(បាត់ដំបង)៖ ប្រជាពលរដ្ឋជិត៦០នាក់ មកពីស្រុកសំឡូត និងស្រុករតនៈមណ្ឌល នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ បាននាំគ្នាមកសុំឲ្យអភិបាលខេត្ត ជួយពន្លឿនដោះស្រាយសំណង ផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ ទំនប់ពហុបំណងសេកសក (អាងស្តុកទឹក) ខេត្តបាត់ដំបងជំហានទី២ ដែលធ្វើមានការប៉ះពាល់ដីពួកគាត់ នៅឃុំអូរសំរិល និងឃុំមានជ័យ ក្នុងស្រុកសំឡូត និងឃុំផ្លូវមាស ស្រុករតនៈមណ្ឌល ជិត៥០០គ្រួសារ ដែលធ្វើឲ្យលិចស្រែ និងផលដំណាំរបស់ពួកគាត់២ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ២០១៧ រហូតឆ្នាំ២០១៨។
ប្រជាពលរដ្ឋបាននិយាយថា ពួកគាត់បានមកតវ៉ានៅសាលាស្រុកសំឡូត និងរដ្ឋបាលខេត្តម្តងរួចមកហើយ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅ តែរដ្ឋបាលខេត្ត ពុំទាន់មានចម្លើយដល់ពួកគាត់ ទើបពួកគាត់នាំគ្នាមកថ្ងៃនេះ ដើម្បីសុំលោកអភិបាលខេត្ត មេត្តាជួយពន្លឿន នៃការដោះស្រាយសំណង ជំហានទី២ឱ្យបានឆាប់ ព្រោះពួកគាត់ ខ្លះបានធ្វើចំណាកស្រុក ខ្លះគ្មានដីដាំដំណាំ គ្មានដីសង់លំនៅដ្ឋានទេ ព្រោះគ្មានថវិកាកំពុងខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃផង។
ប្រជាពលរដ្ឋបានបន្តថា បន្ទាប់ពីពួកគាត់បានមកសុំអន្តរាគមន៍នាពេលនេះ លោកអភិបាលខេត្ត បានចាត់ឲ្យតំណាងប្រជាពលរដ្ឋ៦នាក់ ចូលជួបនិយាយគ្នាបានដឹងរឿង។
លោកអភិបាលខេត្ត ក៏បានបញ្ជាក់ឆ្លើយតបមកវិញថា រដ្ឋបាលខេត្តបានធ្វើលិខិតទៅអន្តរក្រសួងរួចហើយ ពីសំណូមពររបស់ប្រជាពលរដ្ឋ ហើយរដ្ឋបាលខេត្តពុំមានសិទ្ធិសម្រេចការងារនេះទេ សូមរង់ចាំចម្លើយថ្នាក់លើចុះមកដោះស្រាយ ដោយធ្វើការវាស់វែងផលប៉ះពាល់ជាក់លាក់សរុបម្តងទៀត ដើម្បីផ្តល់សំណងជំហានទី២ ជូនប្រជាពលរដ្ឋនៅពេលក្រោយ។
បន្ទាប់ពីបានជួបជជែករកដំណោះស្រាយរវាងរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋចប់ហើយ ពលរដ្ឋបានយល់ពីហេតុផល ហើយបាននាំគ្នាត្រឡប់ទៅផ្ទះវិញ៕