(ភ្នំពេញ)៖ សមាគមរោងចក្រកាត់ដេរកម្ពុជា ហៅកាត់ថា GMAC នៅល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ បានប្រារព្ធពិធីជួបជុំសមាជិក ក្នុងឱកាសខួប២៣ឆ្នាំ និងដើម្បីប្រមូលថវិកា ជូនមន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ជួយទ្រទ្រង់ដំណើរការមន្ទីរពេទ្យនេះ ក្នុងការជួយ សង្គ្រោះកុមារកម្ពុជា ជាច្រើននាក់ កំពុងត្រូវការជំនួយសង្គ្រោះបន្ទាន់។
ឧកញ៉ា វ៉ាន់ សូអៀង ប្រធាន សមាគមរោងចក្រកាត់ដេរកម្ពុជា បានថ្លែងថា កម្មវិធីសម្រាប់រាត្រីនេះ គឺដើម្បីឲ្យសមាជិករបស់សមាគមរោងចក្រកាត់ដេរកម្ពុជា ទាំងអស់បានជួបជុំគ្នា និងផ្លាស់ប្តូរនូវបទពិសោធន៍ និងយោបល់រវាងគ្នា ហើយគោលបំណងសំខាន់មួយទៀតនោះ ក៏ដើម្បីប្រមូលថវិកាមូលធិនិជូនមន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ទ្រទ្រង់ដំណើរការ ជួយសង្គ្រោះដល់កុមារកម្ពុជា ដែលត្រូវការអោយមន្ទីរពេទ្យនេះជួយ បើទោះបីជាស្ថាបនិកមន្ទីរពេទ្យនេះ បានឃ្លាតចាកឆ្ងាយក៏ដោយ។
លោកឧកញ៉ាបានរៀបរាបពី សាវតាសមាគមរោងចក្រកាត់ដេរកម្ពុជាថា សមាគមនេះបានបង្កើត នៅក្រោយការបោះឆ្នោតថ្នាក់ជាតិលើកដំបូង សម្រាប់កម្ពុជា នៅឆ្នាំ ១៩៩៣ ដើម្បីចូលរួមអភិវឌ្ឍន៍ពីភាពរីកចម្រើន នៅក្នុងវិស័យកាត់ដេរ ដែលជាវិស័យស្នូលក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ។ ជាលទ្ធផល វិស័យកាត់ដេរកម្ពុជា បានជួយដល់ប្រជាពលរដ្ឋកម្ពុជាជាច្រើន មានការងារធ្វើ និងទទួលបានប្រាក់ចំណូលសមរម្យ ក្នុងការទ្រទ្រង់ជីវភាពគ្រួសារ ដែលគិតជាមធ្យម វិស័យកាត់ដេរ បានជួយប្រជាពលរដ្ឋកម្ពុជាទាំងផ្ទាល់ និងប្រយោលសុរបប្រមាណជាង២លាននាក់ ។
លោកឧកញ៉ាបន្ថែមថា ដោយសារតែវិស័យនេះ បានជួយដល់ប្រជាពលរដ្ឋកម្ពុជា រាប់លាននាក់ដូច្នេះហើយ លោកប្ដេជ្ញាចិត្តថា ពង្រឹងវិស័យមួយនេះ អោយកាន់តែរឹងមាំ និងទាក់ទាញវិនិយោគិនបរទេសបន្ថែមទៀត មកបណ្ដាក់ទុនបង្កើតការងារ ជូនពលរដ្ឋកម្ពុជា ជាច្រើនលាននាក់បន្ថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិឲ្យកាន់តែរឹងមាំនៅឆ្នាំបន្តបន្ទាប់ទៀត។
លោកក៏បានប្ដេជ្ញាថា នឹងខិតខំជួយគាំទ្រដំណើរការមន្ទីរពទ្យគន្ធបុប្ផា ឲ្យនៅតែមានសកម្មភាពជួយសង្គ្រោះកុមារកម្ពុជា រាប់លាននាក់ទៀតផងដែរ។
តំណាងមន្ទីរពេទ្យគន្ធបុប្ផាបានថ្លែងថា កាលពីឆ្នាំ២០១៨កន្លងទៅនេះ មន្ទីរពេទ្យគន្ធបុប្ផា បានផ្ដល់សេវា ពិនិត្យ និងព្យាបាលកុមារកម្ពុជា សរុបប្រមាណជិត១លាននាក់ ដោយឥតគិតថ្លៃ។ រាល់ការចំណាយទាំងអស់ នៅក្នុងមន្ទីរពេទ្យ គឺជាថវិកាដែលបានមកពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ហើយលោក បេអាត រីចនើ ដែលជាស្ថាបនិក មន្ទីរពេទ្យនេះ ក៏បានខិតខំស្វែងរកមូលនិធិនានា ពីក្រៅប្រទេស ដើម្បីមកគាំទ្រដំណើរការ ក៏ប៉ុន្តែ បន្ទាប់ពីលោកបានធ្លាក់ខ្លួនមានជំងឺ មន្ទីរពេទ្យនេះ ក៏បានជួបនូវបញ្ហាខ្លះៗ ទើបរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចបង្កើតមូលនិធិគន្ធបុប្ផា ដើម្បីស្វែងរកថវិកា ជួយទ្រទ្រង់ដំណើរការមន្ទីរពេទ្យ។ ជាលទ្ធផលមូលនិធិ ពីបណ្ដាសប្បុរសជននានា ក្នុងប្រទេសក៏បានផ្ដល់ជូនមន្ទីរពេទ្យនេះ ជាបន្តបន្ទាប់ បើទោះបីជាពេលនេះ ស្ថាបនិកមន្ទីរពេទ្យនេះ បានលាចាកលោកក្ដី ហើយសង្ឃឹមថា សប្បុរសជននឹងនៅតែបន្តជួយដល់មន្ទីរពេទ្យ ដើម្បីបន្តជួយសង្គ្រោះកុមារកម្ពុជាជាច្រើននាក់ ដែលកំពុងត្រូវការជំនួយពីយើង។
នៅក្នុងរាត្រីនៃការជួបជុំសមាជិកសមាគមរោងចក្រកាត់ដេរកម្ពុជានោះ គេសង្កេតឃើញថា មានសប្បុរសជនជាច្រើនបានបរិច្ចាគជូនមូលនិធិនេះ ដោយប្រមូលបាន ថវិកាប្រមាណ៥ម៉ឺនដុល្លារ ក្នុងនោះលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន៣,៥០០$។
ក្នុងនោះដែរក្រុមហ៊ុនទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនវេរលុយធំមួយប្រចាំកម្ពុជា និងជាអ្នកជួយរៀបចំកម្មវិធីរបស់ GMAC ក៏បានចូលរួមបរិច្ចាគ ដល់មន្ទីរពេទ្យគន្ធបុប្ផា១ពាន់ដុល្លារផងដែរ។
លោក សែ សុភរៈ ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនទ្រូម៉ាន់នីឲ្យដឹងថា «កម្មវីធីសប្បុរសធម៌នេះ ក្រុមហ៊ុនទ្រូម៉ាន់នីមិនត្រឹមតែជាអ្នករៀបចំកម្មវិធី ប៉ុណ្ណោះទេ តែក្រុមហ៊ុនក៏បានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន៤លានរៀន ជូនដល់មូលិធីគន្ធបុប្ផាកម្ពុជាផងដែរ»។
លោកបន្ថែមថា អ្វីដែលកាន់តែពិសេសនោះ ក្រុមហ៊ុនបានផ្តល់ជូនសេវាបើកប្រាក់បៀវត្ស ដល់រោងចក្រកាត់ដេរទាំងអស់ដោយឥតគិតថ្លៃ ដើម្បីផ្ដល់ភាពងាយស្រួលដល់កម្មករកម្មការនីកាត់ដេរ ក្នុងការដកដាក់ប្រាក់ផ្ញើប្រាក់ ដោយឥតគិតថ្លៃជាមួយភ្នាក់ងារទ្រូម៉ាន់នីទូទាំងប្រទេស។
សូមបញ្ជាក់ថា ក្រៅពីការផ្តល់ជូនខាងលើ ក្រមហ៊ុនទ្រូម៉ាន់ ក៏មានការផ្តល់ជូនការបញ្ចុះតម្លៃ៥០% លើការទិញសំបុត្រកុន បញ្ចូលលុយទូរសព្ទ១ដុល្លារគិតតែ៣,០០០រៀល ផ្ញើលុយឥតគិតថ្លៃ និងការផ្តល់ជូនជាច្រើនទៀតតាម TrueMoney App ថែមទៀតផង៕