(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា រហូតមកដល់ពេលនេះ (ដើមឆ្នាំ២០១៩) រាជរដ្ឋាភិបាលដកហូតឯកសារកម្ពុជា មិនប្រក្រតីដែលកាន់កាប់ដោយជនបរទេស ប្រមាណ៩០ភាគរយ ស្មើនឹងជាង៣ម៉ឺនក្បាល មាន១០សញ្ជាតិ ក្នុងនោះជនជាតិវៀតណាមច្រើនជាងគេ រហូត៩០ភាគរយ។
ការលើកឡើងរបស់នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩នេះ ក្រោយកិច្ចប្រជុំការងារ ដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ និងការទទួលពាក្យសុំជាជនបរទេសអន្ដោប្រវេសន្ដ នៅទីស្ដីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព នាយឧត្ដមសេនីយ៍ សន្ដិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «មកដល់ពេលនេះ យើងដកហូតបានប្រមាណជិត៩០ភាគរយ ហើយដែលឯកសារដែលគេកាន់ មានប្រមាណជាង៣ម៉ឺនក្បាល ក្នុងនោះមានសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្ដសញ្ញាណប័ណ្ណ សំបុត្រកំណើត លិខិតឆ្លងដែនជាដើម ក្នុងនោះមាន១០ជនជាតិ ប៉ុន្ដែច្រើនជាងគេជនជាតិវៀតណាមប្រមាណ៩០ភាគរយ»។
បើតាមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ យុទ្ធនាការដកហូតឯកសារកម្ពុជាមិនប្រក្រតីដែលកាន់កាប់ដោយជនបរទេសនេះ គឺនៅសល់តែ៦ខែទៀតប៉ុណ្ណោះ នឹងត្រូវបញ្ចប់ជាស្ថាពរហើយ ដែលនេះជាការកំណត់របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ។
ដោយឡែក សម្រាប់ការងារបណ្ដេញជនបរទេសដែលចូលមករស់នៅ ឬធ្វើការដោយគ្មានលិខិតអនុញ្ញាត ត្រូវបាននាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បញ្ជាក់ដែរថា តាំងពីឆ្នាំ២០១៤ រហូតមកដល់ពេលនេះកម្ពុជា បានបណ្ដេញជនបរទេសទាំងអស់ចេញ មានចំនួន១៥,០០០នាក់ ក្នុងឆ្នាំ២០១៨កន្លងទៅនេះ មានជាង៣,០០០នាក់ ភាគច្រើនចិន និងវៀតណាម។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា កាលពីខែសីហា ឆ្នាំ២០១៧ បានចេញអនុក្រឹត្យស្ដីពីការលុបចោល និងដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់។ ក្រោយទទួលបានអនុក្រឹត្យនេះ គេសង្កេតឃើញថា សមត្ថកិច្ចពាក់ព័ន្ធទាំងអស់បានធ្វើការងារនេះ យ៉ាងសស្រាក់សស្រាំទៅតាមជំនាញរៀងៗខ្លូន៕