(សៀមរាប)៖ លោក វេង សាខុន រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំពេញអង្គ លើកទី៨ នៃវេទិកាស្តីពី «ផលិតកម្មស្រូវ ប្រកបដោយនិរន្តរភាព» ដែលរៀបចំធ្វើឡើងនៅសណ្ឋាគារអង្គរផាលេស ខេត្តសៀមរាប។
វេទិកានេះ ត្រូវបានរៀបចំឡើងដោយអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយអង្គការរួមមាន IRRI, WCS, IFC, Global Affairs Canada, UN Environment និង FAO ក្នុងគោលបំណង៖
* ទី១៖ លើកកម្ពស់ផលិតកម្មស្រូវប្រកបដោយគុណភាព ប្រសិទ្ធភាពសេដ្ឋកិច្ច និងនិរន្តរភាពបរិស្ថាន
* ទី២៖ ការបង្កើនប្រសិទ្ធភាព និងភាពប្រកួតប្រជែងក្នុងការកែច្នៃអង្ករ
* ទី៣៖ ការធ្វើពិពិធកម្មទីផ្សារអង្ករ និងជំរុញការនាំចេញ
* និងទី៤៖ បញ្ហាប្រឈម។
លោកស្រី Jacqueline Hughes នាយករងវិទ្យាស្ថាន IRRI និងលោកស្រី Kundhavi Kadiresan តំណាងអង្គការ FAO ប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិច បានធ្វើបទអន្តរាគមន៍ជូនអង្គពិធីជ្រាប ដោយសង្ខេបអំពីស្ថានភាព ទូទៅនៃផលិតកម្មស្រូវ ការកែច្នៃ ការធ្វើពាណិជ្ជកម្ម ការងារស្រាវជ្រាវ ផ្សព្វផ្សាយ តម្លៃបន្ថែម ខ្សែច្រវាក់ផលិតកម្ម ការចូលរួមអភិវឌ្ឍន៍ពីគ្រប់ភាគីពាក់ព័ន្ធ វិស័យឯកជន និងបញ្ហាប្រឈមសំខាន់ៗដូចជាបញ្ហាជំងឺ សត្វល្អិត ការប្រែប្រួលអាកាសធាតុ និងបញ្ហាឱនភាពដី ដែលអាចប៉ះពាល់ដល់ផលិតកម្មស្រូវ និងការផ្លាស់ប្តូរកម្មវត្ថុនៃការប្រើប្រាស់ដីកសិកម្ម ទៅជាដីលំនៅឋានវិញ -ល-។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី វេង សាខុន បានថ្លែងបញ្ជាក់ជូនអង្គពិធីជ្រាបថា បច្ចុប្បន្នវិស័យកសិកម្មកម្ពុជា កំពុងមានសក្តានុពល កាលានុវត្តភាព និងឧត្តមភាពសម្រាប់ទីផ្សារផលិតផលកសិកម្ម និងវត្ថុធាតុដើម នៅក្នុងតំបន់ និងនៅលើសាកលលោក ដោយប្រទេសកម្ពុជា បានក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសនាំចេញអង្ករធំៗទាំង១០ ដែលក្នុងឆ្នាំ២០១៧ កម្ពុជាផលិតស្រូវបានចំនួនជាង ១០.៥លានតោន សល់ស្រូវចំនួន ជាង៥លានតោន សម្រាប់នាំចេញ និងបាននាំចេញអង្ករផ្លូវការ ចំនួនជាង៦៣៥ពាន់តោន។
លោកថា បច្ចុប្បន្ន ដើម្បីឲ្យវិស័យនេះ មានការរីកចម្រើនថែមមួយកម្រិតទៀត រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ និងចក្ខុវិស័យ ក្នុងការធ្វើទំនើបភាវូបនីយកម្មផលិតកម្មកសិកម្ម ឲ្យមានលក្ខណៈ ប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងមាននិរន្តរភាព ដែលនាំដល់កំណើនប្រាក់ចំណូល វិបុលភាព និងសុខុមាលភាពជូនប្រជាជន។
លោករដ្ឋមន្ដ្រី បន្ដទៀតថា ជារួមគោលដៅអភិវឌ្ឍន៍វិស័យកសិកម្ម គឺត្រូវបង្កើនការ នាំចេញកសិផល ប្រកបដោយគុណភាព និងសុវត្ថិភាព តាមរយៈការលើកកម្ពស់ផលិតភាពផលិតកម្ម បង្កើនតម្លៃបន្ថែម និងពង្រីកការប្រកួតប្រជែងទីផ្សារ ព្រមទាំងរក្សាបានតុល្យភាព នៃការប្រើប្រាស់ដីកសិកម្ម ប្រកបដោយនិរន្តរភាព។
ជាមួយគ្នានោះ លោករដ្ឋមន្រ្តី បានផ្តល់យោបល់មួយចំនួន ជូនអង្គពិធី ដើម្បីជាចក្ខុវិស័យអនុវត្ត ផលិតកម្មស្រូវប្រកបដោយនិរន្ដរភាព ដូចខាងក្រោម៖
ទី១៖ ត្រូវគិតគូររៀបចំដីស្រែ ឲ្យបានត្រឹមត្រូវតាមបច្ចេកទេស គ្រប់គ្រងទឹក ជី និងសត្វល្អិតឲ្យបានល្អ។ ត្រូវជ្រើសរើសប្រភេទពូជ ដែលផ្តល់ទិន្នផលខ្ពស់ សមស្របនឹងក្សេត្របរិស្ថាន ធន់នឹងការប្រែប្រួលអាកាសធាតុ ឆ្លើយតបនឹងតម្រូវការទីផ្សារ។ ត្រូវផ្តល់ការលើកទឹកចិត្ត និងពង្រឹងសមត្ថភាពរបស់សហគមន៍កសិកម្ម ដើម្បីផលិតក្នុងទ្រង់ទ្រាយធំ ដោយអនុវត្តយន្តការផលិតកម្មកសិកម្ម តាមកិច្ចសន្យាដោយស្មោះត្រង់រវាងអ្នកផលិត និងអ្នកប្រមូលទិញ ដោយអនុវត្តតាមស្តង់ដារផលិតកម្មស្រូវ ប្រកបដោយនិរន្តរភាព រួមបញ្ចូលទាំងការអនុវត្តកសិកម្មល្អ និងកសិកម្មសរីរាង្គ។
ទី២៖ ត្រូវបង្កើតស្តង់ដារផលិតកម្មស្រូវ ប្រកបដោយនិរន្តរភាព ព្រមទាំងកំណត់សូចនាករ និងយន្តការក្នុងការវាយតម្លៃបញ្ជាក់គុណភាពឲ្យបានត្រឹមត្រូវ ដើម្បីទទួលផលិតផលល្អពិតប្រាកដ ដែលទទួល ស្គាល់ដោយទីផ្សារជាតិ និងអន្តរជាតិ។
ទី៣៖ ត្រូវគ្រប់គ្រងជីជាតិដី ឲ្យបានត្រឹមត្រូវ ដើម្បីធានាបាននូវនិរន្តរភាពផលិតកម្ម ប្រសិទ្ធភាពសេដ្ឋកិច្ច និងតុល្យភាពប្រព័ន្ធបរិស្ថាន តាមរយៈការប្រើប្រាស់ជី ជាលក្ខណៈចម្រុះរវាងជីធម្មជាតិនិងជីគីមី ដោយផ្អែក លើប្រភេទដី និងតាមតម្រូវការជាក់ស្តែងរបស់ដំណាំ។ ព្យាយាមដាំដំណាំឆ្លាស់ ដូចជាដំណាំអំបូរសណ្តែកជាមួយដំណាំស្រូវ ដើម្បីកែលម្អគុណភាពដី បង្កើនជីជាតិដី និងកាត់បន្ថយការបំផ្លាញរបស់សមាសភាពចង្រៃ។
ទន្ទឹមនឹងនេះ ត្រូវអនុវត្តបច្ចេកទេសប្រមូលផល និងក្រោយពេលប្រមូលផល ឲ្យបានល្អប្រសើរ ដើម្បីកាត់បន្ថយការបាត់បង់ផលស្រូវ និងបង្កើនគុណភាពស្រូវ អង្ករ ស្របតាមស្តង់ដារ ដែលអាចទទួលបាន តម្លៃខ្ពស់នៅលើទីផ្សារ។
ទី៤៖ ត្រូវបន្តពង្រឹង និងពង្រីកចំណងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូឲ្យបានល្អរវាងវិទ្យាស្ថាន IRRI និង UN Environment ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ក្នុងប្រទេស ដើម្បីជាប្រយោជន៍ដល់គ្រប់ភាគី ជាពិសេសដល់ប្រជាកសិករតាមអភិក្រម «រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍ និងសហគមន៍»។
លោករដ្ឋមន្រ្តី សង្ឃឹមថា គំនិតទស្សនៈ និងបទពិសោធន៍ថ្មីៗ ពីអ្នកជំនាញ ក៏ដូចជាភាគីពាក់ព័ន្ធនានា ដែលចូលរួមក្នុងអង្គវេទិកានេះ ពិតជាធាតុចូលដ៏មានសារៈសំខាន់ សម្រាប់ការចងក្រងនូវគោលនយោបាយ ផែនការមេអភិវឌ្ឍន៍វិស័យកសិកម្ម និងវិធានការជាដំណោះស្រាយ នាពេលខាងមុខប្រកបដោយប្រសិទ្ធផល៕