Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរបើកយុទ្ធនាការចុះពិនិត្យតាមក្លឹបកំសាន្ដពេលរាត្រី ដើម្បីមើលប្រព័ន្ធសុវត្ថិភាព បរិស្ថាន និងគ្រឿងញៀន នៅខណ្ឌពោធិ៍សែនជ័យ

22-01-2019 07:59

(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចចម្រុះខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ហែម ដារិទ្ធ អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ នៅរាត្រីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ បានចុះរដ្ឋបាលតាមបណ្តាទីតាំង ក្លឹបឌីស្កូកំសាន្តមួយចំនួន ក្នុងភូមិសាស្រ្តខណ្ឌ ក្នុងគោលដៅពិនិត្យមើលពីប្រព័ន្ធ សុវត្តិភាព ដូចជាទ្វារហានីភ័យ បំពង់ពន្លត់អគ្គីភ័យ បញ្ហាអនាម័យ បរិស្ថាន និងបញ្ហាគ្រឿងញៀនជាដើម។

ក្នុងស្ថានភាពចាក់ស្តែង នៃទីតាំងក្លឹបកំសាន្តនីមួយៗ លោកអភិបាលខណ្ឌ បានហៅអ្នកចាត់ការទូទៅប្រចាំក្លិប ឬថៅកែក្លិប អប់រំណែនាំឲ្យមានការប្រុងប្រយ័ត្នចំពោះភ្ញៀវ ពិសេសពួកយុវវ័យ ដែលគួរឲ្យសង្ស័យត្រូវឆែកឆេរខ្លួនប្រាណ មុននឹងអនុញ្ញាតឲ្យចូល រាំលេងកំសាន្ត ព្រោះក្នុងស្ថានភាពងងឹតៗ ងាយនឹងមានការប្រើប្រាស់គ្រឿងញៀនណាស់ បើមិនមានភាពតឹងរឹងនោះទេ។

ដោយឡែកពាក់ព័ន្ធជាមួយភ្ញៀវ កំសាន្តរាត្រី លោក ហែម ដារិទ្ធិ បានលើកឡើងថា នេះជាការចុះរដ្ឋបាលដោយបើកចំហរ ហើយក៏មិនមែនជាលើកទីមួយដែរ គឺកម្លាំងចម្រុះខណ្ឌតែបានចុះជាញឹកញាប់ តាមទីតាំងកំសាន្តនានាក្នុងមូលដ្ឋាន សូមកុំព្រួយបារម្មណ៍អី គឺសុំតែម្យាងគត់សុំកុំប្រើគ្រឿងញៀន បើកម្លាំងសមត្ថកិច្ចឆែកឃើញ ត្រូវតែមានទោសតាមច្បាប់ជាធរមាន ហើយក្លឹបក៏ប្រឈមនឹងការបិទអាជីវកម្មផងដែរ។

លោក ហែម ដារិទ្ធ បញ្ជាក់ថា ក្នុងនាមអាជ្ញាធររីករាយណាស់ដោយឃើញប្អូនៗ មានលុយ និងមានឱកាសសប្បាយ តែសុំកុំដាក់ឲ្យជ្រុលបើស្រវឹងកុំបើកបរ ហើយបើបើកបរមិនកើត ហៅបងប្អូនមកទទួល ឬទាក់ទងមកសមត្ថកិច្ច នឹងជូនទៅដល់ផ្ទះ តែយកល្អប្អូនៗកុំទទួលទានគ្រឿងស្រវឹងច្រើនពេក ក្រែងចេញទៅជួបកម្លាំងល្បាត ឬកម្លាំងត្រួតពិនិត្យជាតិអាល់កុល បើគេឆែកឃើញហួសកម្រិត គេនឹងឃាត់ទុកមួយរយៈសិន រហូតដល់ស្វាងទើបអនុញ្ញាតិឲ្យទៅផ្ទះ៕