(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ដ្រីការបរទេសអាស៊ាន នៅខេត្តឈៀងម៉ៃ ប្រទេសថៃ បានថ្លែងថា ប្រទេសកម្ពុជាមិនដោះដូរអធិបតេយ្យជាតិ ដើម្បីជំនួយជាដាច់ខាត ព្រោះកម្ពុជាបានឆ្លងកាត់ភាពលំបាក ពីអតីតកាលរួចអស់ហើយ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានផ្លូវការ របស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានឲនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩នេះ។
សេចក្តីប្រកាសព័ត៌មាន បានដកស្រង់សំដីរបស់លោក ប្រាក់ សុខុន ថា «ឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដី ក៏បានសង្កត់ធ្ងន់យ៉ាងមុតមាំថា ប្រទេសកម្ពុជានឹងមិនដោះដូរអធិបតេយ្យជាតិ ដើម្បីជំនួយជាដាច់ខាត កម្ពុជាបានឆ្លងកាត់ ភាពលំបាក ពីអតីតកាលរួចហើយ»។
ក្នុងកិច្ចប្រជុំចង្អៀតនោះ ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន ក៏បានបង្ហាញការសោកស្ដាយ ទៅលើការសម្រេចចិត្ដរបស់គណៈកម្មការអឺរ៉ុប នាពេលថ្មីៗនេះ ចំពោះការដាក់ចេញនូវវិធានការការពារចំពោះការនាំចូលអង្ករ ពីប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ទៅកាន់រដ្ឋមន្ដ្រីការបរទេសអាស៊ានផងដែរ។
កិច្ចប្រជុំក៏បានពិភាក្សាផងដែរ ពីការពង្រឹងទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប និងការត្រៀមចូលរួមកិច្ចប្រជុំថ្នាក់ រដ្ឋមន្រ្តីការបរទេស អាស៊ាន-សហភាព អឺរ៉ុបលើកទី២២ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក ដើម្បីពិនិត្យមើលការរីកចម្រើន នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប និងទិសដៅអនាគត ព្រមទាំងផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួមសម្រាប់តំបន់ទាំងពីរ និងពិភពលោកទាំងមូល។
រដ្ឋមន្រ្ដីការបរទេសអាស៊ាន ក៏បានឯកភាពជាគោលការណ៍ ចំពោះការលើកតម្លើងពីភាពជាដៃគូទូលំទូលាយអាស៊ាន-សហភាពអឺរ៉ុប ទៅជាកម្រិតដៃគូយុទ្ធសាស្រ្ដ ក្រោមការបន្តចរចាលើចំនុចលម្អិត និងកាលបរិច្ឆេទច្បាស់លាស់។
ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន ក៏បានបង្ហាញការព្រួយបារម្ភ ចំពោះការប្រើប្រាស់វិធីសាស្រ្ដស្ដង់ដាពីរ សម្រាប់ជ្រើសរើសយកតែចំណុចណាដែលសមស្រប និងផ្ដល់ប្រយោជន៍ដល់ប្រទេសដែលខ្លាំងជាង។
កិច្ចប្រជុំក៏បានកត់សម្គាល់អំពីការព្រួយបារម្ភ ចំពោះការបិទមិនឲ្យប្រេងដូង របស់ប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ទៅកាន់ទីផ្សារអឺរ៉ុប។ រដ្ឋមន្រ្តីទាំងអស់ បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ រួមមាន ការប្រយុទ្ធប្រឆាំងភេរវកម្ម និងហិង្សាជ្រុលនិយម រដ្ឋរ៉ាក់ខាញ ឧបទ្វីបកូរ៉េ និងសមុទ្រចិនខាងត្បូង៕