោលនយោបាយ គ្រប់គ្រងទីផ្សារផ្ទះក្នុងចំនួនច្រើនបំផុត នៅឯថ្នាក់មូលដ្ឋាន នៅក្នុងប្រទេសចិន។ គោលនយោបាយទាំងនេះ ត្រូវបានអនុវត្តខុសៗគ្នា ទៅតាមស្ថានភាពខុសៗគ្នារបស់ទីក្រុងនីមួយៗ។ ហើយគោលនយោបាយទាំងនោះ ភាគច្រើនគឺផ្ដោតទៅលើការផ្ដល់ជំនួយគាំទ្របន្ថែម ឬ កែខៃគោលនយោបាយចាស់ៗដើម្បីឱ្យវាកាន់តែល្អឥតខ្ចោះ។
អ្នកស្រី រឹន ជឿជាក់ថា គោលនយោបាយទាំងនេះ បានជួយបន្ថយល្បឿននៃការឡើងថ្លៃអចលនទ្រព្យ នៅតាមទីក្រុងមួយចំនួន ដែលមានផ្ទះឡើងថ្លៃ។ ហើយសព្វថ្ងៃ គោលនយោបាយទាំងនេះ មានការកែសម្រួលខ្លះៗ ទៅតាមទីក្រុងនីមួយៗ។
ការកែសម្រួលទាំងនេះ គឺផ្អែកទៅលើការអភិវឌ្ឍន៍ថ្មីៗ ដែលបានកើតមានឡើងនៅ ក្នុងវិស័យអចលនទ្រព្យ និងស្ថានភាពជាក់ស្ដែងនៃការផ្គត់ផ្គង់ និងតម្រូវការនៅក្នុងទីផ្សារ។
រដ្ឋាភិបាលកណ្ដាល ក៏មានការប្ដេជ្ញាចិត្តផងដែរ ក្នុងការរក្សាឱ្យបាននូវស្ថិរភាពតម្លៃផ្ទះ តម្លៃដី និងការរំពឹងទុករបស់ប្រជាពលរដ្ឋ តាមរយៈការផ្ដល់ជាអនុសាសន៍ជាលក្ខណៈទូទៅផ្សេងៗជូនដល់រដ្ឋាភិបាលនៅតាមមូលដ្ឋាន សម្រាប់យកទៅកែសម្រួលទីផ្សារអចលនទ្រព្យ ក្នុងគោលដៅបំពេញតាមតម្រូវការរបស់ប្រជាពលរដ្ឋផង និង រក្សាស្ថិរភាពទីផ្សារផង៕ (សារព័ត៌មាន CCTV របស់ចិន)