(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, រាជរដ្ឋាភិបាលជប៉ុន និងមូលនិធិសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ) បានប្រកាសផ្សព្វផ្សាយ បង្ការ និងឆ្លើយតបនឹងអំពើហិង្សា លើកុមារក្នុងប្រទេសកម្ពុជា។

គម្រោងថ្មីនេះមានគោលបំណងពន្លឿនចំណាត់ការ ដើម្បីបញ្ចប់រាល់គ្រប់ទម្រង់ នៃអំពើហិង្សាលើកុមារក្នុងប្រទេសកម្ពុជា។ ជាលទ្ធផលកុមារកម្ពុជាងាយរងគ្រោះជាងមួយលាននាក់ នឹងទទួលបានកិច្ចការពារកាន់តែខ្លាំងពីអំពើហិង្សា។

ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងពិធីចុះហត្ថលេខារវាងភាគីរាជរដ្ឋាភិបាលជប៉ុន និងមូលនិធិសហប្រជាជាតិដើម្បីកុមារ ក្នុងការផ្តល់ហិរញ្ញាប្បទានក្រោមកិច្ចគាំទ្រថវិកាជំ​នួយជប៉ុន ចំនួន២លានដុល្លារអាមេរិក ដោយមានលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចជាសាក្សី រៀបចំឡើងនាថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នាទីស្តីការក្រសួងសង្គមកិច្ច។

ក្រោមកិច្ចគាំទ្រថវិកាពីជំនួយអភិវឌ្ឍផ្លូវការរបស់ប្រទេសជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន២លានដុល្លារអាមេរិក គម្រោងនេះ នឹងជួយបង្កើនសមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពនឿនការអនុវត្ត ផែនការសកម្មភាពដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០១៧-២០២១ ពង្រីកអន្តរាគមន៍សំខាន់ៗ សាកល្បងវិធានការច្នៃប្រឌិតថ្មីៗ និង អនុវត្តក្របខ័ណ្ឌ INSPIRE ដែលជាកម្រង យុទ្ធសាស្ត្រ៧ចំណុច ដើម្បីបញ្ចប់អំពើហិង្សាលើកុមារប្រកបដោយប្រសិទ្ធភាព។

ថ្លែងនៅក្នុងពិធីនោះ លោក វង សូត បានលើកឡើងនៅក្នុងពិធីចុះហត្ថលេខានេះថា ដើម្បីរួមចំណែកដល់ការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងនៅថ្នាក់ជាតិដើម្បីពង្រឹងប្រព័ន្ធកិច្ចការពារកុមារ។

លោករដ្ឋមន្រ្តី បានប​ន្ថែមថា ការបង្កើតឱ្យមាននូវប្រព័ន្ធកិច្ចការពារកុមារមួយ ដែលមានការសម្របសម្រួលទូទាំងប្រទេស ព្រមជាមួយបុគ្គលិកមានជំនាញ និងសមត្ថភាព នឹងជួយដល់កុមារដែលបាន ទទួលរងអំពើហិង្សា ការកេងប្រវ័ញ្ច និងការរំលោភបំពាន ឱ្យទទួលបានការថែទាំ និងកិច្ចគាំទ្រ ដែលពួកគេត្រូវការ ព្រមទាំងនឹងជួយបង្ការអំពើហិង្សានៅពេលអនាគតផងដែរ។

លោក ហ៊ីដេហ៊ីសា បូវីនូជី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា បានទទួលស្គាល់ថា កិច្ចការពារកុមារគឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាព នានារបស់រដ្ឋាភិបាលជប៉ុន។

លោក ហ៊ីដេហ៊ីសា ហូរីណូជី បានលើកឡើងថា ភាពចាំបាច់នៃកិច្ចការពារកុមារ ត្រូវបានបញ្ចូលទៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ រដ្ឋាភិបាលជប៉ុន គាំទ្រដល់សកម្មភាពផ្សេងៗគ្នា នៃគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាព ក្រោមកិច្ចដឹកនាំរបស់នាយករដ្ឋមន្ត្រី អាបេ (Abe)។

លោកបានបន្តថា នៅកម្ពុជាដោយមានកិច្ចគាំទ្រពីយូនីសេហ្វ រាជរដ្ឋាភិបាល កម្ពុជាបានប្រកាសផ្សព្វផ្សាយផែនការសកម្មភាពដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០១៧-២០២១។ ដោយផ្តោតលើគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាព និងកិច្ចខិតខំប្រឹងប្រែង នៅក្នុងវិស័យនេះរបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលជប៉ុនបានផ្តល់ហិរញ្ញប្បទាន ឥតសំណងជាទឹកប្រាក់ចំនួន២២៣លានយ៉េនជប៉ុន ស្មើនឹង២លានដុល្លារអាមេរិក ជូនដល់អង្គការយូនីសេហ្វ ដើម្បីគាំទ្រដល់ក្រសួងពាក់ព័ន្ធក្នុងការអនុវត្តសកម្មភាពកិច្ចការពារកុមារ
នៅក្នុងផែនការសកម្មភាពនេះ។

លោកជឿថា ហិរញ្ញប្បទានឥតសំណងនេះ មានសារប្រយោជន៍សម្រាប់ការអភិវឌ្ឍមួយដ៏ល្អ ដល់ស្មារតីកុមារជាច្រើន ដែលពួកគេនឹងរួមចំណែកអភិវឌ្ឍអនាគតរបស់ប្រទេសកម្ពុជា។

លោកស្រី ណាតា ជាឱសុន ប្រធានស្តីទីយូនីសេហ្វប្រចាំប្រទេសកម្ពុជា បានលើកឡើងថា គម្រោងនេះនឹងបន្តពង្រឹងសមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យមានប្រព័ន្ធកិច្ចការពារកុមារ មួយដែលដំណើរការ និងមានសម្របសម្រួលល្អ ដើម្បីអាចបង្ការ និងឆ្លើយតបទៅនឹងអំពើហិង្សាលើកុមារឱ្យកាន់តែមានប្រសិទ្ធភាព។

ជាលទ្ធផល កុមារងាយរងគ្រោះជាង១លាននាក់ នឹងទទួលបានកិច្ចការពារកាន់តែប្រសើរពីអំពើហិង្សា តាមរយៈក្របខ័ណ្ឌស្ថាប័ន និងក្របខ័ណ្ឌច្បាប់ដែលល្អជាងមុនសេវាកិច្ចការពារកុមារប្រកប ដោយគុណភាព និងបរិយាកាសសហគមន៍ដែលផ្តល់កិច្ចគាំទ្រ។ លោកស្រី ណាតា ជាឱសុន បានបន្តថា ក្រសួងជាច្រើនរួមមាន៖ ក្រសួងសុខាភិបាល ក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ព្រមទាំងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងដើរតួនាទីដ៏សំខាន់ក្នុងការសម្រេចឱ្យបាននូវលទ្ធផលគន្លឹះទាំងនេះ។

ការអនុវត្តគម្រោងនេះប្រកបដោយជោគជ័យ នឹងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសឈានមុខគេក្នុងតំបន់ សម្រាប់ការប្រយុទ្ធប្រឆាំងដើម្បីបញ្ចប់អំពើហិង្សាលើ កុមារ។

គួរបញ្ជាក់ថា ប្រទេសកម្ពុជាគឺជាប្រទេសដំបូងគេបង្អស់នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលបានអង្កេតថ្នាក់ជាតិស្តីពីអំពើហិង្សាលើកុមារ ក្រោមភាពជាដៃគូជាមួយមជ្ឈមណ្ឌលសម្រាប់ការត្រួតពិនិត្យ និងបង្ការជំងឺ (CDC) របស់សហរដ្ឋអាមេរិក និងយូនីសេហ្វ។ ការអង្កេតត្រូវបានធ្វើឡើងក្នុងឆ្នាំ២០១៣ ជាលើកដំបូង ដោយបានរកឃើញនូវទិន្នន័យគួរឱ្យជឿជាក់បាន និងការប៉ាន់ប្រមាណថ្នាក់ជាតិ ដែលបង្ហាញឱ្យដឹងអំពីកម្រិតវិសាលភាព និងចរិកលក្ខណៈនៃអំពើហិង្សាលើកុមារទូទាំងប្រទេស។

ឆ្លើយតបទៅនឹងគំហើញដែលទទួលបានពីការអង្កេតស្តីពីអំពើហិង្សាលើកុមារក្នុងប្រទេសកម្ពុជា (CVACS) ឆ្នាំ២០១៣ រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចាត់វិធានការលើបញ្ហានេះ ព្រមទាំងបានអភិវឌ្ឍនូវ ផែនការសកម្មភាពដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០១៧-២០២១ (ហៅកាត់ថាផែនការសកម្មភាព)៕