(បាត់ដំបង)៖ ដោយសារតែមានសារធាតុញៀននៅក្នុងខ្លួនច្រើន បូករួមនឹងគំនុំផងនោះ បានធ្វើឲ្យជនសង្ស័យម្នាក់ បានយកពូថៅកាប់ទៅលើជនរងគ្រោះ ជាច្រើនពូថៅ បណ្តាលឲ្យរបួសធ្ងន់ ភ្លាមៗនោះត្រូវបានសមត្ថកិច្ច និងក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។ ហេតុការណ៍នេះ បានកើតឡើងនៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅចំណុចក្រុម១៩ ភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នការរងនគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីវេលាម៉ោង១៨៖១០នាទីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅចំណុចក្រុម១៩ ភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស បង្កដោយជនសង្ស័យឈ្មោះ វង់ ដែន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅក្រុម១៩ ភូមិ ឃុំខាងលើ បានប្រើប្រាស់ពូថៅកាប់ ទៅលើជនរងគ្រោះឈ្មោះ ណក សល់ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា បណ្ដាលឲ្យរបួសធ្ងន់ម្នាក់ ត្រូវបានសមត្ថកិច្ច និងក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។
លោក ជេត វណ្ណនី បានបញ្ជាក់ថា ក្រោយកើតហេតុជនសង្ស័យ បានជិះម៉ូតូរត់គេចខ្លួនបាត់ តែសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌខេត្ត បានសហការជាមួយកម្លាំងនគរបាលស្រុក ចុះស្រាវជ្រាវឈានដល់ចាប់ខ្លួនជនសង្ស័យនៅទៀបភ្លឺថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅផ្ទះជនសង្ស័យតែម្តង ហើយបានបញ្ជូនមកការិយាល័យជំនាញស្នងការនគរបាលខេត្ត ដើម្បីសាកសួរចម្លើយ រួចក៏បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់៕