(ប៉េកាំង, ចិន)៖ ក្នុងថ្ងៃទី២នៃដំណើរទស្សនកិច្ចនៅក្នុងប្រទេសចិន នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង។
លោកប្រធានាធិបតីចិន បានទទួលស្វាគមន៍ប្រកបដោយភាពរាក់ទាក់ និងកក់ក្តៅជាទីបំផុតចំពោះដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ។ កិច្ចការជាច្រើនពាក់ព័ន្ធការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវបានលើកមកជជែកយ៉ាងស៊ីជម្រៅ។
បន្ទាប់ពីកិច្ចពិភាក្សារួចហើយនៅល្ងាចថ្ងៃដដែលនេះ លោក ស៊ី ជីនពីង នឹងរៀបចំពិធីលាងសាយភោជនជូនសម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូផងដែរ។
ព័ត៌មានលំអិត ក៏ដូចជាលទ្ធផលនៃជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតីចិនអង្គភាពព័ត៌មាន Fresh News នឹងផ្សាយជូននាពេលបន្តិចទៀតនេះ។
សូមបញ្ជាក់ថា កម្ពុជា និងចិន បានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨។ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១០ កិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ចិន ត្រូវបានដំឡើងទៅជាកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ កម្ពុជា និងចិន បានឯកភាពគ្នារៀបចំសកម្មភាពអបអរសាទរខួប ៦០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតយ៉ាងអធិកអធមបំផុតកាលពីឆ្នាំ២០១៨។
នៅក្នុងសករាជថ្មីនៃទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-ចិន បានផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក ក្នុងនោះព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានយាងបំពេញព្រះរាជាទស្សនកិច្ចទៅកាន់សាធារណរដ្ឋប្រជាមានិតចិនចំនួន ១១លើកចាប់តាំងពីខែសីហា ឆ្នាំ២០០៥ រហូតដល់ខែកញ្ញា និងខែតុលាឆ្នាំ២០១៨។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងអញ្ជើញបំពេញទស្សនកិច្ចការងារផ្សេងៗចំនួន ១២លើក ចាប់តាំងពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០១៧ ក្នុងនោះបំពេញទស្សនកិច្ចផ្លូវការចំនួន ៦លើក និងបំពេញទស្សនកិច្ចការងារចំនួន ៦លើក។
ដោយឡែកថ្នាក់ដឹកនាំចិន អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងផ្លូវការនៅកម្ពុជាជាច្រើនលើកផងដែរ។ ក្នុងនោះលោក ស៊ី ជីនពីង ប្រធានាធិបតីចិន អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ និងនាយករដ្ឋមន្រ្តីចិន លី ខឺឈាង អញ្ជើញបំពេញទស្សនកិច្ចផ្លូវការក្នុងប្រទេសកម្ពុជា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨។
ក្នុងដំណើរទស្សនកិច្ចផ្លូវការនោះ ប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរកម្ពុជា-ចិន បានចេញសេចក្តីប្រកាសរួម និងបានចុះហត្ថលេខាលើឯកសារចំនួន១៩ លើវិស័យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ថាមពល និងសុខាភិបាល។
លើទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរកម្ពុជា និងចិនវិញ មេដឹកនាំនៃប្រទេសទាំងពីរ មានបំណងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបាន ១០ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០២៣ ខណៈបច្ចុប្បន្នទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរមានជាង ៥ពាន់ ៥៧៧លានដុល្លាអាមេរិក។ ក្នុងនោះនៅឆ្នាំ២០២០ខាងមុខ ភាគីទាំងពីរ មានបំណងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឲ្យដល់ ៦ប៊ីលានដុល្លាអាមេរិក។
លើវិស័យវិនិយោគទុន ក្នុងឆ្នាំ២០១៨កន្លងទៅ វិនិយោគទុនចិន នៅកម្ពុជាមានទឹកប្រាក់ ២ពាន់ ៨២២លានដុល្លា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមវិនិយោគទុនបរទេស។ ក្នុងនោះរួមមានវិស័យឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរ វារីអគ្គិសនី រោងចក្រកិនស្រូវ កសិឧស្សាហកម្មកភស៊ូ និងជី វិស័យសំណង់ និងរោងចក្រធ្យូថ្ម។
លើវិស័យទេសចរវិញមានអ្នកទេសចរចិនមកលេងកម្សាន្តក្នុងប្រទេសកម្ពុជាជាង ១.៩លាននាក់។ ទេសចរចិនមកទស្សនាកម្ពុជា អាចនឹងកើនដល់ប្រមាណ ៣លាននាក់ ក្នុងឆ្នាំ២០២០។ បច្ចុប្បន្នមានអាកាសចរណ៍ចំនួន១៥ ក្នុងនោះក្រុមហ៊ុនកម្ពុជាចំនួន៣ កំពុងដំណើរការហោះហើរត្រង់ពីចិនមកកម្ពុជាចំនួន ១៥៥ជើង ក្នុងមួយសប្តាហ៍។
លើកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌខ្សែក្រវ៉ាត់ និងផ្លូវ កម្ពុជា-ចិន បានចុះហត្ថលេខាលើចំណុចគោលនៃផែនការកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីរួមគ្នាបង្កើតកិច្ចសហប្រតិបត្តិការផ្លូវសូត្រ និងកិច្ចសហប្រតិបត្តិការផ្លូវសូត្រសមុទ្រសតវត្សទី២១ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិកាលពីថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០១៧ នៅទីក្រុងប៉េកាំង ប្រទេសចិន។
លើការកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រទេសចិនបានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ និងជំនួយឥតសំណងរបស់មិត្តចិន សាងសង់ផ្លូវរួចរាល់ចំនួន ២៤ខ្សែ មាប្រវែងសរុប ២,៤៨៣គីឡូម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ១,៤៣៧លានដុល្លារអាមេរិក។
គម្រោងកំពុងសាងសង់មានចំនួន ៧ខ្សែ មានប្រវែងប្រមាណ ៦០៦.៣៥គីឡូម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ៦៩១.៧៤លានដុល្លារអាមេរិក។ គម្រោងត្រៀមសាងសង់មាន ០១គម្រោង គឺគម្រោងផ្លូវជាតិលេខ១៥៥១ (សំឡូត-វាលវែង-កោះកុង) មានប្រវែង ១៩៧.៣៦គីឡូម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ១៨៨លានដុល្លារអាមេរិក។
ស្ពានធំៗដែលបានសាងសង់រួចមានចំនួន ០៧ស្ពាន មានប្រវែងសរុប ៦,៨២៤ម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ២១៦លានដុល្លារអាមេរិក និងស្ពានកំពុងសាងសងចំនួន០១ គឺស្ពានឆ្លងកាត់ទន្លេមេគង្គ ស្ទឹងត្រង់-ក្រូចឆ្នា មានប្រវែង ១,១៣១ម៉ែត្រ ប្រើថវិកា ៥៧លានដុល្លារ។
សរុបគម្រោងដែលប្រើប្រាស់ហិរញ្ញប្បទានសហ ប្រតិបត្តិការ និងជំនួយឥតសំណងរបស់មិត្តចិន ដែលបានសាងសង់រួច កំពុងសាងសង់ និងត្រៀមសាងសង់ មានប្រវែងប្រមាណ ៣.២៩៥គីឡូម៉ែត្រមានទឹកប្រាក់ប្រមាណ ២,៥៨១លានដុល្លារអាមេរិក។
លើការអភិវឌ្ឍធនធានមនុស្ស ភាគីចិនបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ក្នុងនោះឆ្នាំ២០១៦ មាន១២១នាក់ ឆ្នាំ២០១៧មាន ១៨១នាក់ ឆ្នាំ២០១៨ មាន ៣៣៨កន្លែង។ ដោយឡែកក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង មកកាន់កម្ពុជាកាលពីឆ្នាំ២០១៦ បានសន្យាផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន ៥០០កន្លែង បន្ថែមលើអាហារូបករណ៍ដែលមានស្រាប់។
បច្ចុប្បន្ននិស្សិតកម្ពុជាកំពុងសិក្សាក្នុងប្រទេសចិនចំនួន ១,៦៤៤នាក់ ក្នុងនោះសិក្សានៅទីក្រុងប៉េកាំងមានចំនួន ២១៣នាក់៕