(សៀមរាប)៖​ ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយ Angkor Ultra Trail លើកទី៤ ឆ្នាំ២០១៩ នៅតំបន់អង្គរ ខេត្តសៀមរាប បានបញ្ចប់ដោយជោគជ័យ ហើយក៏រកឃើញជើងខ្លាំងរត់ ១២៨គីឡូម៉ែត្រផងដែរ បន្ទាប់ពីចំណាយពេលជាច្រើនម៉ោង និងឆ្លងកាត់ឧបសគ្គជាច្រើន ដើម្បីដល់ទីព្រ័ត្រ នៅមុខទីលានជល់ដំរី ។ ព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ បានចេញដំណើរ តាំងពីម៉ោង ៤ទៀបភ្លឺម្សិលមិញម្ល៉េះមុនបញ្ចប់នាព្រឹកថ្ងៃទី២០ ខែមករានេះ ។

ចំពោះលទ្ធផល វិញ្ញាសារត់ចម្ងាយ ១២៨គីឡូម៉ែត្រ៖

ផ្នែកបុរស

លេខ១៖ កីឡាករ Puig Amiel Marc មកពីអេស្ប៉ាញ ប្រើពេល ១៣ម៉ោង ៣៦នាទី និង ៣១វិនាទី ។
លេខ២៖ កីឡាករ Kelsall Timothy មកពីអង់គ្លេស ប្រើពេល ១៦ម៉ោង ០៤នាទី និង ២៧វិនាទី ។
លេខ៣៖ កីឡាករ Bowdery Grant មកពីអង់គ្លេស ប្រើពេល ១៨ម៉ោង ០៨នាទី និង ៣០វិនាទី ។

ផ្នែកនារី

លេខ១៖ កីឡាការិនី Messina Veronique មកពីបារាំង ប្រើពេល ១៨ម៉ោង ៣៨នាទី និង ២៧វិនាទី ។
លេខ២៖ កីឡាការិនី Ye Yan មកពីតៃវ៉ាន់ ប្រើពេល ១៩ម៉ោង ៥៣នាទី និង ៣៥វិនាទី ។
លេខ៣៖ កីឡាការិនី Laurent Marjorie មកពីបារាំង ប្រើពេល ២៣ម៉ោង ០៣នាទី និង ២៦វិនាទី ។

ក្រៅពីនេះ ក៏មានការរត់ចម្ងាយឆ្ងាយជាច្រើនវិញ្ញាសាទៀតដែរ ដូចជារត់ចម្ងាយ ៤២គីឡូម៉ែត្រ ផ្នែកបុរសលេខ១ កីឡាករ Gasnier, លេខ២ កីឡាករ Barost និងលេខ៣ កីឡាករ De Robillard ហើយអ្នកទាំងបី សុទ្ធតែកីឡាករបារាំង ។ ឯផ្នែកនារី លេខ១ កីឡាការិនីអង់គ្លេស Washington, លេខ២ កីឡាការិនី Brohan និងលេខ៣ កីឡាការិនី Favier ដែលជាកីឡាការិនីបារាំងដូចគ្នា ។

ចំណែករត់ចម្ងាយ ៣២គីឡូម៉ែត្រផ្នែកបុរស លេខ១ កីឡាករកម្ពុជា វ៉ាន់ ភារ៉ា, លេខ២ កីឡាករ Bacry និងលេខ៣ កីឡាករ Haddad មកពីបារាំង ខណៈផ្នែកនារី លេខ១ កីឡាការិនីកូនកាត់ខ្មែរ-បារាំង Phai Laurie, លេខ២ កីឡាការិនី Gaillard មកពីបារាំង និងលេខ៣ កីឡាការិនីអ៊ុយក្រែន Nikitas ។ ឯរត់ចម្ងាយ ១៦គីឡូម៉ែត្របុរស លេខ១ កីឡាករ Suarez, លេខ២ កីឡាករ Poirel និងលេខ៣ កីឡាករ Pankanin មកពីបារាំង តែផ្នែកនារី លេខ១ កីឡាការិនីអង់គ្លេស Richardson, លេខ២ កីឡាការិនី Birling និងលេខ៣ កីឡាការិនី Boussarie មកពីបារាំង ។

គួរបញ្ជាក់ថា នេះគឺជាលើកទី៤ ហើយ ដែលក្រសួងទេសចរណ៍ សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិក ក្រុមហ៊ុន Phoenix Voyages អាជ្ញាធរអប្សរា និងអាជ្ញាធរខេត្តសៀមរាប ក្រោយទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា រៀបចំព្រឹត្តិការណ៍អន្ដរជាតិនេះឡើង ដើម្បីបង្កើតនូវផលិតផលទេសចរណ៍ថ្មីមួយទៀត សម្រាប់ផ្ដល់ជាជម្រើសដល់ភ្ញៀវទេសចរ និងផ្សព្វផ្សាយពីតំបន់បេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិសៀមរាបអង្គរ ទៅកាន់ពិភពលោក ហើយគណៈកម្មការរៀបចំ បានសម្ដែងការពេញចិត្តជាខ្លាំង ចំពោះភាពជោគជ័យឆ្នាំនេះ ដែលមានអ្នកចូលរួមជាង ១,០០០នាក់ ហើយកើនឡើងប្រមាណ ៣៥% ។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ NOCC បានបញ្ជាក់ថា ព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយ នៅតំបន់អង្គរឆ្នាំនេះ បានបញ្ចប់ដោយជោគជ័យ ទាំងកំណើនអ្នកចូលរួម និងផ្លូវរត់ ដែលបានរៀបចំកាន់តែល្អប្រសើរ រហូតទទួលបានការកោតសរសើរពីអ្នកចូលរួមទៀតផង ។ តាមរយៈភាពជោគជ័យនេះ លោករំពឹងថា ឆ្នាំក្រោយនឹងមានអ្នកចូលរួមកាន់តែច្រើន ដើម្បីស្របតាមប្រសាសន៍របស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC ដែលបានប្រកាស រៀបចំព្រឹត្តិការណ៍នេះកាន់តែធំនាឆ្នាំក្រោយ ព្រោះជាខួប ៥ឆ្នាំ ៕