(ប៉េកាំង, ចិន)៖ ការកៀរគរអ្នកវិនិយោគបរទេសមកបោះទុនរកស៊ីនៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ជាបេសកកម្មដ៏ចំបាច់សម្រាប់សម្តេចតេជោ ហ៊ុន សែន រាល់ពេលមានបេសកកម្មនៅក្រៅប្រទេស។ ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសចិននៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតចូលរួមវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន ក្នុងបំណងទាក់ទាញអ្នកវិនិយោគចិនឲ្យមកបណ្តាក់ទុនរកស៊ីនៅកម្ពុជាឲ្យកាន់តែច្រើនថែមទៀត។
ពីលើវេលើវេទិកាដ៏មានសារៈសំខាន់នេះសម្តេចតេជោ ហ៊ុន សែន បានព្យាយាមលើកបង្ហាញពីការធ្វើកំណែទម្រង់ផ្នែកសេដ្ឋកិច្ច និងលក្ខណៈពិសេសៗមួយចំនួន ដែលសុទ្ធសឹងជាអំណោយផលសម្រាប់អ្នកវិនិយោគ និងធុរកិច្ចជន។
នៅចំពោះមុខមន្ត្រីជាន់ខ្ពស់ចិន អ្នកវិនិយោគ និងធុរកិច្ចជនកម្ពុជា-ចិន សរុបប្រមាណជា ៨០០នាក់ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបានការធ្វើកំណែទម្រង់ផ្ទៃក្នុងយ៉ាងស៊ីជម្រៅ ដើម្បីបង្កើនភាពប្រកួតប្រជែង និងធានាបាននូវឯករាជ្យភាពផ្នែកសេដ្ឋកិច្ច ក្នុងឋានៈជាប្រទេសអធិបតេយ្យពេញលេញ។
សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងអនុវត្តនូវអភិក្រមចំនួន៥ រួមមាន ឆ្លុះកញ្ចក់ ងួតទឹក ដុះក្អែល ព្យាបាល និងវះកាត់ ក្រោមបាវចនាចំនួន២ គឺការកែទម្រង់ខាងក្នុង និងការបង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចបានសម្រេចធ្វើកំណែទម្រង់ស៊ីជម្រៅលើប្រព័ន្ធសេដ្ឋកិច្ចផ្ទៃក្នុង តាមរយៈការដាក់ចេញ និងអនុវត្តន៍នូវវិធានការថ្មីមួយ គឺការរក្សាទុកតែភ្នាក់ងារគយប៉ុណ្ណោះ ក្នុងការត្រួតពិនិត្យទំនិញ នៅតាមច្រកទ្វារអន្តរជាតិ ច្រកទ្វារ ព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី ច្រកទ្វារតំបន់ព្រំដែន និងច្រកទ្វារកំពុងផែសមុទ្រ តំបន់សេដ្ឋកិច្ចពិសេស ទីកន្លែងសន្និធិគយបណ្តោះអាសន្ន និងទីកន្លែងត្រួតពិនិត្យទំនិញនាំចេញ នាំចូលផ្សេងទៀត។
«ការសម្រេចបែបនេះគឺជាការអនុវត្តនូវអភិក្រមវះកាត់ ដែលជាការកែទំរង់ដ៏ធំសំម្បើមមួយរបស់កម្ពុជា ដើម្បីកាត់បន្ថយភាពស្មុគស្មាញ និងថ្លៃដើម ក្នុងការធ្វើ ពាណិជ្ជកម្ម សំដៅធ្វើឲ្យកាន់តែល្អប្រសើរនូវបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងការវិនិយោគ និងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា»។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែម។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានលើកបង្ហាញទៅកាន់អ្នកវិនិយោគ និងធុរកិច្ចជនរបស់ចិនទៀតថា ក្រៅពីការធ្វើកំណែទម្រង់ខាងលើហើយនោះ កម្ពុជានៅមានលក្ខណៈពិសេសចំនួន៥ផ្សេងទៀត ដែលជាឱកាសដ៏ពិសិដ្ឋសម្រាប់ការវិនិយោគនៅកម្ពុជា។
បើតាមសម្តេចតេជោ ហ៊ុន សែន លក្ខណៈពិសេសទាំង៥នោះរួមមាន៖ ទី១. ភាពអំណោយផលនៃស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច, ទី២. ការបើកចំហរសេដ្ឋកិច្ចសម្រាប់អ្នកវិនិយោគទាំងអស់ ដោយគ្មានការរើសអើង រវាងអ្នកវិនិយោគកម្ពុជា និងអ្នកវិនិយោគបរទេសនោះទេ, ទី៣. កម្លាំងពលកម្មដែលមានភាពសម្បូរណ៍បែប និងវ័យក្មេង ដែលក្នុងនោះប្រជាជនដែលមានអាយុ ៣៥ឆ្នាំចុះ មានចំនួនដល់ទៅ ៧២ភាគរយ នៃចំនួនប្រជាជនសរុប គួបផ្សំនឹងប្រាក់ឈ្នូលដែលមានភាពប្រកួតប្រេជែង, ទី៤. កម្ពុជាស្ថិតនៅលើទីតាំងយុទ្ធសាស្រ្តក្នុងតំបន់អាស៊ាន ដែលតំបន់នេះបាន និងកំពុងក្លាយជារោងចក្រនៃអាស៊ី ហើយទំនិញផលិតនៅកម្ពុជាអាចផ្គត់ផ្គងទីផ្សារក្នុងស្រុក ទីផ្សារអនុតំបន់មេគង្គ ទីផ្សារអាស៊ាន និងទីផ្សារដទៃទៀត ក្នុងពិភពលោក។
លក្ខណៈពិសេសទី៥ កម្ពុជា និងចិន មានកិច្ចព្រមព្រៀងជាមួយគ្នាជាច្រើន ដែលជួយជំរុញនិងផ្តល់អត្ថប្រយោជន៍យ៉ាងសម្បូរណ៍បែបជូនដល់ធុរកិច្ចជន និងវិនិយោគិនចិន ទាំងការលើកទឹកចិត្ត និងការធានាការវិនិយោគ។
សូមបញ្ជាក់ថា បច្ចុប្បន្នកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា និងចិន កំពុងមានសន្ទុះយ៉ាងល្អប្រសើរ។ របាយការណ៍បង្ហាញថា កាលពីឆ្នាំ២០១៧កន្លងទៅ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបានប្រមាណ ៦ប៊ីលានដុល្លារ ហើយប្រទេសទាំងពីរបានដាក់ចេញនូវគោលដៅថ្មីទៀត គឺជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យឈានដល់ ១០ប៊ីលានដុល្លាអាមេរិក នៅឆ្នាំ២០២៣។
ទំហំវិនិយោគវិញ បានស្ទុះឡើងរហូតដល់ប្រមាណ៦,៨ប៊ីលានដុល្លារ កើនប្រមាណ៧% ធៀបនឹងឆ្នាំ២០១៧ ក្នុងនោះប្រទេសចិនបន្តស្ថិតនៅជាប្រទេសនាំមុខគេ ដែលបានបណ្តាក់ទុនវិនិយោគធំជាងគេបង្អស់នៅកម្ពុជាក្នុងឆ្នាំ២០១៨ ដែលមានទំហំទុនវិនិយោគសរុបប្រមាន៣,៦ប៊ីលានដុល្លារ ស្មើនឹង៥៣ភាគរយ នៃទំហំវិនិយោគសរុប ពោលគឺកើនឡើងប្រមាណ៥៤ភាគរយ ធៀបនឹងឆ្នាំ២០១៧៕