(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំ ដើម្បីត្រៀមរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី Asia Media Summit (AMS) ២០១៩ លើកទី១៦ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ហើយកិច្ចប្រជុំនេះនឹងប្រារព្ធធ្វើឡើងនៅខេត្តសៀមរាប នាពេលខាងមុខនេះ។
កិច្ចប្រជុំនៅព្រឹកនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន អង្គភាពព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ ដែលកំពុងតែធ្វើសកម្មភាពនៅក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមចែករំលែកគំនិតយោបល់ នៅក្រសួងព័ត៌មាន។
សូមជម្រាបថា កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី ហៅកាត់ថា AMS លើកទី១៥ បានធ្វើឡើងនៅទីក្រុង New Delihi ប្រទេសឥណ្ឌា៕