(ភ្នំពេញ)៖ លោក ជា ពិសី ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអភិបាលខណ្ឌប្ញស្សីកែវ ជាមួយអង្គការខេមរា ក្រុមហ៊ុនឯកជនជាដៃគូ បណ្ដាអង្គការ និងសប្បុរសជននានា បានសហការគ្នារៀបចំពិធីចុះសំណេះសំណាលសួរសុខទុក្ខ ក្នុងការពាំនាំយកអំណោយមនុស្សធម៌ និងថវិកាមួយចំនួន ដើម្បីមកឧបត្ថម្ភជូនដល់កុមារកំព្រាដែលងាយរងគ្រោះ មកពីតាមបណ្ដាភូមិ-សង្កាត់ទាំង៧ទូទាំងខណ្ឌ ចំនួន២០០នាក់ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅមួយគ្រា។
ពិធីសំណេះសំណាលសួរសុខទុក្ខនេះ បានប្រព្រឹត្តឡើងនាថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្នុងវត្តទួលសន្តិវ័ន ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីលោកស្រី អាន ផល្លា ប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឃន៍ខណ្ឌ-សង្កាត់ និងលោក-លោកស្រីមន្ត្រីរាជការ ចៅសង្កាត់-មេភូមិ យុវជន ស.ស.យ.ក និងយុវជន អ.ម.ត ជាច្រើននាក់ទៀតផងដែរ។
ស្ថិតនៅក្នុងបរិយាកាសខាងលើនេះ តំណាងអង្គការ ក្រុមហ៊ុនឯកជនជាដៃគូ បណ្ដាអង្គការ និងសប្បុរសជននានា បានឲ្យដឹងផងដែរថា មានហេតុផលមួយចំនួន ដែលបណ្ដាលឲ្យមានការបង្កើត កម្មវិធីសំណេះសំណាលសួរសុខទុក្ខកុមារកំព្រាងាយរងគ្រោះនេះដែរ ដោយសារតែលោក-លោកស្រីមួយចំនួនធ្លាប់បានឆ្លងកាត់ នៅជីវិតជាក្មេងកំព្រា និងដឹងថា កុមារទាំងអស់ត្រូវការជម្រក ការហូបចុកគ្រប់គ្រាន់ ការស្លៀកពាក់ និងត្រូវការការអប់រំ ព្រោះមានតែការអប់រំទេ ដែលជួយឲ្យប្រទេសជាតិមានរីកចំរើនបាន។
លោក ជា ពិសី បានបញ្ចាក់ថា អំណោយមនុស្សសធម៌យ៉ាងច្រើនទាំងនេះ បានមកពីអង្គការពន្លកនៃសេចក្តីសង្ឃឹមហ្វូមូសា ក្រុមហ៊ុន OptimumFiashion CO,LTD និងក្រុមហ៊ុន UIC មានអង្ករ២តោន (២,០០០ គ.ក) មុង២០០ សំភារ:សិក្សា ចំនួន២០០សម្រាប់ និងដបទឹក ២៥០ដប (២០០ដបសម្រាប់កុមារ និង៥០ដបទៀត សម្រាប់ប្រជាការពារសាលាខណ្ឌ) ដែលជាជំនួយឧបត្ថម្ភរបស់ លោកស្រី ជា លឹមគាង។ នំបុ័ងចំនួន២០០ ជាជំនួយឧបត្ថម្ភរបស់ លោកស្រី ចាង សុខគីម។ នំ២០០កញ្ចប់ផ្សេងទៀត ជាជំនួយឧបត្ថម្ភរបស់ យុវជន ស.ស.យ.ក និង យុវជន អ.ម.ត។ ថវិកាចំនួន ១,០០០,០០០រៀល (មួយលានរឿល) ជាជំនួយឧបត្ថម្ភរបស់ លោកស្រី មុជ លក្ខិណា។ ថវិកាចំនួន ៨០០,០០០រៀល (ប្រាំបីសែនរៀល) ជាជំនួយឧបត្ថម្ភរបស់ លោកស្រី លៀង ចាន់នី។ ថវិកាចំនួន ៤០០,០០០រៀល (សែសឹបម៉ឺនរៀល) និងកន្សែងចំនួន ៩៧កន្សែង ឧបត្ថម្ភដល់ប្រជាការពារសាលាខណ្ឌ ជាជំនួយឧបត្ថម្ភរបស់ លោកស្រី ម៉ូវ វ៉ុចងីម។
លើសពីនេះ លោក ជា ពិសី បានឆ្លៀតឱកាសថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក-ស្រីជាតំណាងអង្គការខេមរា ក្រុមហ៊ុនឯកជនជាដៃគូ បណ្ដាអង្គការ សប្បុរសជននានា និងអាជ្ញាធរពាក់ព័ន្ធ បាននាំគ្នាឧបត្ថម្ភ និងចែកអំណោយដោយផ្ទាល់ជូនដល់កុមាកំព្រាងាយរងគ្រោះ ដោយក្នុងនោះម្នាក់ៗទទួលបាន អង្ករ១០គីឡូក្រាម, មុង០១, សំភារ:សិក្សា០៣មុខ, ដបទឹក០១, នំ០១កញ្ចប់, នំបុ័ង០១ដើម និងថវិកា ចំនួន១១,០០០រៀល ដើម្បីជួយទ្រទ្រង់ដល់ជីវភាពរស់នៅ៕