(ភ្នំពេញ)៖ លោក គង់ សុខឡេង នាយកប្រតិបត្តិសមាគមនិស្សិតខ្មែរ ដើម្បីអភិវឌ្ឍសង្គម បានលើឡើងថា សមាគមបានរៀបចំកម្មវិធីលើកទឹកចិត្តកុមារស្រឡាញ់ការសិក្សា នាពេលនេះ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការសិក្សារបស់កុមារនៅថ្នាក់បឋមសិក្សា ពីព្រោះមានតែការសិក្សាមួយគត់ ដែលអាចផ្លាស់ប្តូរវាសនាអនាគតរបស់មនុស្សកុមារបាន។
កម្មវិធីនេះរៀបចំធ្វើនៅសាលាបឋមសិក្សាត្រពាំងឈូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩។កម្មវិធី «លើកទឹកចិត្តកុមារស្រឡាញ់ការសិក្សា» រៀបចំឡើងនាពេលនេះ មានការចូលរួមឧបត្ថម្ភគាំទ្រជាសម្ភារៈ ថវិកា ពីសប្បុរសជននានាទាំងឯកជននិងរដ្ឋ (ជួរកងរាជអាវុធហត្ថ) និងជាពិសេសសបានការជួយឧបត្ថម្ភធំពី ក្រុមអអេហ្វស៊ីមើលដ៍ខាបូឌា។ ជាមួយគ្នានោះ ក៏មានការអញ្ជើញចូលរួមពី ព្រះឧត្តមកិច្ចណូ វ៉ាន់នីរាជាគណៈថ្នាក់កិត្តិយស ព្រះចៅអធិការវត្តត្រពាំងឈូក សរសរ១០៨ ព្រះប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតខ្មែរ ដើម្បីអភិវឌ្ឍសង្គម, ឧត្តមសេនីយ៍ទោ ជា អេងយ៉ុង ស្នងការ ស្នងការដ្ឋានបច្ចេកទេសសន្តិសុខ កងរាជអាវុធត្ថលើផ្ទៃប្រទេស, លោក គង់ សុខឡេង នាយកប្រតិបត្តិសមាគមនិស្សិតខ្មែរ ដើម្បីអភិវឌ្ឍសង្គម, លោកស្រី ជាន់ ណារា អគ្គនាយិការរងនៃក្រុមហ៊ុនអេហ្វស្រីវើលដ៏ខាំបូឌា, អាណាព្យាបាលសិស្ស លោកគ្រូ អ្នកគ្រូ យ់ាងច្រើនកុះករផងដែរ។
លោកបន្តថា ម្យ៉ាងវិញទៀត ដោយមើលឃើញការលំបាករបស់កុមារ ដែលសិក្សានៅទីនេះ ភាគច្រើនជាកុមារមកពីបណ្តាខេត្តនានា តាមរយៈឪពុក-ម្តាយ ដែលមកធ្វើការរោងចក្រកាត់ដេរ មានការខ្វះខាតក្នុងការផ្គត់ផ្គង់សម្ភារៈសិក្សានិងថ្លៃសិក្សា និងដោយយល់ឃើញថា កុមារគឺជាកូនទំពាំងស្នងឬស្សីដ៏សំខាន់សម្រាប់ប្រទេសជាតិ ដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់និងមើលថែ «ការជួយលើកទឹកចិត្តកុមារស្រលាញ់ការសិក្សាគឺជាភារកិច្ចរបស់យើងទាំងអស់គ្នា»។
ដោយយល់ឃើញហេតុការខាងលើនេះហើយ ទើបសមាគម KSAD បានខិតខំប្រឹងប្រែងប្រមូលគៀងគរសប្បុរសជនតូច-ធំ និងសហការជាមួយសាលា អាជ្ញាធរមូលដ្ឋាន ដើម្បីរួមគ្នាជាកម្លាំងធ្វើមនុស្សធម៌គាំទ្រវិស័យអប់រំដល់កុមារតាមរយៈការជួយឧបត្ថម្ភសម្ភារៈសិក្សាដល់កុមារចំនួន៣៧៥នាក់នៅពេលនេះ។
ជាមួយគ្នានោះ លោក ឧត្តមសេនីយ៍ទោ ជា អេងយ៉ុង ស្នងការដ្ឋានបច្ចេកទេសសន្តិសុខកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានលើកឡើងថា លោកពិតជាមានសេចក្តីរីករាយនិងកោតសរសើរយចំពោះជំនួយសប្បុរសធម៌របស់ក្រុមហ៊ុនអអេហ្វស្រីវើលដ៏ខាំបូឌា ក៏ដូចជំនួយសប្បុរសធម៌ពីសប្បុរសជននានា ដោយរាប់បញ្ចូលទាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ ជាពិសេសសមាជិកកងរាជអាវុធហត្ថក្នុងជួរស្នងការដ្ឋានស្រាវជ្រាវព័ត៌មានសន្តិសុខ ដែលបានជួយឧបត្ថម្ភក្លឹបសិក្សាកុមារក្រីក្រ ក៏ដូចជួយឧបត្ថម្ភកម្មវិធីលើកទឹកចិត្តកុមារស្រលាញ់ការសិក្សានៅពេលនេះ ។
លោកបន្តថា នេះគឺជាកាយវិការដ៏សប្បុរសឆ្លុះបញ្ចាំងឱ្យឃើញពីសិល្បៈចែករំលែករួមចំណែកអភិវឌ្ឍសង្គមជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាអគ្គមគ្គទេសដឹកនាំ។
លោក ក៏សូមអរគុណនិងកោតសរសើរផងដែរ ចំពោះសមាគមនិស្សិតខ្មែរ ដើម្បីអភិវឌ្ឍសង្គម ដែលដឹកនាំដោយលោក គង់ សុខឡេង ជានាយកប្រតិបត្តិ បានខិតខំប្រមូលគៀងគរសប្បុរសធម៌ពីសប្បុរសជនតូច-ធំ នានា ក្នុងបុព្វហេតុជួយសង្គមតាមរយៈការអប់រំសីលធម៌កុមារនិងយុវវ័យកម្ពុជា និងជាពិសេសជួយបណ្តុះបណ្តាល អប់រំដល់កុមារក្រីក្រនិងអាណាថា ព្រោះថាកុមារបើមិនមានការអប់រំទេ មិនអាចក្លាយជាកូនទំពាំងស្នងឫស្សីបានឡើយ មានតែការសិក្សាអប់រំទេ ដែលអាចធ្វើឱ្យកុមារផ្លាស់ប្តូរវាសនា អនាគតរបស់ខ្លួនបាន។
លោក គង់ សុខឡេង នាយកប្រតិបត្តិសមាគមនិស្សិតខ្មែរ ដើម្បីអភិវឌ្ឍសង្គម បានបន្ថែមថា ក្រោយចប់កម្មវិធីនេះកុមារនឹងសប្បាយរីករាយចិត្ត ហើយយល់ដឹងពីតម្លៃនៃការសិក្សាតាមរយៈការបំផុស ពន្យល់ណែនាំពីវាគ្មិន គណៈអធិបតីកិត្តិយស នឹងខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រដោយក្តីរំពឹងសង្ឃឹមញញឹមទុកជានិច្ចថា ខ្លួននឹងទទួលបានលទ្ធផលល្អដ៏ត្រចាស់ត្រចង់ពីការខិតខំនេះ នៅថ្ងៃអនាគត៕