(ប៉ៃលិន)៖ ឆ្លៀតថ្ងៃសម្រាកចុងសប្តាហ៍ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ បានដឹកនាំមន្ត្រីរាជការ អង្គភាពជំនាញជុំវិញខេត្ត ចុះរៀបចំតុបតែងកែលម្អ ថែទាំ និងដាំផ្កាបន្ថែម នៅតាមសួនពុះចែកទ្រូងផ្លូវ ក្នុងទីរួមខេត្ត ចាប់ពីចំនុចមុខវត្តកោងកាង រហូតដល់ភូមិអូរតាពុកក្រោម ដើម្បីបង្កើនសោភ័ណភាពសាធារណៈក្នុងទីក្រុង។
លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានលើកឡើងថា បច្ចុប្បន្ន រដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាលំអបន្ថែម និងការថែទាំ ព្រមទាំងការកែលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ ឱ្យបានកាន់តែល្អឡើង ដើម្បីឆ្លើយតបទៅនឹងតំរូវការ របស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន សុខភាព ក៍ដូចជាបន្ថែមក្រវាត់ពណ៌បៃតងក្នុងទីក្រុង ប្រកបដោយសោភ័ណភាពស្រស់បំព្រង ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តប៉ៃលិនយើង ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាព របស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។
ជាក់ស្តែងនៅថ្ងៃនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ អង្គភាពជំនាញជុំវិញខេត្ត បានចុះរៀបចំតុបតែងកែលម្អ ថែទាំនិងដាំផ្កាបន្ថែម នៅតាមសួនពុះចែកទ្រូងផ្លូវ ក្នុងទីរួមខេត្ត ក្នុងគោលបំណងចង់ឱ្យមន្ត្រីរាជការបង្ហាញពីចូលរួមចំណែកក្នុងការងារសង្គម និងការស្រលាញ់បរិស្ថាន ដែលជាគម្រូដ៏ល្អសម្រាប់ប្រជាពលរដ្ឋ និងទី២ គឺដើម្បីបង្កើនសាមគ្គីភាព ឯកភាព ប្រកបដោយផាពស្និតស្នាល និងការទទួលខុសត្រូវខ្ពស់។
នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៍បានជំរុញដល់មន្ទីរអង្គភាពជំនាញជុំវិញខេត្តទាំងអស់ ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះការដាំផ្កា និងការថែទាំ ទៅតាមគោលដៅរបស់ខ្លួន ដែលរដ្ឋបាលខេត្តបានបែងចែក ដើម្បីរួមចំណែកលើកកំពស់សោភ័ណភាពសាធារណៈក្នុងខេត្ត ក្នុងជាមន្ត្រីរាជការបម្រើជាតិ និងប្រជាជន។
សូមបញ្ជាក់ថា ដើមផ្កាដាំតាមសួនពុះចែកទ្រូងផ្លូវ ក្នុងទីរួមខេត្ត ដែលថ្នាក់ដឹកនាំ មន្ត្រីរាជការកំពុងធ្វើការតុបតែងកែលម្អ និងថែទាំនាពេលនេះ គឺជាប្រភេទរុក្ខជាតិ ដែលធនទៅនឹងអាកាសធាតុ ងាយស្រួលក្នុងការដាំ និងថែទាំ ដោយបានដាំដុះក្នុងកំឡុង ខែមិថុនា ឆ្នាំ២០១៨ ដោយចំណាយថវិកាផ្ទាល់របស់ លោកផាន់ ចាន់ធុល អភិបាលខេត្ត៕