(ភ្នំពេញ)៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានណែនាំដល់អាជ្ញាធរសង្កាត់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាសាធារណៈឱ្យបានល្អជូនដល់ប្រជាពលរដ្ឋ ដូចជាជួយសម្រួលដល់ការធ្វើឯកសារគតិយុត្តិផ្សេងៗនៅមូលដ្ឋាន ការធ្វើអត្តសញ្ញាណប័ណ្ណ អាត្រានុកូលដ្ឋាន សំបុត្រកំណើត សំបុត្រ មរណភាព។ មន្ត្រីគ្រប់រូបត្រូវខិតខំបំពេញការងារជូនប្រជាពលរដ្ឋដោយស្មោះត្រង់ និងពន្លឿនការងារឱ្យបានឆាប់រហ័ស ទើបអាចឆ្លើយតបទៅនឹងការអនុវត្តការផ្តល់សេវាសាធារណៈមានប្រសិទ្ធភាព។
លោក ម៉ម ប៊ុននាង បានលើកឡើងបែបនេះ ខ ណៈលោក អញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងពិសារអាហារសាមគ្គី និង ជួបសំណេះសំណាលជាមួយនឹងចៅសង្កាត់ មេប៉ុស្តិ៍ ប៉ូលីស ប្រជាការពារ និងប្រជាពលរដ្ឋចំនួន ១.២០០នាក់ នៅសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩។
បន្ទាប់ពីប្រជាពលរដ្ឋទទួលទានអាហារសាមគ្គីរួចមក លោក ម៉ម ប៊ុននាង បាននាំយកការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យ២នេះ។
លោក ម៉ម ប៊ុននាង បានរំលឹកថា ប្រទេសកម្ពុជាយើង កន្លងមកជាប្រទេស ដែលធ្លាប់ខ្ទិចខ្ទាំដោយសង្គ្រាម ជួបប្រទះវិនាសកម្ម ដែលធ្វើឲ្យប្រជាជនរងទុក្ខលំបាក ប្រទេសជាតិបែកបាក់ ពុំដែលជួបប្រទះនូវឯកភាពជាតិអស់រយៈពេល ៤០០ឆ្នាំ កន្លងមក។
បច្ចុប្បន្នដោយសារនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ប្រទេសយើងបានទទួលនូវសុខសន្តិភាព មានការអភិវឌ្ឍន៍ រីកចម្រើន មានសិទ្ធិសេរីភាព ប្រជាធិបតេយ្យ ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិបាលតែមួយ ដែលពុំធ្លាប់មានកន្លងមក។
លោក ម៉ម ប៊ុននាង បានសង្កត់ធ្ងន់ថា ប្រជាជនគ្រប់រូបកំពង់សប្បាយរីករាយ និងមានមោទនះភាពចំពោះការ ដឹកនាំដើរលើផ្លូវដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលដែលបានកសាង សមិទ្ធិផលជាច្រើនសំរាប់បំរើផលប្រយោជន៍ដល់សង្គមជាតិនិងប្រជាជន បានជម្រុញឲ្យមាន អ្នកវិនិយោគិនបរទេសនិង អ្នកទេសចរណ៏ អន្តរជាតិ មកវិនិយោគនិងទស្សនាកម្ពុជាកើនឡើងជាលំដាប់ដែលធ្វើឱ្យប្រជាពលរដ្ឋមានការងារធ្វើច្រើន ជាពិសេស សមិទ្ធផល សន្តិភាពវាជាអំណោយផល ដែលអាចអោយ យើងមាន ឱកាសកសាង សមិទ្ធផលជាច្រើននៅទូទាំងប្រទេសដើម្បីទុក អោយប្រជាពលរដ្ឋនិង កូនចៅប្រជាពលរដ្ឋជំនាន់ក្រោយៗទៀត ព្រោះចំនួនប្រជាជនកាន់តែកើនឡើងតម្រូវការកាន់តែមានច្រើន។
រាជរដ្ឋាភិបាលបាន នឹងកំពុង ខិតខំកសាងស្តារហេដ្ឋារចនា សម្ពន្ធ័ផ្លូវ ថ្នល់លំជនបទស្ពាន អាកាស ស្ពានឆ្លងកាត់ទន្លេ ភ្ជាប់ សរសៃឈាមសេដ្ឋកិច្ច ដើម្បីកំណើនសេដ្ឋកិច្ចសម្រួលការធ្វើដំណើរ ដោះស្រាយ បញ្ហាចរាចរនិង លើកកម្ពស់ជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើងថែមទៀត។
បន្ទាប់ពីជួបសំណេះសំណាលរួចមក លោក ម៉ម ប៊ុននាង បានអញ្ជើញចៅសង្កាត់ មេប៉ុស្តិ៍ ប៉ូលីស ប្រជាការពារសង្កាត់ និងប្រជាពលរដ្ឋទាំង១២០០នាក់ ពិសារអាហារថ្ងៃត្រង់ និងសំណេះសំណាលដើម្បីស្វែងយល់ពីការលំបាក់ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋជួបនាពេលកន្លងមក និងពេលបច្ចុប្បន្ន។
ជាមួយគ្នានោះដែរ លោក ម៉ម ប៊ុននាង បាននាំយកអំណោយមកចែកជូនចៅសង្កាត់ មេប៉ុស្តិ៍ ប៉ូលីស ប្រជាការពារសង្កាត់ និងប្រជាពលរដ្ឋចំនួន១២០០នាក់ដោយក្នុងម្នាក់ៗទទួលបាន សារ៉ុងចំនួន០១ និងថវិកា ២ ម៉ឺនរៀល និងនាំយកវិទ្យុទាក់ទង(ID និងICOM)ចំនួន១៩គ្រឿងមកចែកជូនប្រជាការពារសង្កាត់ និងមេប៉ុស្តិ៍ ឧបត្ថមជួសជុលទីស្នាក់ការបក្សសង្កាត់ ស្ទឹងមានជ័យ២ ចំនួន ១៤,០០០,០០០ រៀល ព្រមទាំងចំណាយផ្សេងៗដែលចំណាយថវិកាសរុប ៨១.០៨០.០០០រៀល៕