(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី២២ ខែមករា បានអនុញ្ញាតឱ្យលោក Richard D. Fincher ដែលជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យខននែល បុរីញូយ៉ក សហរដ្ឋអាមេរិក រួមជាមួយគណៈប្រតិភូរបស់ មជ្ឈមណ្ឌលអាមេរិកាំង សម្រាប់សាមគ្គីភាពការងារអន្តរជាតិ (ACILS) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងការងារ។
លោករដ្ឋមន្ត្រីបានលើកឡើងថា កន្លងមកកម្ពុជាធ្លាប់មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យការងារជាច្រើនជាមួយសហរដ្ឋអាមេរិក ហើយកម្ពុជាជាប្រទេសមួយ ដែលបានផ្សារភ្ជាប់ខ្លួន ទៅនឹងបទដ្ឋានអន្តរជាតិ ដែលក្នុងនោះកម្ពុជាបានផ្តល់សច្ចាប័នអនុសញ្ញាអង្គការអន្តរជាតិខាងការងារបានចំនួន១៣ ដែលមានអនុសញ្ញាស្នូរ៨ផងដែរ។
លោករដ្ឋមន្ត្រីបានលើកឡើងថា កម្ពុជាបានប្តេជ្ញាចិត្តខ្ពស់ណាស់ ក្នុងការធានានូវការអនុវត្តលក្ខខណ្ឌការងារល្អ ព្រោះថាកម្ពុជាជាប្រទេសទី១ ដែលហ៊ានផ្សាភ្ជាប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៩៩។
ទន្ទឹមនឹងនេះ លោកបានគូសបញ្ជាក់ថា កំណើននៃឧស្សាហកម្ម ធ្វើឱ្យមានការកើនឡើងនូវអង្គការវិជ្ជាជីវៈជាច្រើន ដែលនេះធ្វើឱ្យមានការបង្កើតឡើងនូវ ក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលជាយន្តការសម្របសម្រួលត្រីភាគីរួមមាន ភាគីរដ្ឋាភិបាល សហជីព និងនិយោជក ក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ កន្លងមក មជ្ឍមណ្ឌលអាមេរិកាំង សម្រាប់សាមគ្គីភាពការងារអន្តរជាតិ ក៏បានចូលរួមការងារគ្នាជាច្រើនជាមួយក្រសួង ក្នុងដោះស្រាយបញ្ហានានា នៅក្នុងវិស័យការងារ ហើយតាមរយៈអនុស្សរណៈយោគយល់គ្នា ដែលបានចុះហត្ថលេខាកន្លងទៅនឹងកាន់តែ បង្កើននូវកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ កាន់តែប្រសើថែមទៀត។
មកទល់បច្ចុប្បន្ន ក្រុមប្រឹក្សាអាជ្ញាកណ្តាលនេះ នៅតែបន្តយន្តការប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ក្នុងការដោះស្រាយវិវាទការងារ។ ទន្ទឹមនឹងភាពជោគជ័យទាំងអស់នេះ ក៏មានបញ្ហាប្រឈមផងដែរ គឺយន្តការត្រីភាគីនេះ កំពុងតែខិតខំរកមធ្យោបាយ ក្នុងការធានានូវនិរន្តភាពរបស់ខ្លួន ជាពិសេសនិរន្តភាពផ្នែកហិរញ្ញវត្ថុ ក្នុងការបន្តដំណើរការងារតទៅមុខ។
លោកបានលើកឡើងថា កំពុងសិក្សាធ្វើយ៉ាងណាឱ្យក្រុមប្រឹក្សាអាជ្ញាកណ្តាលនេះ អាចមានជម្រើសក្នុងការធានាតាមរយៈ ការដាក់ចូលក្នុងប្រព័ន្ធជាតិ មានជំនួយមូលនិធិពីរាជរដ្ឋាភិបាល ឬការលើកទឹកចិត្តឱ្យសមគមនិយោជក និងដៃគូរពាក់ព័ន្ធចូលរួមផ្តល់មូលនិធិ ដើម្បីធានាឱ្យបាននូវឯករាជ្យភាពរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។
លោកសាស្រ្តាចារ្យ លោក Richard D. Fincher បានលើកពីបទពិសោធន៍ការងាររបស់លោកនៅអាស៊ី ដែលលោកបានផ្តោតការយកចិត្តទុកដាក់ និងបង្រៀននៅតាមមហាវិទ្យាល័យ ដូចជានៅវៀតណាម ចិន និងមីយ៉ាន់ម៉ា លើការបណ្តុះបណ្តាលជំនាញប្រព័ន្ធដោះស្រាយលើវិវាទការងារ។
លោកសាស្ត្រាចារ្យបានទទួលស្គាល់ថា មិនថាប្រទេសណាទេ ប្រព័ន្ធក្រុមប្រឹក្សាអាជ្ញាកណ្តាល តែងមានបញ្ហាប្រឈមក្នុងការរក្សានិរន្តភាព ដែលប្រទេសខ្លះមានជំនួយមូលនិធិពីតែភាគីរដ្ឋាភិបាល និងប្រទេសខ្លះទៀតពីខាងភាគីនិយោជក និងខាងសហជីព។
តបតាមសំណើររបស់លោករដ្ឋមន្ត្រី លោកសាស្ត្រាចារ្យបានសម្ដែងនូវក្តីរីករាយ ក្នុងការត្រៀមខ្លួនជួយបណ្តុះបណ្តាលលើមន្ត្រី ពាក់ព័ន្ធទៅនឹងការដោះស្រាយវិវាទការងារ នៅពេលដែលក្រសួងបានបង្កើតវិទ្យាសា្ថនជាតិការងារ នាពេលខាងមុខឆាប់ៗ៕