(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានព្រះរាជប្រទាន ព្រះរាជទ្រព្យ២ម៉ឺនដុល្លារបន្ថែមទៀត ដើម្បីទៅទ្រទ្រង់ការកសាងចូឡាមុនីចេតិយ៍ នៃមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា បន្ទាប់ពីសម្តេចព្រះមហាក្សត្រីខ្មែរ ទ្រង់ធ្លាប់បានប្រទាន៥ពាន់ដុល្លារអាមេរិករួចមកហើយ កាលពីប៉ុន្មានខែកន្លងទៅ។
ថវិកា២ម៉ឺនដុល្លារ ជាព្រះរាជទ្រព្យរបស់សម្តេចម៉ែ ត្រូវបានលោកស្រី កែ គឹមសែ នាំយកទៅប្រគល់ជូនមហាឱបាសិកា ធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ជាប្រធានមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដោយមានការចូលរួមពីសម្តេច ព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា រួមនឹងសប្បុរសជនមួយចំនួនទៀតផងដែរ។
លោកស្រី កែ គឹមសែ បានឲ្យដឹងថា «ថវិកាដែលជាព្រះរាជអំណោយរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរនេះ ដើម្បីយកទៅកសាងចូឡាមុនីចេតិយ៍ ដែលជាទីគោរពសក្ការៈ នៃការគោរពរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ របស់ពុទ្ធសាសនិកជាតិ និងអន្តរជាតិ»។
សូមជម្រាបជូនថា ទីតាំងដែលត្រូវសាងសង់ឡើងនូវមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នៅឧទ្យានជាតិគិរីរម្យ ក្នុងខេត្តកំពង់ស្ពឺ មានផ្ទៃដី១២៦ហិកតា ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រគល់ជូនមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នៅក្នុងឆ្នាំ២០១៣។ ការសាងចូឡាមុនីចេតិយ៍ ដើម្បីជាទីគោរពសក្ការៈបងប្អូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាកន្លែងថ្នាលអប់រំយុជន និងព្រះសង្ឃផងដែរ។ សម្រាប់គម្រោងដែលត្រូវសាងសង់ គឺមាន៣៩គម្រោង មាន៩ជាន់ ដែលមានកម្ពស់៦៣ម៉ែត្រ។
មហាឱបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា បានបញ្ជាក់ថា ព្រះរាជទ្រព្យរបស់ព្រះមហាក្សត្រី នឹងត្រូវទុកសម្រាប់ចាក់គ្រឹះខាងក្រោម ឲ្យកាន់តែមានភាពរឹងមាំ ដើម្បីទ្រទៅនឹងទម្ងន់របស់ ចូឡាមណីចេតិយ ដែលមានកម្ពស់រហូតដល់ទៅ៩ជាន់ និងមានកម្ពស់៦៣ម៉ែត្រ។
មហាឱបាសិកា ធម្មបណ្ឌិត ញ៉ឹក ប៊ុនថា បន្តថា «គម្រោងនៃការសាងសង់ គឺមានច្រើនវគ្គ និងច្រើនសណ្ឋាន ក្នុងនោះផ្ទៃខាងក្រោម៧០ម៉ែត្រ សម្រាប់អប់រំសីលធម៌លើយុវជនកម្ពុជា អាចផ្ទុកមនុស្សបានជាង១ពាន់នាក់ និងជាន់បន្ទាប់សម្រាប់សិក្សាព្រះធម៌ថ្នាក់បឋម មធ្យម ថ្នាក់ឧត្តម និងថ្នាក់បន្ទាប់ពីនោះទុកសម្រាប់គូរប្រវត្តិ នៃព្រះពុទ្ធជាម្ចាស់ ដោយរូបថ្មផុស។ ចំណែកថ្នាក់បន្ទាប់ទៀត គឺសម្រាប់តម្តល់ព្រះពុទ្ធរូបដែលមានតម្លៃ និងមួយជាន់ទៀតទុកទទេរ គឺដើម្បីកុំឲ្យពាក់ព័ន្ទៅនឹងសិរីរិកធាតុព្រះអង្គ»។
មហាឱបាសិកាបន្ថែមទៀតថា ចំពោះការសាងសង់ទាំងមូល មានតម្លៃប្រហែលជាង៤លានដុល្លារអាមេរិក ហើយទល់នឹងពេលបច្ចុប្បន្ននេះ ក្រុមការងារជំនាញសម្រេចគ្រឹះក្រោមបាន១០ភាគរយហើយ ក្នុងគ្រឹះខាងក្រោមនោះ គឺត្រូវចំណាយអស់ជាង៣០ម៉ឺនដុល្លារ៕