(ភ្នំពេញ)៖ អតីតសកម្មជននៃអតីតគណបក្សសង្គ្រោះជាតិចំនួន៣នាក់ ដែលជាប់ពាក់ព័ន្ធនឹងការរារាំងប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត តាមរយៈ «យុទ្ធនាការម្រាមដៃស្អាត» នៅខេត្តបាត់ដំបងនោះ បានយល់ព្រមចូលខ្លួនមកបង់ប្រាក់ពិន័យ តាមលិខិតបង្គាប់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) រួចហើយ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ។
អតីតសកម្មជនគណបក្សសង្គ្រោះជាតិទាំង៣នាក់ ដែលត្រូវពិន័យជាប្រាក់ក្នុងម្នាក់ៗ មានដូចខាងក្រោម៖
ទី១៖ ឈ្មោះ ជា ជីវ រស់នៅភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវពិន័យជាប្រាក់ចំនួន១០ លានរៀល។
ទី២៖ ឈ្មោះ ថោង សារឿន រស់នៅភូមិគាស់ក្រឡ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ចំនួន៥លានរៀល
ទី៣៖ ឈ្មោះ គ្រយ គឹមសាំង រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវពិន័យជាប្រាក់ ចំនួន៥លានរៀល។
ប្រាក់ពិន័យទាំងអស់ត្រូវបានបង់តាមរយៈ លោក សួន ចំរើន ដែលជាតំណាងរបស់អ្នកទាំងបី។ ថវិកាសរុប ២០លានរៀលនេះ ត្រូវបង់ចូលជាថវិការបស់រដ្ឋ។
គ.ជ.ប បានឱ្យដឹងថា ការបង់ប្រាក់ពិន័យនេះ ធ្វើឡើងតាមអំណាចសេចក្តីសម្រេចបិទផ្លូវតវ៉ា របស់ក្រុមប្រឹក្សាជំនុំជម្រះនៃក្រុមប្រឹក្សាធម្មនុញ្ញ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ដោយតម្កល់សេចក្តីសម្រេចលេខ០០៩ ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ របស់ក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប ដែលសម្រេចផ្តន្ទាទោសបុគ្គលទាំង៣រូបខាងលើពីបទ «រារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឱ្យទៅបោះឆ្នោត និងធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់បង់ទំនុកចិត្តលើការបោះឆ្នោត» តាមមាត្រ១៤២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។
សូមរំលឹកថា កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ គ.ជ.ប បានបើកសវនការជំនុំជម្រះលើសំណុំរឿងលេខ០០១ ដែលពាក់ព័ន្ធនឹងយុទ្ធនាការម្រាមដៃស្អាត នៅខេត្តបាត់ដំបង ហើយបានសម្រេចឱ្យឈ្មោះ ថោង សារឿន និងឈ្មោះ គ្រុយ គឹមសាំង ត្រូវបានពិន័យក្នុងម្នាក់ៗ ៥លានរៀល ដោយពុំទាន់គិតពីទោសព្រហ្មទណ្ឌ។ ចំណែកឈ្មោះ ជា ជីវ ដែលជាមេដឹកនាំ ពិន័យ១០លានរៀល។ បុគ្គលទាំងបីនាក់នេះ មិនសុខចិត្តចំពោះការសម្រេចរបស់ គ.ជ.ប ក៏បានប្តឹងបន្តទៅក្រុមប្រឹក្សាធម្មនុញ្ញ ហើយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ក្រុមប្រឹក្សាជំនុំជម្រះ នៃក្រុមប្រឹក្សាធម្មនុញ្ញ បានចេញសេចក្តីសម្រេចបិទផ្លូវតវ៉ា ដោយតម្កល់ការសម្រេចរបស់ គ.ជ.ប ទុកជាបានការដដែល។
នៅក្នុងរយៈកាលនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ក្រុមបុគ្គលខាងលើនេះ បានធ្វើការបង្ហោះរូបភាព និងសារមួយចំនួន ដោយលើកម្រាមដៃ ក្នុងន័យបំផុសបំផុលមិនឱ្យប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោត នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយគេប្រើពាក្យមួយឃ្លាថា «យុទ្ធនាការម្រាមដៃស្អាត» មានន័យថា មិនចូលរួមបោះឆ្នោត។ ក្រោយពីមានយុទ្ធនាការម្រាមដៃស្អាត ក្នុងគោលបំណងរារាំងមិនឱ្យប្រជាពលរដ្ឋបានបំពេញកាតព្វកិច្ចជាពលរដ្ឋខ្មែរបែបនេះ ទើបក្រុមការងារនៃគណបក្សប្រជាជនកម្ពុជា បានដាក់ពាក្យប្តឹង ទៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕