(កោះកុង)៖ លោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា បានពាំនាំអំណោយអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា ជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារអគ្គិភ័យ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅភូមិថ្មីចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ម្ចាស់ផ្ទះដែលត្រូវអគ្គិភ័យលេត្របាក់មានឈ្មោះ សៅ ឆយ អាយុ៧០ឆ្នាំ មានមុខរបបជា អាចារ្យវត្តចាំយាម។
លោក សៅ ឆយ បានបញ្ជាក់ថា មូលហេតុបណ្តាលឲ្យភ្លើងឆេះផ្ទះ បណ្តាលមកពីផ្ទុះសេខ្សែភ្លើង គ្មាននរណាលួចដុតទេ ព្រោះកូនគាត់នៅលក់អីវ៉ាន់នៅខាងមុខផ្ទះ ហើយបារ៉ែតភ្លើងនៅខាងលើផ្ទះគ្មានអ្នកចាប់អារម្មណ៍ទេ ព្រោះអាងថាអត់អី ហើយខាងលើបិទទ្វារជិត ដល់ភ្លើងឆេះខ្លាំងទើបដឹងធ្វើឲ្យមានការភ្ញាក់ផ្អើលតែម្តង ហើយចំពោះរូបគាត់នៅឯវត្តរៀបចំចង្ហាត់ លោកព្រោះថ្ងៃនេះជាថ្ងៃសីល។
ផ្ទះដែលត្រូវអគ្គិភ័យបំផ្លាញនោះ មានទំហំ ៧ម៉ែត្រគុណ១២ម៉ែត្រ ២ជាន់ថ្មក្រោមឈើលើ ហើយសម្ភារខូចអស់រលីងគ្មានសល់ទេ សូម្បីខោអាវលុយកាកក៏គ្មានសល់ដែរ។
លោក ហាក់ ឡេង បានឲ្យដឹងថា ក្រោយពីកើតហេតុភ្លាមៗ លោកបានបញ្ជាឲ្យរថយន្តពន្លត់អគ្គិភ័យ ចុះអន្តរគមន៍ជាបន្ទាន់ ដើម្បីជួយសង្គ្រោះទាន់ពេលវេលាក្នុងនោះ ដែរក៏មានរថយន្តពន្លត់អគ្គីភ័យរបស់ក្រុហ៊ុន LYP ជួយអន្តរាគមន៍ផងដែរ។
លោកបានបញ្ជាក់ថា ក្រោយពីមានមានការអន្តរាគមន៍ភ្លើងរលត់ហើយ លោកបានពាំនាំអំណោយរបស់លោកស្រី មិថុនា ភូថង អភិបាលខេត្តចំនួន២លានរៀល និងអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកមណ្ឌល ជូនដល់គ្រួសាររងគ្រោះផងដែរ អំណោយទាំងនោះមានគ្រឿងឧបភោគបរិភោគ សំលៀកបំពាក់ និងថវិកាចំនួន២០ម៉ឺនរៀល៕