(ភ្នំពេញ)៖ លោក ជា ពិសី ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសអនុសាខាខណ្ឌ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩នេះ បាននាំអំណោយកាកបាទក្រហមកម្ពុជាខណ្ឌ ចែកជូនដល់ប្រជាពលរដ្ឋកំពុងមានជីវភាពខ្វះខាត និងស្រី្តកូនខ្ចី ចាស់ជរាគ្មានទីពឹង ចំនួន៦១គ្រួសារ រស់នៅក្នុងសង្កាត់ទួលសង្កែទី១ និងសង្កាត់ច្រាំងចំរេះទី១។
ក្នុងនោះក៏មានការចូលរួមពី លោកស្រី អាន ផល្លា និងលោកស្រី សួស សូលីដា ជាអនុប្រធានកិត្តិយសអនុសាខាខណ្ឌ រួមនិងលោក-លោកស្រី ជាសហការី ជាច្រើនរូបទៀតផងដែរ ដើម្បីចុះសំណេះសំណាលជួបសួរសុខទុក្ខ និងយកអំណោយជូនគ្រួសារងាយរងគ្រោះនេះ។
ថ្លែងនាឱកាសនោះ លោកស្រី អាន ផល្លា និងលោកស្រី សួស សូលីដា បានផ្ញើក្តីនឹករលឹកយ៉ាងក្រៃលែងផងដែរ តាមរយៈការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះប្រជាពលរដ្ឋ បើទោះបីក្នុងពេលនេះ មិនមានវត្តមានរបស់សម្តេចនៅទីនេះក៏ពិតមែន ប៉ុន្តែទឹកចិត្តរបស់សម្តេចតែងតែឋិតនៅក្បែរបងប្អូនជានិច្ច នោះគឺតាមរយៈការផ្ដាំផ្ញើ និងក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទឲ្យធ្វើយ៉ាងណា ត្រូវយកចិត្តទុកដាក់ខ្ពស់ ទៅលើប្រជាពលរដ្ឋក្រីក្រលំបាក ងាយរងគ្រោះ មិនត្រូវមើលរំលងជាដាច់ខាត និងមិនរើសអើងពូជសាសន ពណ៌សម្បុរ ឫនិន្នាការនយោបាយឡើយ ពីព្រោះសុខទុករបស់ពលរដ្ឋកម្ពុជា គឺជាសុខទុករបស់សម្តេចកត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដូចគ្នា។
ជាមួយគ្នានេះ លោក ជា ពិសី បានថ្លែងថា នៅទីណាដែលមានប្រជាពលរដ្ឋជួបការលំបាក ឬជួបរាល់ហានិភ័យផ្សេងៗ នៅទីនោះតែងតែមានវត្តមាន របស់កាកបាទក្រហមកម្ពុជាជានិច្ច ដោយនេះជាការឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់ និងការផ្ដួចផ្ដើមចេញពីការផ្ដាំផ្ញើរបស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីឲ្យក្រុមការងារចាំជួយបងប្អូនជានិច្ច។
បន្ថែមពីនេះ លោកប្រធានកាកបាទក្រហមខណ្ឌ ក៏បានផ្ដាំផ្ញើឲ្យគ្រួសារងាយរងគ្រោះ ត្រូវតែមានការតស៊ូ និងព្យាយាម កុំអស់សង្ឃឹម ចំពោះភាពក្រីក្រលំបាករបស់ខ្លួន ព្រោះគ្មាននរណាកើតមកមិនជួបការលំបាកឡើយ ប៉ុន្តែត្រូវជម្នះវាឲ្យបានដើម្បីបន្តជីវិតរស់នៅតទៅមុខទៀត និងដើម្បីមនុស្សជាទីស្រលាញ់ គឺក្រុមគ្រួសារនេះឯង។
សូមជម្រាបថា អំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ដែលបានចែកជូនប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះ ចំនួន៥៥គ្រួសារ នាពេលនេះ ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ៣០គីឡូក្រាម, ឃីត០១កញ្ចប់, និងថវិកា៣០,០០០រៀល។ ដោយឡែក ចំពោះអំណោយដែលបានផ្ដល់ជូនប្រជាពលរដ្ឋ ចំនួន៦គ្រួសារផ្សេងទៀតនោះ គឺក្នុង១គ្រួសារទទួលបាន អង្ករ១០គីឡូក្រាម, ឃីត០១កញ្ចប់, និងថវិកា ចំនួន៣០,០០០រៀល៕