(កំពង់ចាម)៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី សោ សាវឿន នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ បានបញ្ជាឲ្យកម្លាំងអាវុធហត្ថទាំងអស់ក្នុងខេត្ត ត្រូវតែបង្កើនសកម្មភាពបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗក្នុងមូលដ្ឋានរៀងៗខ្លួន ឲ្យកាន់តែល្អបន្ថែមទៀត ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម។
ការដាក់បទបញ្ជាយ៉ាងដាច់ណាត់នេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបការងារ កងរាជអាវុធហត្ថឆ្នាំ២០១៨ និងផ្សព្វផ្សាយទិសដៅផែនការការងារ ឆ្នាំ២០១៩ និងផ្សព្វផ្សាយការបែងចែកភារកិច្ចទទួលខុសត្រូវជួរមេបញ្ជាការរង ដើម្បីជួយមេបញ្ជាការ លើការងារតាមផែនជំនាញនីមួយៗ។ ក្នុងនោះក៏មានចូលរួមពី លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង ស្រុក ស្នាក់ការ និងនាយ នាយរងអាវុធហត្ថជាច្រើនរូប។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន បានបញ្ជាក់ថា តួនាទី និងភារកិច្ចរបស់កងរាជអាវុធហត្ថ ដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរៈភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជាគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត គឺត្រូវការពារ សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។
បើតាមលោកឧត្តមសេនីយ៍មេបញ្ជាការ ដូច្នេះកម្លាំងទាំងអស់ត្រូវតែបង្កើនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ដ្រដែលខ្លួនកាន់កាប់ ដោយមិនត្រូវឲ្យមានចន្លះប្រហោងនោះឡើយ ហើយបន្ថែមពីនេះ ត្រូវតែយកចិត្តទុកដាក់ចេញល្បាត ចល័តការពារភូមិសាស្ដ្រដែលខ្លួនទទួលខុសត្រូវ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀត។
លោកឧត្តមសេនីយ៍ សោ សាវឿន បានសង្កត់ធ្ងន់ថា ប្រសិនបើមានបទល្មើសអ្វីកើតឡើង កម្លាំងជំនាញត្រូវតែចេញប្រតិបត្តិការ អន្ដរាគមន៍ភ្លាមៗឲ្យបានទាន់ពេលវេលា ហើយបើសភាពការណ៍ដែលមិនអាចគ្រប់គ្រងបាន ត្រូវរាយការណ៍ជូនថ្នាក់លើជាបន្ទាន់ ដើម្បីមានវិធានការទប់ស្កាត់ និងបង្ក្រាបឲ្យបានទាន់ពេល៕