(ត្បូងឃ្មុំ)៖ លោក ហេង រតនា អគ្គនាយកមជ្ឃមណ្ឌលកម្ចាត់មីនកម្ពុជា ហៅកាត់ថា ស៉ីម៉ាក់ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩នេះ បានប្រាប់ថា អង្គភាពខ្លួនបានប្រទះឃើញគ្រាប់បែកចង្កោមចំនួន១៣២គ្រាប់ ដែលទម្លាក់ដោយអាមេរិក នៅខេត្តត្បូងឃ្មុំ។
លោក ហេង រតនា បានបញ្ជាក់យ៉ាងដូច្នេះថា «ទាំងនេះជាបំពង់គ្រាប់បែកចង្កោមដែលមានប្រវែងប្រមាណ២ម៉ែត្រ ដែលមួយសាងមានចំនួន១៣២កូនគ្រាប់បែកចង្កោម។ ត្រូវបានរកឃើញនៅថ្ងៃទី២១ ខែមករា ២០១៩ នៅទិសខេត្តត្បូងឃ្មុំ»។
លោកបន្តថា «សូមបងប្អូនប្រុងប្រយ័ត្ន និងហាមជីកគាស់កកាយវា។ តាមព័ត៌មានគឺមានការហោះហើរ ទម្លាក់គ្រាប់បែកចង្កោមប្រភេទនេះ មានចំនួនជាង៦,២២០ជើងហោះហើរ និងមានទម្ងន់ជាង ២៣,៤០០តោន»។
សូមជម្រាបថា បើតាមអគ្គនាយកស៉ីម៉ាក់ បានឲ្យដឹងដែរថា អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជា មានកាកសំណល់ជាតិផ្ទុះ សង្គ្រាមមានចំនួនច្រើន ឥតគណនាបានបន្តសម្លាប់កូនចៅខែ្មរទាំងក្នុង និងក្រោយសង្គ្រាមបានបញ្ចប់។ ក្នុងនោះសហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកនៅកម្ពុជា តាមទិន្នន័យមិនទាន់ពេញលេញ គឺមានចំនួន១១៥,២៧៥ទីតាំង មានការហោះហើរទម្លាក់ ចំនួន២៣០,៥៤៤លើក មានចំនួនគ្រាប់ទម្លាក់ចំនួនជាង២លាន៥៩ម៉ឺនគ្រាប់ មានទម្ងន់ជាង២លាន៨សែនតោន (២,៨០៣,៨៦៨,១៥២គីឡូក្រាម) ក្នុងនោះមានគ្រាប់បែកចង្កោម គិតជាកូនគ្រាប់បែកចង្កោម ចំនួនជាង២៧លាន៩សែនគ្រាប់៕