(ឡាវ)៖ ឆ្លើយតបតាមការអញ្ជើញរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ អញ្ជើញទៅធ្វើទស្សនៈកិច្ចជាផ្លូវការ និង ជាមិត្តភាពចូលរួមក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧០ ថ្ងៃបង្កើតកងទ័ពប្រជាជនឡាវ ប្រារព្ធធ្វើនៅទីក្រុងវៀងច័ន្ទ។
មន្ដ្រីជាន់ខ្ពស់ដែលអមដំណើរសម្ដេចពិជ័យសេនា ទៀ បាញ់ រួមមាន នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស, នាយឧត្តមសេនីយ៍ ទៀ វិញ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងទឹក, នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងអាកាស ព្រមទាំងនាយទាហាន នៅក្នុងក្រសួងការពារជាតិជាច្រើនរូបទៀត។
នៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ ថ្ងៃបង្កើតកងទ័ពប្រជាជនឡាវ នាពេលនោះក៏មានការចូលរួមពីគណៈប្រតិភូក្រសួងការពារជាតិមកពី ប្រទេសវៀតណាម ថៃ សហភាពមីយ៉ាន់ម៉ា ចិន និងប្រតិភូកងទ័ពមកពីសហពន្ធ័រុស្ស៊ី និងប្រមុខថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ក្នុងឱកាសនោះ លោក ប៊ុនយ៉ាំង វឡាក់ជិត អគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្ស ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានថ្លែងថា មុននេះ៧០ឆ្នាំ គឺនៅថ្ងៃទី២០ ខែមករា ឆ្នាំ១៩៤៩ កងទ័ពឡាវឥស្សរៈ ដែលបច្ចុប្បន្នជាកងទ័ពប្រជាជនឡាវ ត្រូវបានបង្កើតឡើងនៅតំបន់ឈរជើងមួយ ក្នុងខេត្តហួផាន់ ដែលមានលោកប្រធាន កៃសន ភំវិហាន បានប្រកាសបង្កើតដឹកនាំ និងបញ្ជាដោយផ្ទាល់។
លោកបានបញ្ជាក់ថា ក្រោយពីកងទ័ពឡាវឥស្សរៈ ត្រូវបានបង្កើតឡើងមិនយូរប៉ុន្មាន បានប្រឈមមុខជាមួយសត្រូវជាច្រើនដូចជា ខាងសេដ្ឋកិច្ច កម្លាំងទ័ព អាវុធយុទ្ធោបករណ៍ តែដោយសារទឹកចិត្តស្នេហាជាតិខ្លាំងក្លា និងការបន្តប្រពៃណីតស៊ូ មិនព្រមចុះចាញ់របស់បុព្វបុរស និងជនជាតិឡាវទាំងមូល និងមានការជួយឧបត្ថម្ភគាំទ្រអស់ពីដួងចិត្តរបស់ប្រជាជនឡាវ បណ្ដាជនជាតិ ក៏ដូចជាប្រទេសសង្គមនិយមជាបងប្អូនឡាវ កងទ័ពឡាវបានធ្វើការប្រយុទ្ធដ៏អង់អាចក្លាហាន និងទទួលបានជ័យជំនះជាបន្តបន្ទាប់។
ក្នុងឱកាសប្រារព្ធមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧០ ថ្ងៃបង្កើតកងទ័ពប្រជាជនឡាវ ក្នុងនាមបក្សរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក ប៊ុនយ៉ាំង វឡាក់ជិត បានសម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរយុទ្ធជន យុទ្ធនារី នៃកងទ័ពប្រជាជនឡាវ ជនពិការ ក្រុមគ្រួសារដែលបានពលីជីវិតដើម្បី ឯករាជ្យ ឥស្សរៈភាព និងសុភមង្គលរបស់ប្រជាជនឡាវ ។
នៅក្នុងពិធីអបអរខួបអនុស្សាវរីយ៍លើកទី៧០ ថ្ងៃបង្កើតកងទ័ពប្រជាជនឡាវ នាឱកាសនោះ ក៏បានបង្ហាញក្បួនព្យុះហយាត្រា ទស្សនាផងដែរ ដែលក្បួនព្យូហយាត្រាទាំងនោះមានទាំងអស់ ២៥ផែន រួមមាន៖ ផែនកម្មាភិបាលចូលនិវត្តន៍, ផែនទង់ជ័យកងទ័ពប្រជាជនឡាវ, ផែនកងទ័ពឡាវឥស្សរៈ, ផែនកម្លាំងកងទ័ពរំដោះប្រជាជនឡាវ, ផែនកម្លាំងទ័ពនារី៣៦៩, ផែនទ័ពនាយទាហានជើងគោក, ផែននាយទាហានជើងអាកាស, ផែនកម្លាំងយោធាព្រំដែន, ផែនទ័ពថ្មើរជើង, ផែនទ័ពប្រយុទ្ធពិសេស, ផែនទ័ពរថពាសដែក រថក្រោះ, ផែនទ័ពកាំភ្លើងធំ ផែនទ័ពការពារអាកាស, ផែនទ័ពវិស្វកម្ម, ផែនអង្គភាពបញ្ជូនសារ, ផែនទ័ពសុខាភិបាលនារី, ផែនទ័ពតំបន់, ផែនប្រជាការពារ, ផែនក្បួនទ័ពរថយន្តថ្មើរជើង, ផែនរថក្រោះ រថពាសដែក, ផែនរថយន្តកាំភ្លើងធំ, ផែនរថយន្តប្រភេទការពារអាកាស, ផែនទ័ពវិស្វកម្ម និងផែនកងត្រែទ័ព៕