(ភ្នំពេញ)៖ ជាធម្មតាការប្រកបអាជីវកម្មតែងតែជួបឧបសគ្គ អ្នកខ្លះប្រកបអាជីវកម្មដួលរលំជាដើម។ ជាក់ស្ដែងដូចយុវជនកម្ពុជាមួយរូប គឺលោក សែត ពិទូ ស្ថាបនិកនាឡិកាដៃម៉ាកពូ ដែលជានាឡិកាដៃផលិតដោយកូនខ្មែរ កំពុងលក់លើទីផ្សារអន្ដរជាតិ បានចូលរួមចែករំលែកបទពិសោធន៍ ពីការតស៊ូលើការប្រកបអាជីវកម្ម ការលើកទឹកចិត្តខ្លួនឯង និងការខិតខំប្រឹងប្រែងការងារ។ ​

ថ្លែងក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» របស់ទូរទស្សន៍ Fresh News លោក សែត ពិទូ បានបញ្ជាក់លម្អិតអំពីការពុះពាររបស់ខ្លួន ពីការបើកអាជីវកម្មផលិតនាឡិកាដៃប្រណិត ម៉ាកពូ លក់នៅទីផ្សារអន្តរជាតិ។

លោក សែត ពិទូ ឲ្យដឹងថា «អាជីវកម្មជាច្រើនដែលខ្ញុំធ្លាប់បើក ត្រូវបានដួលរលំជាច្រើនទោះបីជា មានការដួលរលំច្រើនយ៉ាងណា ក៏ខ្ញុំមិនបាក់ទឹកចិត្តឡើយ ព្រោះរាល់អាជីវកម្មដែលដួលររលំ គឺដួល ដោយដៃរបស់ខ្ញុំផ្ទាល់ ហើយការដួលរលំនេះជាការផ្ដល់ឱកាស ដើម្បីសិក្សាពីចំណុចដែលធ្វើឲ្យអាជីវកម្មដួលររលំ»

បុរសវ័យ២៩ឆ្នាំរូបនេះ បានបន្ដថា «នៅពេលដែលខ្ញុំចាប់ផ្ដើមអាជីវកម្មនាឡិកាដៃម៉ាកពូ។ ខ្ញុំតែងតែសួរខ្លួនឯងថា ចុះបើខ្ញុំបរាជ័យលើអាជីវកម្មនេះទៀត តើគួរធ្វើយ៉ាងណា? ប៉ុន្ដែទោះបីជាយ៉ាងណាខ្ញុំនៅតែ មានកំលាំងចិត្តក្នុងការពុះពារសាកល្បង ការបើកអាជីវកម្មថ្មីមួយនេះ។ ដោយឡែកសម្រាប់ការបើក អាជីវកម្មនីមួយៗខ្ញុំធ្វើដោយខ្លួនឯង ដោយមិនពឹងពាក់ក្រុមគ្រួសារនោះឡើយ»

លោកបញ្ជាក់ថា ពេលបើកអាជីវកម្មមិនដែលស្គាល់អារម្មណ៍ នៃការជោគជ័យនោះឡើយ ព្រោះកំឡុងពេលនោះ ជួបតែអាជីវកម្មបរាជ័យ ការបរាជ័យនេះ ដូចជាការញាំបាយអីចឹង។

លោកបន្ថែមថា «ដោយឡែកបើក្រឡែកទៅមើល ការបើកអាជីវកម្មនាឡិកាដៃម៉ាកពូនេះវិញ ខ្ញុំចំណាយថវិកាអស់ច្រើន ហើយការផលិតក៏ទទួលបានផលល្អ ដោយសារនាឡិកានេះទទួលបានការគាំទ្រច្រើន ពីអតិថិជនអន្ដរជាតិ។

លោកថា ជាមួយការបើកអាជីវកម្មថ្មីនេះ ក៏មានការគាំទ្រ និងលើកទឹកចិត្តពីប្អូនប្រុសផងដែរ។

បច្ចុប្បន្ននាឡិកាដៃម៉ាកពូ ដែលផលិតដោយកូនខ្មែរនេះ កំពុងទទួលបានការគាំទ្រពីអតិថិជនបរទេស នៅប្រទេសចំនួន៤ រួមមានប្រទេអារ៉ាប់រួម (ក្រុងឌូបៃ) កូរ៉េ អាមេរិក និងជប៉ុន និងមានគម្រោងទៅប្រទេសប្រេស៊ីលបន្ថែមទៀត៕

សូមទស្សនាវីដេអូនៃកិច្ចសម្ភាសន៍ទាំងស្រុង៖