(ភ្នំពេញ)៖ ថ្ងៃនេះខ្ញុំចង់ទាក់ទាញអារម្មណ៍ បងប្អូនខ្មែរជាទូទៅឲ្យមើល ឃើញពីវប្បធម៌ដ៏គ្រោះថ្នាក់ និងដ៏អាក្រក់បំផុតរបស់ក្រុមអ្នកនយោបាយប្រឆាំងនៅកម្ពុជាដឹកនាំដោយលោក សម រង្ស៊ី ដែលបាននិងកំពុងអនុវត្តយ៉ាងសកម្មនិងជោគជាំ។ នោះគឺ នយោបាយប្រឆាំងដើម្បីប្រឆាំង ប្រឆាំងដើម្បីបំផ្លាញ និងប្រឆាំងទាំងទទឹងទិស មិនថារឿងនោះ ល្អឬអាក្រក់ មិនថារឿងនោះ ចំណេញឬខាតដល់ប្រទេសជាតិ និងប្រជាជនឡើយ គឺពួកគេដឹងតែប្រឆាំង ហើយចេះតែប្រឆាំងមួយមុខគត់។
ជាច្រើនទសវត្សរ៍មកហើយ បក្សប្រឆាំងជ្រុលនិយមដឹកនាំដោយ សម រង្ស៊ី បានប្រើនយោបាយក្តិចត្រួយរហូតបានបង្កើតជា
វប្បធម៌នយោបាយមួយដែល មានអត្តសញ្ញាណយ៉ាងច្បាស់លាស់។ ខុសពីបក្សប្រឆាំងនៅប្រទេសដទៃដែលគេប្រជែងអំណាចតាមរយៈការដាក់ចេញ
គោលនយោបាយ ឬការសន្យាធ្វើឲ្យបានល្អ និងបានច្រើនជាងបក្សកាន់អំណាច មេបក្សប្រឆាំងនៅកម្ពុជាមិនដែលបានចំណាយពេលយកខួរក្បាលទៅគិត អំពីគោលនយោបាយថ្នាក់ជាតិដើម្បីយកមកប្រកួតជាមួយបក្សកាន់អំណាចឡើយ។
ផ្ទុយទៅវិញ ពួកគេយកខួរក្បាលដេកគិតតែពីវិធីសាស្ត្រធ្វើដូចម្តេចកុំឲ្យប្រទេសកម្ពុជាលូតទៅមុខរួច ឬខំទប់កុំឲ្យទៅមុខលឿនពីព្រោះពួកគេយល់ឃើញថា បើកម្ពុជា លូតលាស់ទៅមុខខ្លាំងនិងលឿន ក្រុមប្រឆាំងនឹងអស់អីនិយាយហើយ។ នេះគេហៅថា នយោបាយក្តិចត្រួយដែល អ្នកនយោបាយនៅស្រុកគេចៀសវាងបំផុត ប៉ុន្តែវាជានយោបាយដ៏ពេញនិយមបំផុតសម្រាប់ក្រុមប្រឆាំងនៅកម្ពុជា។ ដើម្បីយល់ពីបញ្ហានេះ ខ្ញុំសូម អោយបងប្អូនប្រជាពលរដ្ធជាពិសេសយុវជនយុវនារីខ្មែរយើងនាំគ្នាពិនិត្យមើលនូវ ឧទាហរណ៍ជាក់ស្តែងមួយចំនួនដូចខាងក្រោមនេះ៖
ទី១៖ នៅស្រុកគេ ប្រសិនបើបក្សដឹកនាំរដ្ឋាភិបាលទាក់ទាញវិនយោគិនបរទេសបានតិច បក្សប្រឆាំងសន្យាថា នឹងទាក់ទាញអ្នកវិនិយោគបរទេសឲ្យបានច្រើនជាងបក្សកាន់អំណាច។ ប៉ុន្តែ នៅកម្ពុជា បក្សប្រឆាំងមិនបានលើកពីគោលនយោបាយទាក់ទាញអ្នកវិនិយោគទុនឲ្យចូលមករកស៊ីនៅកម្ពុជាឲ្យបានច្រើនជាងបក្សកាន់អំណាចទេ តែពួកគេបែរជាអនុវត្តនយោបាយបណ្តេញ ពួកអ្នកវិនិយោគទុនបរទេស ដែលរដ្ឋាភិបាលបានខិតខំទាក់ទាញនោះ ឲ្យវេចបង្វេចត្រឡប់ទៅស្រុកវិញតាមរយៈចលនាបាតុកម្ម បង្ករភាពវឹកវរ រហូតដល់វាយកម្ទេចដុតបំផ្លាញរោងចក្រ សហគ្រាសថែមទៀត។ ឬបើមិនដូច្នោះទេ ពួកគេបញ្ចេញព័ត៌មានខ្មៅ ព័ត៌មានក្លែងក្លាយដែល និយាយអាក្រក់ពីកម្ពុជាដើម្បីបន្លាចអ្នកវិនិយោគទុនកុំឲ្យចូលមករកស៊ី។
ទី២៖ នៅស្រុកគេបើរដ្ឋាភិបាលរកទីផ្សារអន្តរជាតិសម្រាប់លក់ផលិតផលកសិកម្ម ឬផលិតផល ដែលកើតចេញពីស្នាដៃរបស់កម្មករ កម្មការិនី បានតិចក្រុមប្រឆាំងត្រូវដាក់គោលនយោបាយ រកទីផ្សារឲ្យបានច្រើនជាងបក្សកាន់អំណាច។ ប៉ុន្តែ ចម្លែកតែនៅកម្ពុជា បក្សប្រឆាំងមិនគ្រាន់តែមិនបានដាក់ចេញគោលនយោបាយអ្វីសោះដើម្បីដោះស្រាយទីផ្សារលក់កសិផល និងផលិតផលចេញពីរោងចក្រក្នុងស្រុកនោះទេ ប៉ុន្តែពួកគេបែរជាទៅដើរបញ្ចុះបញ្ចូលបរទេសឲ្យឈប់ទិញកសិផល និងផលិតផលពីកម្ពុជាដែលជាស្នាដៃរបស់ កសិករ កម្មករ កម្មការិនីខ្មែរទៅវិញ។
ទី៣៖ នៅស្រុកគេ អ្នកនយោបាយប្រឆាំងខិតខំដើរកៀរគរជំនួយអភិវឌ្ឍន៍ឲ្យបានច្រើន ដើម្បីបង្ហាញថា ពួកគេអាចធ្វើបាន ឬធ្វើបានល្អជាងបក្សកាន់អំណាចទៅទៀត។ យ៉ាងហោចណាស់ ពួកគេសុខចិត្តនៅស្ងៀមមិនស្រដីល្អជាងពីព្រោះនោះជាប្រយោជន៍ជាតិរបស់គេ។ ប៉ុន្តែចម្លែកតែនៅកម្ពុជា ការងារចម្បងរបស់បក្សប្រឆាំងគឺការរាំងខ្ទប់ជំនួយអភិវឌ្ឍន៍កុំឲ្យចូលមកក្នុងប្រទេស។ ក្រុមប្រឆាំងនៅកម្ពុជាថែមទាំងបង្ហាញមោទនភាពដោយឥតអៀនខ្មាសប្រសិនបើបរទេសណាមួយកាត់ផ្តាច់ជំនួយពីកម្ពុជា។
ទី៤៖ អ្នកនយោបាយប្រឆាំងនៅស្រុកគេ តែងអំពាវនាវឲ្យពលរដ្ឋស្ងប់ស្ងៀមនៅពេលមានបញ្ហាក្តៅគគុកណាមួយកើតឡើងពីព្រោះគេមិនចង់ឃើញប្រទេសជាតិធ្លាក់ក្នុងសភាពវឹកវរ និងហិង្សានោះឡើយ។ ចម្លែកអីតែនៅកម្ពុជា ក្រុមអ្នកនយោបាយប្រឆាំងដឹកនាំដោយ សម រង្ស៊ី បែរជាប្រើនយោបាយញុះញង់ បញ្ឆេះកំហឹង និងអំពាវនាវឲ្យពលរដ្ឋងើបឡើងធ្វើបាតុកម្ម បះបោរ រហូតផ្ទុះហិង្សា ដើម្បីធ្វើយ៉ាងណាឲ្យប្រទេសជាតិធ្លាក់ក្នុងសភាពច្របូកច្របល់គ្រង់គ្រងលែងបានដើម្បីឆក់ឱកាសដណ្តើមអំណាច។
ទី៥៖ អ្នកនយោបាយប្រឆាំងនៅស្រុកគេតែងតែធ្វើ នយោបាយគាំពារប្រជាពលរដ្ឋដោយធ្វើយ៉ាងណាមិនឲ្យពលរដ្ឋរងគ្រោះដោយសារតែមហិច្ឆតាអំណាចរបស់ខ្លួនឡើយ។ ពេលខ្លះ គេសុខចិត្តរងគ្រោះម្នាក់ឯងដោយមិនឲ្យប្រជាពលរដ្ឋណាម្នាក់មកទទួលថ្មបាក់ជំនួសឡើយ។ ប៉ុន្តែ ចម្លែកអីតែនៅកម្ពុជា ក្រុមអ្នកនយោបាយប្រឆាំងដឹកនាំដោយ សម រង្ស៊ី បែរជាធ្វើនយោបាយ ដោយយកប្រជាពលរដ្ឋធ្វើឈ្នាន់ទៅវិញ។ ជាក់ស្តែង ពេលមានបញ្ហាកើតឡើង សម រង្ស៊ី តែងរត់ចោលស្រុកបាតជើង ស ព្រាតយករួចខ្លួន ប៉ុន្តែបែរជាទៅអំពាវនាវឲ្យ ប្រជាពលរដ្ឋចេញ មុខមករងថ្មបាក់ជំនួសគាត់ ទៅវិញ។ មិនដឹងមានមន្ត្រី សកម្មជន និងអ្នកគាំទ្រប៉ុន្មាននាក់ ហើយទេដែលជឿលើការអំពាវនាវរបស់សម រង្ស៊ី ហើយសុខចិត្ត ប្រព្រឹត្តខុសច្បាប់ដោយត្រូវ ទទួលរងថ្មបាក់ជំនួសលោក សម រង្ស៊ី។
ទី៦៖ អ្នកនយោបាយនៅស្រុកគេខិតខំធ្វើយ៉ាងណាបង្កើនអ្នកមានឲ្យបានច្រើនពីព្រោះពួកគេយល់ឃើញថា ចំនួនអ្នកមានកើនឡើងច្រើនជាសញ្ញាថា ប្រទេសជាតិកំពុងរីកលូតលាស់ ខាងសេដ្ឋកិច្ចយ៉ាងល្អ។ និងម្យ៉ាងទៀត គឺពួកអ្នកមាន មហាសេដ្ឋី ទាំងនោះ ហើយដែលយកលុយទៅបង្កើតការងារ និងធ្វើពាណិជ្ជកម្មដើម្បីឲ្យសេដ្ឋកិច្ចជាតិដើរដើម្បី កាត់បន្ថយការពឹងពាក់លើការ វិនិយោគពីបរទេស។ ប៉ុន្តែ ចម្លែកអីតែនៅកម្ពុជា អ្នកនយោបាយប្រឆាំងដឹកនាំដោយ សម រង្ស៊ី បែរជាធ្វើនយោបាយចងសត្រូវជាមួយអ្នកមាន។ ពួកគេចាត់ទុកអ្នកមានជាឈ្លើងសង្គម ហើយបើពួកគេកាន់អំណាចនឹងរឹបអូសទ្រព្យសម្បត្តិ ដីធ្លីពីពួកអ្នកមានទៅចែកឲ្យអ្នកក្រ។ នេះគឺជានយោបាយប៉ុល ពត សុទ្ធសាធ។
ទាំងនេះជាឧទាហរណ៍ជាក់ស្តែងដែលកើតឡើងនៅកម្ពុជាក្នុងចំណោមបញ្ហាជាច្រើនទៀត ដែលបង្ហាញថា អ្នកនយោបាយប្រឆាំងនៅកម្ពុជាមិនចេះធ្វើអ្វីក្រៅពីប្រឆាំងនោះឡើយ គឺប្រឆាំងគ្រប់រឿងដែលរដ្ឋាភិបាលបក្សកាន់អំណាចបានធ្វើ បើទោះជាការប្រឆាំងនោះប៉ះពាល់ដល់ប្រយោជន៍ជាតិ និងប្រយោជន៍ប្រជាជនយ៉ាងណាក៏ដោយ។ និយាយតាមបែបផ្សេង គឺជានយោបាយប្រឆាំងក្តិចត្រួយធ្វើយ៉ាងណាកុំឲ្យបក្សកាន់ អំណាចអាចដឹកនាំប្រទេសបានដោយស្រួល។ ទស្សនៈរបស់ក្រុមប្រឆាំងនៅកម្ពុជាដែលសម រង្ស៊ី ចាត់ទុកជាផែនទីបង្ហាញផ្លូវរបស់ខ្លួនគឺ «បើប្រទេសជាតិស្ងប់សុខ បក្សប្រឆាំងអស់ន័យ»។
ហេតុដូច្នេះហើយបានជាពួកគេ មិនទុកឲ្យប្រទេសជាតិនិង ប្រជាពលរដ្ឋបានស្ងប់សុខឡើយ។ ទស្សនៈនយោបាយប្រឆាំងបែបនេះត្រូវបានពិភពលោកចាត់ទុកថា ជារឿងដ៏គ្រោះថ្នាក់បំផុតដែលអ្នកនយោបាយត្រូវចៀសវាងជាដាច់ខាត។ ប៉ុន្តែនយោបាយដែលគេស្អប់ខ្ពើម និងខិតខំចៀសវាងបំផុត បែរជាត្រូវបានក្រុមប្រឆាំងនៅកម្ពុជាយកមកធ្វើជា «ផែនទីចង្អុលផ្លូវ - Road Map» របស់ខ្លួនទៅវិញ ហើយបាននិងកំពុងអនុវត្តយ៉ាងសកម្មនិងពេញនិយម បំផុត។
នេះពិតជាគ្រោះថ្នាក់ធំណាស់សម្រាប់ប្រទេសជាតិយើង។ ដូច្នេះដល់ពេលហើយដែល យើងត្រូវរួមគ្នាគាស់រំលើងវប្បធម៌នយោបាយក្តិចត្រួយដ៏ចង្រៃនេះចេញពីសង្គម តាមរយៈការវាយបំបាក់ក្រុម អ្នកនយោបាយប្រឆាំងដឹកនាំដោយ សម រង្ស៊ី កុំឲ្យងើបមុខរួចឲ្យសោះ៕
ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ