(បាត់ដំបង)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សមាគមបេសកកម្មមនុស្សធម៌នៅកម្ពុជា (AMH) នឹងចុះព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃរយៈពេល៣ថ្ងៃ គឺថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅក្នុងបរិវេណវត្តស្វាយជាតិ ក្នុងឃុំរាំងកេសី, នៅបរិវេណវត្តតាហែន ឃុំរកា និងនៅក្នុងបរិវេណវត្តបោះបេង ក្នុងឃុំអូរដំបង១ស្រុកសង្កែខេត្តបាត់ដំបង។
នេះបើតាមការឲ្យដឹងពី លោក ឡោក ហ៊ួរ សមាជិកគណៈកម្មការកណ្តាលគណបក្សប្រជាជន ប្រធានក្រុមការងារចុះជួយស្រុកសង្កែ និងជាតំណាងរាស្ដ្រមណ្ឌលបាត់ដំបង ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីលទ្ធផលការងារ នៃសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤១ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ នៅទីស្នាក់ការបក្សស្រុកសង្កែ។
អ្នកតំណាងរាស្រ្តរូបនេះ បានថ្លែងអំគុណយ៉ាងធំធេង ដល់ក្រុមគ្រូពេទ្យដែលបានលះបង់ពេលវេលា និងស្ម័គ្រចិត្តចុះមកព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋ រយៈពេល៣ថ្ងៃ នេះគឺជាលើកទី១ នៅដើមឆ្នាំ២០១៩ បានឃុំចំនួន៣ ក្នុងស្រុកសង្កែ។ បើគិតក្នុងឆ្នាំ២០១៨កន្លងទៅ ក្រុមគ្រូពេទ្យបានចុះព្យាបាល ជូនប្រជាពលរដ្ឋបានចំនួន២០លើករួចមកហើយ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋដែលបានមកទទួលព្យាបាលជំងឺទាំងអស់ ក៏បានថ្លែងអំណរគុណផងដែរ ដល់អ្នកតំណាងរាស្រ្តដែលបានយកចិត្តទុកដាក់ ជួយប្រជាពលរដ្ឋ នៅតាមមូលដ្ឋានលើគ្រប់បែបយ៉ាង កន្លងមកក៏ដូចជាបច្ចុប្បន្ន និងទៅអនាគត និងសូមគាំទ្រអ្នកតំណាងរាស្រ្តល្អតែងតែនៅជិត និងជួយសស្រាយកង្វល់ ឬតាមសំណូមពររបស់រាស្រ្តបានទាន់ពេលវេលាផងដែរ។
ក្នុងឱកាសនោះ លោក ឡោក ហ៊ួរ ក៏បានលើកឡើងអំពីលទ្ធផល នៃសន្និបាតគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា បានដំណើរការពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងសម្តេចពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយសបក្ស ដោយមានសមាជិករដ្ឋសភា ព្រឹទ្ធសភា និងក្រុមការងារចុះជួយគ្រប់ខេត្តក្រុង-ស្រុក សរុបប្រមាណ៣,១៦៤រូប បានផ្តោតសំខាន់ទៅលើលទ្ធផលល្អ ពីអាណត្តិចាស់ យកមកពង្រឹងបន្ថែមទៀតហើយរៀបចំរចនាសម្ព័ន្ធសមាជិកថ្មី ក្នុងអាណត្តិថ្មី ចាប់ពីឆ្នាំ២០១៩នេះតទៅ៕