(ភ្នំពេញ)៖ ដើម្បីពង្រីកធនធានមនុស្សលើវិស័យសុខាភិបាលឲ្យកាន់តែសម្បូរបែប និងប្រកបដោយគុណភាព មន្ទីរពេទ្យសែនសុខអន្តរជាតិ (IU) បានចុះអនុស្សារណៈយោគយល់គ្នា (MoU) ជាមួយមន្ទីរពេទ្យ រ៉ាឆាដេបពីសិក (Rachadapisek) នៃប្រទេសថៃ ដើម្បីធ្វើការផ្ដល់ប្តូរគិលានុបដ្ឋាកពីគ្នាទៅវិញទៅមក លើការព្យាបាលជំងឺបេះដូង និងសរសៃឈាម។
ថ្លែងក្នុងពិធីចុះហត្ថលេខា នាថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ លោក សាបូ អូហ្សាណូ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអន្តរជាតិសែនសុខ និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា ផ្តើមចេញពី MoU នេះទៅ មន្ទីរពេទ្យទាំងពីរ នឹងធ្វើការផ្លាស់ប្តូរគិលានុបដ្ឋាក ពីគ្នាទៅវិញទៅមក លើការព្យាបាលជំងឺបេះដូង និងសរសៃឈាម។
លោក សាបូ អូហ្សាណូ បានបន្ថែមទៀតថា លើសពីនេះ ភាគីថៃក៏បានបំពាក់សម្ភារបរិក្ខារបន្ថែម ពីលើអ្វីដែលមិនទាន់មាន ពិសេសម៉ាស៊ីនថតសរសៃឈាម ដែលប្រើប្រាស់ប្រព័ន្ធឌីជីថលផងដែរ។
លោកបានគូសបញ្ជាក់ថា តាមរយៈ MoU នេះដែរ និស្សិតពេទ្យដែលកំពុងសិក្សា នៅសាកលវិទ្យាល័យអន្តរជាតិ សែនសុខ ក៏មានឱកាសបានប្រើប្រាស់ម៉ាស៊ីន ដែលជាបច្ចេកវិទ្យាទំនើបៗ នៅក្នុងមន្ទីរពេទ្យសែនសុខ ក្នុងការសិក្សាស្រាវជ្រាវបន្ថែម ដើម្បីឲ្យការសិក្សារបស់ខ្លួន ស្របតាមបរិបទ នៃសម័យឌីជីថល។
លោក សាបូ អូហ្សាណូ បានបញ្ជាក់ថា សម្រាប់អ្នកជ្រើសរើស យកជំនាញផ្នែកជំងឺបេះដូង និងសរសៃឈាម អាចមកធ្វើការអនុវត្តផ្ទាល់ នៅមន្ទីរពេទ្យសែនសុខ បន្ថែមពីមន្ទីរពេទ្យមួយចំនួននៅកម្ពុជា ហើយក៏អាចទៅបន្តការសិក្សា បន្ថែមនៅប្រទេសថៃ។
ជាមួយគ្នានោះ លោក សាបូ អូហ្សាណូ ក៏បានអំពាវនាវ ឲ្យនិស្សិតពេទ្យទាំងអស់ចាប់យកឱកាសនេះឲ្យបាន ដើម្បីទាញយកផលប្រយោជន៍សម្រាប់ខ្លួនឯង និងជាឧត្តមប្រយោជន៍សម្រាប់ប្រទេសជាតិ ដែលកំពុងតែត្រូវការ អ្នកទាំងអស់គ្នាផងដែរ៕