(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ បានដឹកនាំបើកកិច្ចប្រជុំជាបន្ទាន់មួយ ដើម្បីផ្សព្វផ្សាយផែនការ ស្តីពីកិច្ចសហការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងខេត្តទេសចរណ៍មួយ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
ក្នុងកិច្ចប្រជុំនោះក៏មានការចូលរួមពី លោក លោកស្រីស្នងការរង នាយការិយាល័យជំនាញទាំងអស់ លោកអធិការនគរបាលក្រុង ស្រុក និងនាយនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង២៩ឃុំសង្កាត់ទូទាំងខេត្តព្រះសីហនុ។
បច្ចុប្បន្ននេះខេត្តព្រះសីហនុ កំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័សទាំងវិស័យទេសចរណ៍ រោងចក្រ សហគ្រាស ក៏ដូចជា វិស័យហេដ្ឋារចនាសម័្ពនរឹង ជាពិសេសសំណង់សណ្ឋាគារទំនើបៗ ព្រមទាំងមានការហូរចូលនូវជនបរទេសយ៉ាងច្រើន ក្នុងគោលដៅទេសចរណ៍ អាជីវកម្ម ពាណិជ្ជវិនិយោគ។ល។ ទន្ទឹមនឹងការរីកចម្រើនខេត្តព្រះសីហនុ ក៏បានកើតឡើងនូវបញ្ហាប្រឈមនានាផងដែរ។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ដាក់ចេញនូវអនុសាសន៍មួយចំនួន ដើម្បីឲ្យអស់កម្លាំងនគរបាលយកចិត្តទុកដាក់អនុវត្តបន្តរួមមាន៖
*ទី១៖ គ្រប់ប៉ុស្តិ៍រដ្ឋបាល អធិការនគរបាលក្រុង ស្រុក ត្រូវធ្វើផែនការ សកម្មភាពការងាររបស់ខ្លួន សម្រាប់ឆ្នាំថ្មី២០១៩
*ទី២៖ ពង្រឹងវិន័យការងារប្រចាំថ្ងៃឡើងវិញ ដូចជាការគោរពទង់ជាតិ ការប្រចាំការ ប្រចាំបញ្ជាឲ្យបានទៀងទាត់
*ទី៣៖ ត្រូវអនុវត្តការងារគ្រប់មុខជំនាញទាំងអស់ បម្រើប្រជាពលរដ្ឋឲ្យបានល្អដោយស្មោះត្រង់។
លោកឧត្តមសេនីយ៍ស្នងការ ក៏បានលើកឡើងនូវបញ្ហាប្រឈមនានា ដែលកំពុងកើត និងបន្តកើតឡើងទៅថ្ងៃអនាគតក្នុងខេត្តព្រះសីហនុ ត្រូវខិតខំប្រឹងប្រែងយកចិត្ត
*ទី១៖ បទល្មើសព្រហ្មទណ្ឌ អំពើលួច ឆក់ ប្លន់ និងហិង្សា
*ទី២៖ បញ្ហាគ្រឿងញៀន
*ទី៣៖ បញ្ហាហាងម៉ាស្សាខារ៉ាអូខេ បង្កប់សេវាកម្មជួញដូរផ្លូវភេទ
*ទី៤៖ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈក្នុងក្រុង
*ទី៥៖ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ត្រូវលប់បំបាត់ឲ្យអស់ពីក្នុងមូលដ្ឋាន៕