(ចិន)៖ ក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងថា ការវិនិយោគដោយផ្ទាល់ ទៅក្រៅប្រទេសរបស់ចិន បានកើនឡើង៤.២ភាគរយកាលពីឆ្នាំមុន ដោយមានចំនួនសរុប១៣០ពាន់លានដុល្លារអាមេរិក។
ក្នុងចំណោមការវិនិយោគដោយផ្ទាល់ ទៅក្រៅប្រទេសទាំងអស់របស់ចិន ការវិនិយោគដែលក្រៅពីវិស័យហិរញ្ញវត្ថុ បានកើនឡើង០.៣ភាគរយ មកត្រឹមទឹកប្រាក់ចំនួន១២០ពាន់ ៥រយលានដុល្លារអាមេរិក ខណៈដែលការវិនិយោគ លើវិស័យហិរញ្ញវត្ថុ បានកើនឡើង១០៥ភាគរយ មកចំនួនទឹកប្រាក់៩ពាន់ ៣រយលានដុល្លារអាមេរិក។
ទិន្នន័យក្រសួងពាណិជ្ជកម្មចិនបង្ហាញថា ការវិនិយោគរបស់ចិន ដោយផ្ទាល់ទៅក្រៅប្រទេស ដែលក្រៅពីវិស័យហិរញ្ញវត្ថុ នៅតាម៥៦ប្រទេស ដែលចូលរួមក្នុងគម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយ មានទំហំទឹកប្រាក់១៥ពាន់ ៦រយលានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨ កើនឡើង៨.៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ប្រាក់ចំនូលដែលបាន មកពីការវិនិយោគលើគម្រោងទាំងអស់ ដែលបានចុះកិច្ចសន្យាជាមួយបរទេសទាំងអស់ មានចំនួន១៦៩ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨ កើនឡើង០.៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ក្នុងនោះ ប្រាក់ចំនូលចំនួន៨៩ពាន់លានដុល្លារអាមេរិក ដែលបានមកពីការវិនិយោគនៅ៦៣ប្រទេស ដែលចូលរួមក្នុងគម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយ រួមចំណែក៥២ភាគរយ នៅក្នុងប្រាក់ចំណូល ដែលបង្វិលបាន មកពីការវិនិយោគទាំងអស់។
លោក ហាន យ៉ុង អនុប្រធាន មន្ទីរវិនិយោគ និងសហប្រតិបត្តិការសេដ្ឋកិច្ច ទៅក្រៅប្រទេស នៃក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងថា គម្រោងដែលបានចុះកិច្ចសន្យាភាគច្រើន គឺជាគម្រោងផ្នែកដឹកជញ្ជូន សំណង់ទូទៅ និង ផលិតថាមពល ដែលរួមចំណែក៦៦.៥ភាគរយនៃគម្រោងទាំងអស់។
លោកថា «គម្រោងទាំងនេះ បានជួយលើកស្ទួយដល់ស្ថានភាពហេដ្ឋារចនាសម្ព័ន្ធ របស់ប្រទេសដែលចូលរួមជាមួយយើងយ៉ាងច្រើន ព្រមទាំងបានបង្កើតការងារដល់ប្រជាពលរដ្ឋ នៅប្រទេសនោះ ចំនួន៨សែន៤ម៉ឺន២ពាន់កន្លែងផងដែរ ដែលនាំឲ្យប្រជាពលរដ្ឋ មានជីវភាពរស់នៅកាន់តែល្អប្រសើរ នៅតាមបណ្ដាប្រទេសទាំងនោះ»។
ប្រទេសចិន ក៏បានរីកចម្រើន លើការងារកសាងតំបន់សហប្រតិបត្តិការសេដ្ឋកិច្ច នៅក្រៅប្រទេសផងដែរ។ បើគិតត្រឹមចុងឆ្នាំ២០១៨ មានក្រុមហ៊ុនចំនួន៩៣៣ក្រុមហ៊ុន ដែលមានលក្ខណៈគ្រប់គ្រាន់ ដើម្បីប្រកបអាជីវកម្មរបស់ពួកគេ នៅឯតំបន់សហប្រតិបត្តិការទាំងនោះ ដោយប្រាក់វិនិយោគដែលបូកសរុបទាំងអស់ គឺមានចំនួនដល់ទៅជិត២១ពាន់លានដុល្លារអាមេរិក។
ក្រុមហ៊ុនទាំងនោះ បានបង់ពន្ធនិងថ្លៃសេវាកម្មផ្សេងៗ សរុបចំនួន២ពាន់៣រយលានដុល្លារអាមេរិក ជូនដល់រដ្ឋាភិបាល នៃប្រទេសដែលពួកគេប្រកបអាជីវកម្មនោះ ព្រមទាំងបានផ្ដល់ការងារ ជូនដល់ប្រជាពលរដ្ឋចំនួន១សែន៤ម៉ឺន៧ពាន់នាក់ផងដែរ៕ (សារព័ត៌មាន CCTV របស់ចិន)