(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យមួយសំបុកមានគ្នា៨នាក់ ជំនាញឆក់កាបូបភ្ញៀវបរទេស នៅចំណុចមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងខណ្ឌសែនសុខ បានចំនួន៨នាក់ រួមទាំងវត្ថុតាងមួយចំនួនធំ។
អធិការនគរបាលខណ្ឌពោធិ៍សែនជ័យលោក យឹម សារ៉ាន់ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ប្រតិបត្តិការបង្ក្រាបក្រុមចោរឆក់នេះ បានធ្វើឡើងនៅចំណុចមុខព្រលាន យន្តហោះអន្តរជាតិភ្នំពេញ ដោយដំបូងឡើយ កម្លាំងជំនាញសង្កេតឃើញក្រុមជនសង្ស័យមានគ្នាចំនួន៣នាក់ ជិះម៉ូតូ២គ្រឿង បម្រុងធ្វើសកម្មភាពឆក់កាបូប របស់ជនជាតិចិន ភ្លាមៗនោះក៏បើកប្រតិបត្តិការបង្ក្រាបបានជនសង្ស័យម្នាក់តែម្តង។
លោកអធិការបានបន្តទៀតថា បន្ទាប់ពីសមត្ថកិច្ចជំនាញឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកជាច្រើននោះ កម្លាំងនគរបាលរបស់លោករួមមាន កម្លាំងព្រហ្មទណ្ឌ កម្លាំងសន្តិសុខ និងកម្លាំងអន្តរាគមន៍ ដោយមានការបញ្ជាពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បន្តទៅឃាត់ខ្លួនបានជនសង្ស័យ ចំនួន៧នាក់ទៀត (ស្រីចំនួន៣នាក់) ដែលជាបក្ខពួកស្ថិតនៅសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមលោកអធិការខណ្ឌ ក្រុមជនសង្ស័យទាំងនោះរួមមាន៖ ទី១៖ រ៉ាន់ សុវណ្ណឧត្តម អាយុ២២ឆ្នាំ, ទី២៖ សេង សៀកវ៉ាយ អាយុ១៧ឆ្នាំ, ទី៣៖ ប៊ុន ឡូញ អាយុ១៩ឆ្នាំ, ទី៤៖ ចាន់ បូរមី អាយុ១៩ឆ្នាំ, ទី៥៖ សូ កក្កដា អាយុ២០ឆ្នាំ, ទី៦៖ សៀន ពិសី ភេទស្រី អាយុ១៨ឆ្នាំ, ទី៧៖ ចាន់ សម្បត្តិ ភេទស្រី អាយុ១៨ឆ្នាំ និងទី៨៖ ផាន់ ស្រីភ័ក្ត្រ ភេទស្រី អាយុ១៨ឆ្នាំ។
ជាមួយគ្នានេះ កម្លាំងជំនាញបាននិងកំពុងតែដុតដៃដុតជើង តាមចាប់បក្ខពួកដែលនៅសល់បន្ថែមទៀតថា ដែលកំពុងតែរត់គេចខ្លួន ដើម្បីយកផ្តន្ទាទោសតាមផ្លូវច្បាប់៕