(ភ្នំពេញ)៖ សិស្សានុសិស្សថ្នាក់មធ្យមសិក្សា នៃសាលារៀនអន្តរទ្វីបអាមេរិកាំង ជិត១០០០នាក់ ទាំង៣សាខា ក្នុងរាជធានីភ្នំពេញ បានទទួលការបណ្តុះបណ្តាល និងផ្សព្វផ្សាយច្បាប់ស្តីពី «ច្បាប់ចរាចរណ៍ផ្លូវគោក» ដែលដឹកនាំដោយលោកវរសេនីយ៍ទោ ប៉ែន ឃុន នាយរងការិយាល័យចរាចរណ៍ជើងគោក។
រយៈពេល៣ថ្ងៃ គិតត្រឹមថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩នេះ លោកវរសេនីយ៍ទោ ប៉ែន ឃុន បានចុះទៅផ្សព្វផ្សាយផ្ទាល់ស្តីពីច្បាប់ចរាចរណ៍ជូនដល់សិស្សសាលារៀនមួយនេះ បន្ទាប់ពីខាងថ្នាក់ដឹក នាំសាលា បានផ្ញើលិខិតជូនមកស្នងការនគរបាលរាជធានីភ្នំពេញ ចាត់ឲ្យខាងការិយាល័យចរាចរណ៍ ជួយចុះទៅពន្យល់ និងធ្វើបទបង្ហាញច្បាប់ចរាចរណ៍នានាជូនកូនសិស្សរបស់ខ្លួន ដើម្បីចូលរួមកាត់ បន្ថយអត្រាគ្រោះថ្នាក់ក្នុងសង្គម។
ក្នុងរយៈពេល៣ថ្ងៃនេះ លោក ប៉ែន ឃុន តំណាងលោកឧត្តមសេនីយ៍ត្រី ចេវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញ បានថ្លែងថា ការចុះមកផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍នេះ ដើម្បីបង្កើនការយល់ដឹងបន្ថែម អំពីសុវត្ថិភាពចរាចរណ៍ ក្នុងគោលបំណងដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតឡើងជាយថាហេតុ ពេលធ្វើដំណើរតាមដងផ្លូវ។
លោកបានបន្តថា ក្រោយពីមានការណែនាំពីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ការិយាល័យចរាចរណ៍ តែងតែចុះមកផ្សព្វផ្សាយ ពីច្បាប់ចរាចរណ៍ជូនដល់និស្សិត សិស្សានុសិស្ស អ្នកបើកបរក្រុមហ៊ុនឯកជន និងនៅតាមស្ថាប័ន មន្ទីររបស់រដ្ឋជាច្រើន ជាបន្តបន្ទាប់ ដើម្បីចូលរួមផ្តល់ចំណេះដឹងដល់ពលរដ្ឋ លើការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
នៅចំពោះសិស្សានុសិស្សទាំងនេះ នាយរងការិយាល័យ ដែលមានបទពិសោធរាប់ឆ្នាំ លើការដោះស្រាយគ្រោះថ្នាក់ចរាចរណ៍បានជំរុញ និងបង្ហាញពីកត្តាមួយចំនួន ដើម្បីចូលរួមកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ពេលជិះម៉ូតូត្រូវពាក់មួកជានិច្ច, មិនត្រូវបើកបរមានជាតិស្រវឹង, មិនត្រូវបើកលឿនហួសល្បឿនកំណត់, មិនត្រូវបើកបរប្រជែងខុសច្បាប់ និងបើកបរត្រូវគោរពសិទ្ធិអ្នកដទៃ៕