(ភ្នំពេញ)៖ ក្នុងសិក្ខាសាលាសុខភាព ក្រោមប្រធានបទ «របៀបសម្គាល់ឱសថក្លែងក្លាយ» លោកបណ្ឌិតឱសថ ឯម វុឌ្ឍីន៍ ជំនួយការប្រធានគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានថ្លែងថា ដើម្បីសម្គាល់ឱសថក្លែងក្លាយ យើងត្រូវយល់ថាអ្វីជាឱសថ និងឱសថក្លែងក្លាយ ហើយបើប្រាស់ចំឱសថក្លែងក្លាយ យើងត្រូវធ្វើដូចម្ដេច និងមានផលប៉ះពាល់អ្វីខ្លះដល់សុខភាពរបស់យើង។
លោកថ្លែងបន្ដថា ឱសថសំដៅដល់សារជាតិមួយមុខ ឬច្រើនមុខ ដែលមានប្រភពជាអាទិ៍ពីរ គឺជាគីមី ជីវផលិតផលជាតិ អតិសុខុមប្រាណរុក្ខជាតិ លាយផ្សំឡើង សម្រាប់ប្រើប្រាស់ក្នុងការបង្ការ ឬព្យាបាលជំងឺមនុស្ស ឬការស្រាវជ្រាវ វេជ្ជសាស្ដ្រ ឱសថសាស្ដ្រ ឬធ្វើការវិនិច្ឆ័យ ការកែប្រែ ឬទ្រទ្រង់មុខងារនៃសរីរាង្គ ។
សម្រាប់ឱសថក្លែងក្លាយ សំដៅដល់ប្រភេទឱសថដែលគ្មានសារជាតិសកម្ម ឬមានសារជាតិសកម្មមិនត្រឹមត្រូវតាមរូបមន្ដ ដែលកំណត់លើផ្លាកសញ្ញា ឬមានសារជាតិសកម្មមិនគ្រប់ចំនួនតាមកម្រិតកំណត់លើផ្លាកសញ្ញា ឬមានការវេចខ្ចប់របៀបបង្ហាញរចនាបទអត្ដសញ្ញាណស្រដៀង ឬដូចគ្នានឹងឱសថមួយផ្សេងទៀត ដែលជាឱសថពិត ឬផលិត និងវេចខ្ចប់ដោយគ្មានអាជ្ញាប័ណ្ណ ពីក្រសួងសុខាភិបាល។
លោកបញ្ជាក់ថា ដើម្បីសម្គាល់ឱសថក្លែងក្លាយ មានវិធីសាស្ដ្របីយ៉ាង គឺ១៖ធ្វើវិភាគបឋម ឬពិនិត្យរូបរាងជាក់ស្ដែង (មើល ហិត ស្ដាប់ ដឹងពីអ្នកប្រើប្រាស់), ២៖ គ្រឹះស្ថានផលិត-គ្រឹះស្ថានអាហរ័ណ-នីហរ័ណ, ៣៖ ធ្វើវិភាគនៅមន្ទីរពិសោធន៍ថ្នាក់ជាតិ -អន្ដរជាតិ។
លោកថ្លែងបន្ដថា «សម្រាប់បងប្អូនប្រជាពលរដ្ឋ ដើម្បីជៀសផុតការទិញឱសថក្លែងក្លាយ ត្រូវពិនិត្យមើលលើចំនុចដូចជា៖ ត្រូវទិញឱសថមានបិទលតប័ត្រពីក្រុមហ៊ុនមានច្បាប់ និងមានវិក្កយបត្រ, កុំទិញឱសថណា ដែលគ្មានស្លាកសញ្ញាច្បាស់លាស់ ដាក់ក្នុងថង់បា្លស្ទិក, សំបកកញ្ចប់ថ្នាំត្រូវមានឈ្មោះក្រុមហ៊ុន ថ្ងៃកាលបរិច្ឆេទត្រឹមត្រូវច្បាស់លាស់ និងមានការចុះបិទបញ្ជិកាពីក្រសួងសុខាភិបាល ព្រោះអ្នកលក់មិនមែនជាអ្នកប្រើ ដូច្នេះមុនទិញត្រូវពិនិត្យមើលដោយប្រុងប្រយ័ត្ន ហើយបើមើលទៅស្រដៀងៗលក្ខណៈណា បញ្ជាក់ត្រឹមត្រូវ សូមរាយការណ៍មកសមត្ថកិច្ចជាបន្ទាន់»។
លោកបន្តថា «ចំពោះផលប៉ះពាល់ ពីការប្រើប្រាស់ ឱសថក្លែងក្លាយ គឺប៉ះពាល់ដល់សុខភាពសាធារណៈ និងសុខភាពសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ធ្វើឲ្យអ្នកជំងឺកាន់តែធ្ងន់ធ្ងរ ទៅៗ ដោយកម្រិតប្រតិកម្ម ដែលធ្វើឱ្យមានកន្ទួល រមាស់លើស្បែក រាគ ឬឈានដល់ប៉ះពាល់ធ្ងន់ធ្ងរដល់ផ្លូវដង្ហើម រហូតបាត់បង់ជីវិត។ លើសពីនេះ លើជំងឺមិនឆ្លង (ជំងឺសរសៃឈាម ជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺដង្ហើមរុំារៃ), ខាតបង់ពេលពេលវេលា និងថវិកា ចំពោះគ្រួសារផ្ទាល់ ក៏ដូចជាថវិកាជាតិ, ធ្វើឲ្យម្ចាស់ម៉ាកមានការរុញរានក្នុងការវិនិយោគ, បង្អាក់នូវចរន្ដនៃការច្នៃប្រឌិត និងការបង្កើតថ្មី រួមទាំងការវិនិយោគ» ។
ថ្លែងប្រាប់អ្នកចូលរួមប្រមាណ៥០០នាក់ នៅក្នុងសាលនៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន (CJCC) នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ ប្រធានសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជាជប៉ុន (CJBI) លោកអៀង សុធារ៉ា ដែលជាវាគ្មិន និងស្ថានិករៀបចំសិក្ខានេះ បានសង្កត់ធ្ងន់ថា ដោយមើលឃើញពីហានីភ័យចំពោះពលរដ្ឋ ក្នុងការប្រើប្រាស់ថ្នាំ ព្រោះ មិនមាននរណាម្នាក់អាចជៀសផុតពីការព្យាបាលជំងឺ ទើបសិក្ខាសាលាថ្ងៃនេះត្រូវបានរៀបចំឡើង។
លោកអៀង សុធារ៉ា បញ្ជាក់បន្ថែមទៀថា «គោលបំណងសំខាន់ គឺដើម្បីបង្ហាញឲ្យអ្នកចូលរួមស្គាល់ពីអ្វីដែលជាឱសថក្លែងក្លាយ និងធ្វើការប្រុងប្រយ័ត្ន។ ជាងនេះទៅទៀត ចង់បង្ហាញដល់អ្នកលក់ អ្នកផលិត និងអ្នកប្រើប្រាស់ឱសថទាំងអស់ យល់អំពីតម្លៃគុណធម៌ សច្ចធម៌ និងសីលធម៌ ដើម្បីសុភមង្គលខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល»។
លោកសង្ឃឹមថា អ្នកចូលរួមទាំងអស់ នឹងអាចយល់ពីរបៀបសម្គាល់ឱសថក្លែងក្លាយ ក៏ដូចជាអាចចែករំលែកចំណេះដឹងទាំងនេះទៅកាន់សាច់ញាតិមិត្តភក្តិបងប្អូន ដើម្បីចូលរួមការពារ និងថែរក្សាសុខភាព ៕