(ព្រះវិហារ)៖ លោក ចាន់ នន់វិទ្យា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកសង្គមថ្មី ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួមប្រារព្ធពិធីមីទ្ទិញអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាជ័យជម្នះ៧មករា។
ក្នុងនោះក៏មានការចូលរួមពីលោក សំ លាងទ្រី ប្រធានក្រុមការងារថ្នាក់ខេត្ត អនុប្រធានក្រុមការងារ សមាជិកក្រុមការងារ ក៏ដូចជាមន្ត្រីរាជការ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ៦០០នាក់។
បន្ទាប់ពីបានស្តាប់សុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជារួចមក លោក ចាន់ នន់វិទ្យា បានលើកឡើងថា ថ្ងៃ៧មករា គឺជាថ្ងៃកំណើតទី២របស់ប្រជាជនកម្ពុជា ដែលនេះជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលគ្មានជនណា ឬកម្លាំងណាមកបំភ្លៃ ឬបំផ្លាញបានឡើយ។
លោកបានថ្លែងទៀតថា មានថ្ងៃ៧មករា ឆ្នាំ១៩៧៩ ទើបមានអ្វីៗ ដូចសព្វថ្ងៃនេះ ហើយថាថ្ងៃ៧មករា បានកើតចេញពីការលះបង់សាច់ស្រស់ ឈាមស្រស់ និងភាពអង់អាចក្លាហានរបស់ថ្នាក់ដឹកនាំ យុទ្ធជនកម្ពុជា ដោយមានការគាំទ្រពីកងទ័ពវៀតណាម បានវាយដណ្តើមជោគជ័យ លើរបបប្រល័យពូជសាសន៍ ដូច្នេះសូមស្មារតី ថ្ងៃ៧ មករា ស្ថិតស្ថេរជាអមតៈ។
លោកបានបន្ថែមថា ៤០ឆ្នាំកន្លងមកនេះ គឺ៤០ឆ្នាំនៃសាមគ្គីភាព វីរភាព និងជ័យជម្នះ ហើយការខិតខំពុះពាររបស់គណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេល៤០ឆ្នាំមកនេះ បានកែប្រែមាតុភូមិកម្ពុជា ពីគំនរផេះផង់ឲ្យរស់ឡើងវិញ និងរីកចម្រើនលូតលាស់ប្រកបដោយមោទនភាពបំផុត ដែលបានពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់ឲ្យយើងឈានទៅសម្រេចនូវគោលដៅដ៏ឧត្តុងឧត្តម គឺកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រិត ប្រជាធិបតេយ្យ និងវឌ្ឍនភាព។
ជាមួយគ្នានោះ លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាជួយថែរក្សា សុខសន្តិភាព ដែលរកបានដោយលំបាកបំផុតនាបច្ចុប្បន្ននេះ ឲ្យនៅស្ថិតស្ថេរគង់វង្សប្រកបនិរន្តភាព សម្រាប់អនាគតយូរអង្វែងតទៅ៕