(ភ្នំពេញ)៖ រថយន្ត HINO ដែលនាំចូល និងចែកចាយផ្តាច់មុខ ដោយក្រុមហ៊ុន HGB Group Co.,Ltd បានធ្វើការសម្ពោធអគារតាំងបង្ហាញរថយន្តជាផ្លូវការ ដែលមានទីតាំងស្ថិត នៅក្នុងតំបន់ សេដ្ឋកិច្ចពិសេស ឃែរី វើលដ៏ប៊ីរដ បណ្តោយផ្លូវជាតិលេខ២ សង្កាត់ព្រែកកំពឹស ខណ្ខដង្កោ រាជធានីភ្នំពេញ។
រថយន្ត Hino ជាប្រភេទរថយន្តសម្រាប់ធ្វើអាជីវកម្ម ដែលល្បីឈ្មោះធំមួយ នៅប្រទេសជប៉ុន ដែលមានប្រវត្តិតាំងពីឆ្នាំ១៩៤២ ដែលមានសមាជិកបុគ្គលិក ៣២,៧១៩ នាក់ និងមានដៃគូចែកចាយ រហូតដល់ទៅ៩០ប្រទេសជុំវិញពិភពលោក។
សព្វថ្ងៃនេះ នៅក្នុងប្រទេសកម្ពុជា រថយន្ត Hino បានក្លាយជាដៃគូអាជីវកម្ម យ៉ាងល្អប្រសើរជាមួយអតិថិជនជាច្រើនរួចមកហើយ។ Hino មានរថយន្តជាលក្ខណៈអាជីវកម្មដូចជា៖ រថយន្តដឹកទំនិញ រថយន្តបែន រថយន្តក្រឡុកស៊ីម៉ង់ រថយន្តក្បាលអូសជាដើម។
បើតាមលោក TOSHIAKI YASUDA ជាប្រធានគ្រប់គ្រងទទួលបន្ទុកទីផ្សារ នៅក្រៅប្រទេស នៃក្រុមហ៊ុន Hino Motors Ltd បានឲ្យដឹងថា នៅក្នុងប្រទេសជប៉ុន ក្រុមហ៊ុន Hino គឺជាក្រុមហ៊ុនឈានមុខគេ ដែលរក្សាតំណែងលេខ១ សម្រាប់រថយន្តធុនធ្ងន់ អស់រយៈពេល៤៤ឆ្នាំមកហើយ។
លោក TOSHIAKI YASUDA បន្ដថា «យើងក៏បានបង្កើតឡើង នូវស្លាកសញ្ញាកំពូល នៅក្នុងបណ្តាប្រទេសអាស៊ី ដូចជាប្រទេសថៃ ឥណ្ឌូនេស៊ី និងវៀតណាម។ យើងចាត់ទុក ប្រទេសកម្ពុជាថា ជាមហាអនុតំបន់ទន្លេមេគង្គ រួមទាំងទីផ្សារកម្ពុជា ដែលជាតំបន់សេដ្ឋកិច្ចដ៏សំខាន់ ដែលយើងមានគោលបំណង និងផ្តោតទៅលើផងដែរ»។
លោកបានបន្ថែមទៀតថា «ទស្សនវិស័យ ដ៏សំខាន់បំផុតរបស់យើង គឺការគាំទ្រសកម្មភាពអាជីវកម្មទាំងអស់ ដើម្បីជំរុញ និងពង្រឹងទំនាក់ទំនង ដែលជាទីទុកចិត្ត ជាមួយអតិថិជនរបស់យើង។ ម៉្យាងទៀត យើងបានណែនាំ រថយន្ត ដែលមានគុណភាពខ្ពស់ និងរថយន្តដឹកជញ្ជូន ដែលធន់គ្រប់ស្ថានភាពផ្លូវ ហើយសមស្របទៅនឹងទីផ្សារនីមួយៗ។ យើងសង្ឃឹមថា អ្នកនឹងរក្សាការគាំពារដ៏ល្អ សម្រាប់ក្រុមហ៊ុន Hino និង HGB Group»៕