(ព្រះវិហារ)៖ សហភាពសហពន្ធ័យុវជនកម្ពុជា ខេត្តព្រះវិហារ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ បានបើកកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤ របស់សហភាពសហព័ន្ធយុវជានកម្ពុជា និងរបាយការណ៍បូកសរុបលទ្ធផលការងាររបស់គណៈកម្មការ ស.ស.យ.កខេត្តព្រះវិហារ (២០១២-២០១៨ ) ក្រោមអធិបតីភាព លោក គីម រិទ្ធី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
ក្នុងនោះដែរក៏បានអញ្ជើញចូលជាអធិបតី លោក ចាន់ សាវុធ សមាជិកអចិន្រ្តៃយ៍ស.ស.យ.ក ថ្នាក់កណ្តាល លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាសមាជិកអចិន្រ្តៃយ៍ ស.ស.យ.ក ថ្នាក់កណ្តាល ប្រធានស.ស.យ.ក ខេត្តព្រះវិហារ លោកឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូបផងដែរ។
ក្នុងឱកាសនៃកិច្ចប្រជុំនោះ គឺបានផ្តោតសំខាន់ការផ្សព្វផ្សាយសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជា កាលពីថ្ងៃទី២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ និងរបាយការណ៍រយៈពេល៦ឆ្នាំ (២០១២-២០១៨) របស់ស.ស.យ.កខេត្តព្រះវិហារ។
លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានសហភាពសហពន្ធ័យុវជនកម្ពុជា ខេត្តព្រះវិហារ បានដាក់ចេញនូវផែនការបន្ត របស់ស.ស.យ.ក ខេត្តព្រះវិហារ ដូចមានខាងក្រោម៖
១៖ ប្តេជ្ញាបន្តស្មារតី២ ធ្នូ ដែលជាការស្ម័គ្រចិត លះបង់ ពលិកម្ម រួមរួមគ្នា សាមគ្គីភាព និងឯកភាព ក្នុងការចូលរួមចំណែកដើម្បីបុព្វហេតុរួមរបស់កម្ពុជា។
២៖ ប្តេជ្ញាថែរក្សាសុខសន្តិភាព ដែលមានស្រាប់ ទប់ស្កាត់រប្រល័យពូជសាសន៍ ទប់ស្កាត់សកម្មភាពដែលបង្កអសន្តិសុខសង្គមពីជនអគតិ។
៣៖ ខិតខំគាំទ្រអនុវត្តឲ្យបានយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៦ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។
៤៖ ចូលរួមការពារទប់ស្កាត់បទល្មើស បញ្ហាគ្រឿងញៀន តាមរយៈអប់រំផ្សព្វផ្សាយ និងការអនុវត្តច្បាប់ នៅតាមមូលដ្ឋាន។
៥៖ ការត្រៀមរៀបចំភ្នាក់ងារស.ស.យ.កខេត្ត ចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
៦៖ ត្រៀមរៀបចំកម្មវិធីព្រះវិហារសង្ក្រាន្តឆ្នាំថ្មី គ្រោងធ្វើនៅប្រាសាទកោះកែរ ស្រុកគូលែន ខេត្តព្រះវិហារ។
លោក គីម រិទ្ធី អនុប្រធា សហភាពសហព័ន្ធយុវជនកម្ពុជា តំណាងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានណែនាំសូមឲ្យសមាជិក សមាជិកា ចូលរួម ជម្រុញពង្រឹងអង្កការចាត់តាំងរបស់ខ្លួនបន្ថែមទៀត ជាពិសេសថ្នាក់ឃុំ សង្កាត់ គ្រឹះស្ថានសិក្សាវិទ្យាល័យ តាមរយៈការបង្កលក្ខណៈឲ្យយុវជនបានចូលរួម ក្នុងសកម្មភាពសង្គមកីឡាផ្សេងៗ និងបន្តធ្វើជាយុវជនគំរូ សាកសមជាកម្លាំងស្នូលដ៏មានសារសំខាន់សម្រាប់នាថ្ងៃអនាគត៕