(ត្បូងឃ្មុំ)៖ ដោយសារតែមិនស្គាល់ និងមិនដឹងថា គ្រាប់កាំភ្លើងធំដែលមិនទាន់ផ្ទុះ អាចបង្កឱ្យមានគ្រោះថ្នាក់នោះ បានធ្វើឱ្យបងប្អូនប្រជានេសាទត្រី ស្ថិតនៅក្នុងភូមិព្រៃតូច ឃុំជីរោទ៍១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានយកគ្រាប់កាំភ្លើងធំ១០៥មីលីមែត្រ រហូតដល់១៥៥មីលីមែត្រ ទៅចងជើងអួនយកទំងន់សង្កត់ជើងអួនដល់បាតទឹក ដើម្បីចាប់ត្រីទៅវិញ ដោយមិនខ្លាចពីគ្រោះថ្នាក់អ្វីបន្តិចសោះ។
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ សរសេរលើ Facebook របស់លោកថា «ចាប់ចងខ្មាំងមួយគូហ្នង! តាមពិតបងប្អូនប្រជានេសាទត្រី យកគ្រាប់កាំភ្លើងធំ ១០៥មីលីមែត្ររហូតដល់១៥៥មីលីមែត្រ ទៅចងជើងអួនយក ទំងន់សង្កត់ជើងអួនដល់បាតទឹកចាប់ត្រីដល់ក្នុងភក់ឯណោះ! ករណីបែបនេះហើយ ទើបពួកគាត់ឆ្នៃគ្រាប់ដោយស្លសំណរចាក់បន្ថែមទំងន់ក៏ផ្ទុះស្លាប់ និងរងរបួសកាលកន្លងទៅថ្មីៗនេះ។
លោកបន្តថា «គ្រាប់ទាំង២នេះ ប្រជាពលរដ្ឋប្រគល់ឲ្យប៉ូលីស ស្ថិតនៅក្នុងភូមិព្រៃតូច ឃុំជីរោទ៍១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ សូមបងប្អូនប្រជានេសាទ បញ្ឈប់នូវទង្វើនេះ និងសុំប្រគល់គ្រាប់មិនទាន់ផ្ទុះទាំងនោះ មកនគរបាលប៉ុស្តិ៍នៅមូលដ្ឋាន ឬទំនាក់ទំនងមកអង្គភាពស៊ីម៉ាក់ ដែលឈរជើងក្បែរៗនោះ»៕