(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសឲ្យចូលកាន់តំណែង អភិបាលស្រុកជ័យសែន ខេត្តព្រះវិហារថ្មី ដោយលោក រស់ ហេង ជំនួសលោក ជុំ ពុយ ដែលត្រូវបានផ្លាស់ទៅកាន់តំណែងជាអភិបាលស្រុកសង្គមថ្មីវិញ។ ពិធីនេះដែរក៏មានការចូលរួមពីថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជាច្រើនរូបទៀត។
លោក អ៊ុន ចាន់ដា បានថ្លែងថា ការផ្លាស់ប្តូរតំណែងអភិបាលស្រុកជ័យសែន នៅពេលនេះ មិនមានរឿងអ្វីចម្លែកនោះទេ ដោយសារលោក ជុំ ពុយ អភិបាលស្រុកជ័យសែន ត្រូវផ្លាស់ប្តូរចេញទៅកាន់តំណែងជាអភិបាលស្រុកសង្គមថ្មី ហើយការផ្លាស់ប្តូរនេះក៏មិនមែនដោយសារគាត់មានកំហុសឆ្គងអីដែរ។
លោកអភិបាលខេត្ត ក៏បានណែនាំឲ្យអភិបាលស្រុកជយ័សែន ដែលត្រូវប្រកាសតែងតាំងថ្មីនេះ ត្រូវខិតខំធ្វើការងារបំរើប្រជាពលរដ្ឋឲ្យបានល្អ ពិសេសត្រូវបង្កើតនូវស្នាដៃថ្មីៗបន្ថែមទៀត ក៏ដូចជាការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ និងដោយភាពស្មោះត្រង់ ហើយពិសេសត្រូវដឹកនាំការងារ ដោយមានការសហការសាមគ្គីភាព ឯកភាពផ្ទៃក្នុង ជាមួយមន្ត្រីរាជការក្រោមឱវាទ ដើម្បីឱ្យស្រុកជ័យសែនរបស់យើង មានការអភិវឌ្ឍន៍រីកចំរើនជាបន្តទៅទៀត។
សូមបញ្ជាក់ថា អភិបាលស្រុកជ័យសែន ដែលត្រូវប្រកាសចូលកាន់តំណែងនៅពេលនេះ គឺលោក រស់ ហេង អតីតអភិបាលស្រុកសង្គមថ្មី ដោយឡែកអភិបាលស្រុកជ័យសែនចាស់ លោក ជុំ ពុយ ត្រូវប្តូរទៅកាន់អភិបាលស្រុកសង្គមថ្មីវិញ៕