(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា នាពេលឆាប់ៗខាងមុខ ខេត្តពោធិ៍សាត់ នឹងបង្កើតស្រុកថ្មីមួយទៀតបន្ថែមពីលើ៥ស្រុក និងក្រុងមួយ គឺស្រុកតាលោសែនជ័យ ដើម្បីរំកិលសេវារដ្ឋបាលឲ្យកៀកនឹងខ្នងផ្ទះរបស់ប្រជាពលរដ្ឋ។

បើតាមលោក ម៉ៅ​ ធនិន ស្រុកថ្មីនេះក៏ដូចជាបណ្តាស្រុកក្រុងដ៏ទៃទៀត ត្រូវការខ្លាំងណាស់នូវធនធានមនុស្ស ដែលមានសមត្ថភាព មានការបណ្តុះគំនិត បណ្តុះនូវវប្បធម៌កតញ្ញូ និងចរិតជាតិនិយម ស័ក្តិសមជាអ្នកបន្តវេនដ៏ល្អ។

លោកបានថ្លែងបែបនេះ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ក្នុងពិធីប្រកាសឲ្យចូលកាន់មុខតំណែង​ មន្ត្រីរាជការ​រដ្ឋបាលស្រុក​ និងប្រធានអនុប្រធានការិយាល័យជំនាញ​ ចំណុះរដ្ឋបាលស្រុកក្រគរ​ ដោយបានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត តំណាងសាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ប្រភេទ ក្រុមប្រឹក្សាស្រុក ឃុំ មេប៉ុស្តិ៍គ្រប់ប៉ុស្តិ៍ និងមន្ត្រីរាជការជុំវិញស្រុកជាង៣០០នាក់។

មន្ត្រីរាជការដែលត្រូវតែងតាំង និងប្រគល់ភារកិច្ចថ្មីនាពេលនោះរួមមាន៖

*ទី១៖ លោកស្រី មិត្ត សុភាព ឋានន្តរស័ក្តិគ្រូបង្រៀនកម្រិតមូលដ្ឋានដើមខ្សែពិសេស ថ្នាក់លេខ៦ ឲ្យកាន់មុខតំណែងជាអភិបាលរងស្រុកក្រគរ
*ទី២៖ លោក ញឹម ណារ៉េត ក្របខ័ណ្ឌលេខាធិការរដ្ឋបាលថ្នាក់លេខ៧ ជាប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុសាលាស្រុកក្រគរ
*ទី៣៖ លោកស្រី ស៊ិន សាវ៉ើន ឋានន្តរស័ក្តិក្រមការ ថ្នាក់លេខ៣ នៃក្របខ័ណ្ឌមន្ត្រីក្រមការជាប្រធានអង្គភាពលទ្ធកម្ម
*ទី៤៖ លោក រស់ សៃហ៊ុត ឋានន្តរស័ក្តិគ្រូបង្រៀនកម្រិតមូលដ្ឋាន ថ្នាក់លេខ៣ នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតមូលដ្ឋាន ជាប្រធានការិយាល័យអប់រំស្រុកក្រគរ
*ទី៥- លោក សួន នៅ ឋានន្តរស័ក្តិគ្រូបង្រៀនកម្រិតមូលដ្ឋាន ថ្នាក់លេខ៣ នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតមូលដ្ឋាន ជាអនុប្រធានការិយាល័យអប់រំស្រុកក្រគរ
*ទី៦- លោក ស៊ីន រតនា ឋានន្តរស័ក្តិក្រមការ ថ្នាក់លេខ៣ នៃក្របខ័ណ្ឌមន្ត្រីក្រមការ ជាប្រធានការិយាល័យបរិស្ថានស្រុកក្រគរ។

បន្ទាប់ពីលោក ពេជ្រ សុវណ្ណ នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តពោធិ៍សាត់ បានអានប្រកាសតែងតាំងមន្ត្រីរាជការ និងប្រគល់ភារកិច្ចរួចមក លោកស្រី មិត្ត សុភាព ដែលទើបទទួលតំណែងជាអភិបាលរងថ្មីស្រុកក្រគរ បានប្តេជ្ញាចិត្តខិតខំអនុវត្ត និងបំពេញការងារឲ្យអស់ពីសមត្ថភាព តាមបទបញ្ជារបស់ថ្នាក់លើប្រគល់ឲ្យទាំងការគោរពច្បាប់ លិខិតបទដ្ឋាននានា ការងារគ្រប់គ្រងរដ្ឋបាលស្រុក ការងារអភិវឌ្ឍន៍ ជម្រុញកាងារអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព បង្កាបង្រ្កាបបទល្មើសផ្សេងៗ ឲ្យមានប្រសិទ្ធិភាព ដើម្បីជាសេនាធិការដ៏រឹងមាំ ឲ្យគណៈបញ្ជាការឯកភាពខេត្ត និងផ្តល់សេចក្តីសុខជូនប្រជាពលរដ្ឋ។

លោក ម៉ៅ ធនិន ក៏បានផ្តាំផ្ញើដល់មន្ត្រីមូលដ្ឋានទាំងអស់ ដែលមានតួនាទីរដ្ឋ ត្រូវយកទៅប្រើប្រាស់ឱ្យចំគោលដៅ ដើម្បីជាប្រយោជន៍ និងផ្តល់ភាពកក់ក្តៅ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ជាងនេះទៅទៀត គប្បីបន្តការយកចិត្តទុកដាក់ក្នុងការបំពេញការងារ ទាំងផ្លូវរដ្ឋ និងទាំងផ្លូវគ្រួសារ ដោយប្រកាន់ភ្ជាប់ព្រហ្មវិហារធម៌ទាំង៤ មានវប្បធម៌សាមគ្គី ចែករំលែកដល់ថ្នាក់ក្រោម កុំយកទួនាទី ទៅធ្វើអាជីវកម្ម បក្ខពួក គ្រួសារនិយម ដែលនាំឲ្យប៉ះពាល់ដល់អារម្មណ៍មន្ត្រីរាជការក្រោមឱវាទ និងប្រជាពលរដ្ឋ ដែលពួកគាត់តែងតែគោរពស្រឡាញ់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាំមកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខេត្ត បានបន្តដោះស្រាយបញ្ហាប្រឈម ទៅតាមសំណូម ជូនបងប្អូនប្រជាពលរដ្ឋ បានជាច្រើនករណីផងដែរ៕