(ភ្នំពេញ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ បានចុះត្រួតពិនិត្យដោយផ្ទាល់ ចំពោះការប្រឡងវគ្គ NBC–FSI Connect លើកទី២២ របស់សិក្ខាកាមចំនួន៧៨រូប ដោយក្នុងនោះសិក្ខាកាមចំនួន១រូប ត្រូវប្រឡងបញ្ចប់កម្រិត២ (Intermediate Level) និងចំនួន១១រូប ត្រូវប្រឡងបញ្ចប់កម្រិត១ (Fundamental Level)។
សូមជម្រាបថា កម្មវិធីបណ្តុះបណ្តាល Financial Stability Institute (NBC-FSI Connect) របស់ធនាគារជាតិនៃកម្ពុជា ជាកម្មវិធីបណ្តុះបណ្តាលតាមប្រព័ន្ធ Online ផ្នែកត្រួតពិនិត្យធនាគារ ត្រូវបានបង្កើតឡើងក្រោមការផ្តួចផ្តើម របស់លោកទេសាភិបាលធនាគារជាតិ ដែលតម្រូវឱ្យសិក្ខាកាមសិក្សាតាមប្រព័ន្ធ Online។
កម្មវិធីបណ្ដុះបណ្ដាល NBC-FSI Connect ត្រូវបានបែងចែកជាបីកម្រិតរួមមាន៖ កម្រិតបឋម (Fundamental Level), កម្រិតមធ្យម (Intermediate Level) និងកម្រិតខ្ពស់ (Advanced Level) និងសិក្សារយៈពេល៣ឆ្នាំ។
បច្ចុប្បន្នធនាគារជាតិនៃកម្ពុជា បានទិញសិទ្ធសិក្សាជូនមន្ត្រី-បុគ្គលិកសរុបប្រមាណ២៥៨រូប ព្រមទាំងដាក់ឱ្យដំណើរការសិក្សា និងរៀបចំការប្រឡងផ្លូវការជាបន្ដបន្ទាប់ផងដែរ។ លើសពីនេះដើម្បីធានាគុណភាពសិក្សា គណៈកម្មការគ្រប់គ្រងវគ្គ ត្រូវបានបង្កើតឡើងសម្រាប់គ្រប់គ្រង ការសិក្សារបស់សិក្ខាកាមហើយវគ្គនេះ មានការគាំទ្រដោយផ្ទាល់ពីថ្នាក់ដឹកនាំថែមទៀតផង។
សិក្ខាកាមទាំងអស់ត្រូវតម្រូវឱ្យប្រឡងផ្លូវការ ចំពោះមុខគណៈកម្មការគ្រប់គ្រងវគ្គ ក្រោមការត្រួតពិនិត្យដោយផ្ទាល់របស់ទេសាភិបាល រាល់ពេលបញ្ចប់មុខវិជ្ជានីមួយៗ រហូតដល់ពេលបញ្ចប់កម្រិតទាំងបី។
សូមបញ្ជាក់ថា វគ្គនេះត្រូវបានរៀបចំឡើងដោយវិទ្យាស្ថាន ស្ថិរភាពហិរញ្ញវត្ថុអន្តរជាតិ នៃធនាគារ សម្រាប់ការទូទាត់អន្តរជាតិ (Bank for International Settlement - BIS) ដែលមានស្នាក់ការកណ្តាលនៅប្រទេសស្វីស។ បច្ចុប្បន្នធនាគារកណ្តាល និងស្ថាប័នហិរញ្ញវត្ថុសាធារណៈជាង៣០០ លើពិភពលោកបានទិញសិទ្ធិសិក្សាជូនមន្ត្រី-បុគ្គលិក ដើម្បីលើកកម្ពស់គុណវុឌ្ឍិផ្នែកត្រួតពិនិត្យធនាគារ ហើយមានសិក្ខាកាមសរុបចំនួន១០,០០០នាក់កំពុងសិក្សា៕