(កំពង់ចាម)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទបានណែនាំឲ្យក្រុមហ៊ុនដែលកំពុងតែដាំដុះចេកអំបូងលឿង នៅក្នុងខេត្តកំពង់ចាម សហការជាមួយអគ្គនាយកដ្ឋានកសិកម្ម លើការងារទិដ្ឋភាពច្បាប់ និងបទដ្ឋានបច្ចេកទេសជាពិសេស ការងារភូតគាមអនាម័យ ធ្វើយ៉ាងណាឲ្យការនាំចេញផលិតផលចេក ឆ្លើយតបតាមស្តង់ដារទីផ្សារ។
ការណែនាំនេះធ្វើឡើងក្នុងឱកាសដែលរដ្ឋមន្ត្រី នៅព្រឹកថ្ងៃអាទិត្យ ១៥កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩នេះ បានអញ្ជើញជាកិត្តិយសក្នុងពិធីវេចខ្ចប់ចេកអំបូងលឿង ដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ របស់ក្រុមហ៊ុនកៅស៊ូបឹងកេត ដែលមានទីតាំងនៅភូមិ បឹងកេត ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក្រោមអធិបតីភាពលោក ហ៊ុន ណេង ប្រធានគណៈកម្មការទី៤នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលកំពង់ចាម។
តាមរបាយការណ៍របស់លោកនាយកក្រុមហ៊ុនាបានឲ្យដឹងថា ក្រុមហ៊ុនបានចុះទុនវិនិយោគលើទឹកប្រាក់ប្រមាណជាង៨លានដុល្លារ ដាំដុះចេកអំបូងលឿងលើផ្ទៃដីសាកល្បង៥០០ហិកតា ក្នុងនោះផ្ទៃដី១០០ហិកតា កំពុងធ្វើការប្រមូលផល និងវេចខ្ចប់នាំចេញទៅកាន់ទីផ្សារចិន ហើយអនាគតគ្រោងពង្រីកផ្ទៃដីដាំដុះឲ្យដល់១,៥០០ហិកតា ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារប្រទេសចិន។
លោករដ្ឋមន្ត្រីបានសម្តែងនូវទឹកចិត្តសប្បាយរីករាយ វាយតម្លៃខ្ពស់ និងអបអរសាទរចំពោះក្រុមហ៊ុនក្នុងស្រុក ដែលបានជឿជាក់ ទុកចិត្ត លើស្ថិរភាពនោយបាយ និងសេដ្ឋកិច្ច ជាពិសេសគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម របស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានចាប់យកភាគីចិន ធ្វើជាដៃគូវិនិយោគដំណាំចេក ដែលមានសក្តានុពលផ្នែកសេដ្ឋកិច្ចយ៉ាងធំធេង សម្រាប់ទីផ្សារចិនទាំងក្នុងពេលបច្ចប្បន្ន និងពេលអនាគត។
លោកបញ្ជាក់ថា សមិទ្ធផលនាថ្ងៃនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ ពីការខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្តគំនិតស្មារតីទទួលខុសត្រូវ របស់ក្រុមហ៊ុនផ្ទាល់ ដោយទទួលបានកិច្ចសហការយ៉ាងពេញលេញ ពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លទ្ធផលនេះ គឺបានឆ្លើយតបទៅនឹងគោលនយោបាយរបស់ក្រសួង ស្តីពីការជំរុញផលិតកម្មក្នុងស្រុក បង្កើនតម្លៃបន្ថែម បង្កើតការងារ បង្កើនប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក តាមរយ:ការអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មកសិកម្មពី A ដល់ Z៕