(សៀមរាប)៖ កីឡាការិនី Phai Laurie ដែលមានឪពុកជាខ្មែរ និងម្ដាយជាជនជាតិបារាំង បានសម្ដែងការសប្បាយចិត្តជាខ្លាំង ក្រោយបានចូលរួមព្រឹត្តិការណ៍ Angkor Ultra Trail 2019 នៅខេត្តសៀមរាប ក្នុងនាមកីឡាការិនីកម្ពុជា ហើយបានគ្រងជើងឯកលើវិញ្ញាសារត់ចម្ងាយ ៣២គីឡូម៉ែត្រ ៣ឆ្នាំជាប់គ្នា ។ ទន្ទឹមជាមួយគ្នា នាងក៏បានបង្ហើបពីក្ដីស្រម៉ៃ ចង់ក្លាយជាកីឡាការិនីជម្រើសជាតិកម្ពុជា ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិនានាទៀតផង ។
Phai Laurie បានចូលរួមក្នុងព្រឹត្តិការណ៍នេះ តាំងពីឆ្នាំ២០១៧ មកម្ល៉េះ ដោយរត់លើវិញ្ញាសា ៣២គីឡូម៉ែត្រ ហើយតែងរត់ដល់ទីមុនគេ តែឆ្នាំនេះ នាងធ្វើបានកាន់តែល្អ ដោយប្រើរយ:ពេលរត់ ២ម៉ោង ៤៤នាទី និង ៣៨វិនាទី ។ តែអ្វីដែល Laurie សប្បាយចិត្តខ្លាំង មិនត្រឹមតែការទទួលបានចំណាត់ថ្នាក់លេខ១ នោះទេ គឺនាងសប្បាយបានចូលរួមតំណាងឲ្យកម្ពុជា ដែលជាប្រទេសកំណើតរបស់ឪពុកខ្លួន ។ នេះបើតាមការបញ្ជាក់ក្រោយពិធីបំពាក់មេដាយកាលពីម្សិលមិញ ។
កីឡាការិនីកូនកាត់ខ្មែរ-បារាំងរូបនេះ និយាយថា «ខ្ញុំចូលរួមរត់ ៣២គីឡូម៉ែត្រក្នុងព្រឹត្តិការណ៍ Angkor Ultra trail ព្រោះខ្ញុំមានឪពុកជាខ្មែរ ។ ខ្ញុំពិតជាមានមោទនភាពមែនទែន ដែលបានមកចូលរួមក្នុងនាមតំណាងជាតិខ្មែរ» ។ បន្ទាប់មកនាង បានឆ្លើយនឹងសំណួរពាក់ព័ន្ធនឹងបំណងប្រាថ្នាក្លាយជាកីឡាការិនីជម្រើសជាតិថា «នេះគឺជាក្ដីសុបិនរបស់ខ្ញុំ បើសិនមានលទ្ធភាពចូលជម្រើសជាតិកម្ពុជា គឺខ្ញុំរីករាយ និងសប្បាយចិត្តណាស់ ហើយបើសិនជាអាចជួយឲ្យកីឡាខ្មែររីកចម្រើនទៀត ខ្ញុំកាន់តែសប្បាយចិត្ត» ។
ទន្ទឹមជាមួយគ្នាលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានសម្ដែងការពេញចិត្ដខ្លាំង ចំពោះកីឡាការិនីកូនកាត់ខាងលើ ដែលមានមនសិការស្នេហាជាតិខ្ពស់ និងចង់ជួយជាតិ ខុសពីមនុស្សនៅក្រៅប្រទេសមួយចំនួនតូច ដែលកំពុងបំផ្លាញជាតិ ។ ដោយហេតុនេះលោករដ្ឋមន្ដ្រី បានសម្ដែងការស្វាគមន៍ និងលើកទឹកចិត្តកីឡាការិនី Phai Laurie ឲ្យបន្ដខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីសម្រេចបំណងប្រាថ្នារបស់ខ្លួន ពិសេសគឺការប៉ងរត់ម៉ារ៉ាតុង ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះតែម្ដង ។
បន្ថែមលើនេះ លោក ថោង ខុន ក៏បានបញ្ជាក់ពីជោគជ័យ ក្នុងការរៀបចំព្រឹត្តិការណ៍ Angkor Ultra Trail លើកទី៤ ឆ្នាំ២០១៩ ដែលមានកំណើនអ្នកចូលរួម ៣៥% ពិសេសការត់ចម្ងាយឆ្ងាយ ១២៨គីឡូម៉ែត្រ ដោយរត់កាត់ស្បៃរាត្រី កាត់ភូមិ-ឃុំ និងតំបន់បេតិកភណ្ឌសៀមរាបអង្គរ ដែលសបញ្ជាក់ឲ្យឃើញនូវសន្ដិភាពក្នុងប្រទេសកម្ពុជាយ៉ាងពេញលេញ ធ្វើឲ្យអ្នកចូលរួមមានការសប្បាយចិត្ត និងរត់ដល់ទីគ្រប់ៗគ្នា ក្នុងនោះក៏មានការចូលរួមស្វាគមន៍ពីសំណាក់ប្រជាពលរដ្ឋទាំងរាត្រីផងដែរ ។ ដូច្នេះលោកសង្ឃឹមថា ឆ្នាំក្រោយនឹងមានអ្នកចូលរួមកាន់តែច្រើន ស្របពេលគណៈកម្មការត្រៀមរៀបចំកាន់តែធំ ដើម្បីអបអរខួប ៥ឆ្នាំ ៕