(ស្វាយវៀង)៖ ដោយមើលឃើញនូវបញ្ហាប្រឈម ចំពោះគ្រោះថ្នាក់ចរាចរណ៍ អង្គភាពស្ថាបនាផ្លូវថ្នល់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមឥណទានពីធនាគាអភិវឌ្ឍអាស៊ី បានរៀបចំការអប់រំ និងផ្សព្វផ្សាយ ស្តីពី កត្តាហានិភ័យដោយគ្រោះថ្នាក់ចរាចរណ៍ ដល់ប្រជាពលរដ្ឋដែលរស់នៅ តាមបណ្តោយខ្សែផ្លូវ នៃគម្រោងកែលម្អផ្លូវ ក្នុងស្រុករមាសហែក ស្រុករំដួល ក្នុងចម្ងាយផ្លូវ៦២គីឡូម៉ែត្រ ឆ្លងកាត់ឃុំចំនួន១០ និងភូមិចំនួន៣៥ នៃខេត្តស្វាយរៀង។

ការអប់រំ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក រយៈពេល៣ថ្ងៃ នៅថ្ងៃទី១៦-១៧-១៨ ខែមករា ឆ្នាំ២០១៩ ខាងលើនេះ ពិតជាមានសារៈសំខាន់ សម្រាប់ចូលរួចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លុវគោក ដល់ប្រជាកសិករ និងប្រជាជន ដែលងាយរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ព្រោះអ្នកប្រើប្រាស់ផ្លូវទាំងនោះ មិនទាន់មានបទពិសោធន៍គ្រប់គ្រាន់ ក្នុងការប្រើប្រាស់ផ្លូវថ្មី ដែលផ្តល់ដោយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយលោកតែយកចិត្តទុកដាក់ ចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ។

បើតាមមន្ដ្រីដែលចូលរួមក្នុងការអប់រំនេះ បានឲ្យដឹងថា កិច្ចអភិវឌ្ឍន៍ធនធានមនុស្ស សុខមាលភាពប្រជាពលរដ្ឋ និងការដឹកជញ្ជូន គឺជាចំនុចស្នូល ក្នុងកិច្ចដំណើរការអភិវឌ្ឍន៍ប្រទេសកម្ពុជា។ ក្រោយការចង្អុលបង្ហាញ ពីថ្នាក់ដឹកនាំ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ការអប់រំ និងផ្សព្វផ្សាយ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ពិសេសកសិករ និងប្អូនៗ ក្មួយៗ សិស្សានុសិស្ស ដែលជាអ្នកប្រឈម ចំពោះគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។

ប្រជាកសិករមួយរូប រស់នៅភូមិព្រៃគាវ នៃឃុំកំពង់ចក បានឲ្យដឹងថា បច្ចុប្បន្នក្រោយផ្លូវថ្នល់ត្រូវបានស្ថាបនា ចាក់កៅស៊ូលោកស្រី ហាក់មានការបារម្ភចំពោះគ្រោះថ្នាក់ចរាចរណ៍ផ្លូវយ៉ាងខ្លាំង ថ្ងៃនេះគាត់បានចូលរួម ការអប់រំផ្សព្វផ្សាយស្តីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក លោកស្រីពិតជាមានសេចក្តីរិករាយ ដោយបានដឹងពីមូលហេតុ នៃគ្រោះថ្នាក់ចរាចរណ៍ និងបានដឹងពីវិធីសាស្រ្តមួយចំនួន ដើម្បីមានសុវត្ថិភាពទាក់ទង នឹងការធ្វើដំណើរនៅលើដងផ្លូវ។

លោកស្រី បានបន្ថែមថា លោកគ្រូ បាននិយាយអំពីល្បឿនបើកបរ និងការបើកបរលឿន រឿងនេះពិតជាត្រឹមត្រូវណាស់ ព្រោះក្រោយពីផ្លូវត្រូវបានគេចាក់កៅស៊ូ អ្នកបើកបរបើកលឿនណាស់ ដែលពេលគាត់ត្រូវឆ្លងថ្នល់ម្តង មិនស្ទើរតែមិនហ៊ានឆ្លងផង។ លោកស្រី ក៏បានសំណូមពរឲ្យអ្នកបើកបរទាំងឡាយ ត្រូវគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងកុំបើកបរលឿន ចេះស្រលាញ់អាយុជីវិតខ្លួនឯង និងអ្នកប្រើប្រាស់ផ្លូវផ្សេងទៀតផង។

ក្រុមប្រឹក្សាឃុំកំពង់ចក បានលើកឡើងថា ឃុំកំពង់ចក មានភូមិចំនួន២ ដែលស្ថិតនៅលើផ្លូវជាតិលេខ១៣នេះ ហើយជាតំបន់ទីប្រជុំជន ដែលមានមនុស្សរស់នៅច្រើន លោកតែងមានការបារម្ភ ចំពោះគ្រោះថ្នាក់ ដែលអាច កើតឡើង ដោយយថាហេតុណាមួយ ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំកំពង់ចក ថ្ងៃនេះប្រជាពលរដ្ឋក្នុងឃុំបានចូលរួមការអប់រំ និងផ្សព្វផ្សាយថ្ងៃនេះ លោកពិតជាសប្បាយរីករាយ ហើយលោកសន្យា និងជំរុញ ក្នុងការផ្សព្វផ្សាយ បន្តដល់ប្រជាពលរដ្ឋក្នុងភូមិផ្សេងទៀត ដែលមិនបានចូលរួម ព្រោះពួកគេ ក៏មកប្រើប្រាស់ផ្លូវនេះដែរ៕