(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ នគរបាលខណ្ឌទួលគោក បានបញ្ជូនខ្លួននារីម្នាក់ ពាក់ព័ន្ធករណីបង្កអំពើហិង្សា ទៅលើជនរងគ្រោះដែលបម្រើការជាមួយគ្នា ដោយយកកូនកន្ត្រៃយ៍កាត់អំបោះមកឆូតមុខរបស់ជនរងគ្រោះ បណ្តាលឲ្យមានរបួសមកកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

បើតាមសមត្ថកិច្ចឲ្យដឹងថា នារីជាជនសង្ស័យមានឈ្មោះ ឌ.ល​ អាយុ២៥ឆ្នាំ មុខរបរ​បម្រើ​ការនៅក្នុងខារ៉ាអូខេ (KTV) ស្នាក់នៅខណ្ឌពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ។ នាងត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃ២០ ខែមករា ឆ្នាំ២០១៩ នៅក្នុងហាងខេរ៉ាអូខេ​ «ឌីយ៉ាម៉ង់»​ ផ្ទះលេខ ​ផ្លូវ២៧១ក្រុម​ ភូមិ១១ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយដកហូតកូនកន្ត្រៃយ៍០១។

ចំណែកជនរងគ្រោះមានឈ្មោះ ក.ស.ទ មុខរបរបម្រើការងារនៅខារ៉ាអូខេ (KTV) ស្នាក់នៅខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបញ្ជាក់ថា ជនរង​គ្រោះ ​និងជនបង្កជាអ្នកធ្វើការជាមួយគ្នា។ មុនពេលកើតហេតុ ជនរងគ្រោះ និងជនបង្កនៅក្នុង​បន្ទប់ផ្លាស់សំលៀកបំពាក់​ជាមួយគ្នា ហើយជនបង្កបាន​ឈ្លោះ​ប្រកែក​ជាមួយជនរងគ្រោះរឿងដណ្តើមភ្ញៀវ ហើយបានវាយគ្នាដោយចាប់បោចសក់ ដោយជនបង្កមានកូនកន្ត្រៃ​យ៍ នៅនឹងដៃក៏បានចាក់មកលើជនរងគ្រោះបណ្តាលឱ្យរបួសមុខ ថ្ពាល់ និងដៃ (របួសស្រាល)។

ក្រោយកើតហេតុ សមត្ថកិមូលដ្ឋានកិច្ច បានចុះទៅឃាត់ខ្លួនស្រ្តីជាជនបង្ក ដើម្បីធ្វើសួរនាំ និងកសាងសំណុំរឿងបញ្ជូនមកតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
.