(ភ្នំពេញ)៖ អាចចាត់ទុកជាដំណឹងដ៏រីករាយមួយសម្រាប់កូនខ្មែរគ្រប់រូបដែលមានបំណងសិក្សាលើជំនាញសំណង់ស៊ីវិល និងអគ្គសិនី។ នៅពេលនេះសាកលវិទ្យាល័យឯកទេសនៃកម្ពុជា CUS បានសម្រេចផ្តល់អាហារូបករណ៍១០០ភាគរយ ចំនួន ៥០កន្លែងលើជំនាញខាងលើនេះ។ ក្រៅពីផ្តល់អាហារូបករណ៍សម្រាប់ការសិក្សាហើយ សាកលវិទ្យាល័យដែលមានវ័យចំណាស់នៅកម្ពុជាមួយនេះ នឹងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ ៣០ម៉ឺនរៀលដល់និស្សិតដែលជាប់អាហារូបករណ៍នេះថែមទៀតផង។
យោងតាមសេចក្តីជូនដំណឹងរបស់សាកលវិទ្យាល័យ CUS បានបញ្ជាក់ថា មហាវិទ្យាល័យវិស្វកម្ម នៃសាកលវិទ្យាល័យឯកទេស នៃកម្ពុជា បានសហការជាមួយក្រុមហ៊ុន CUS LAND សម្រេចជ្រើសរើសនិស្សិត អាហារូបករណ៍ថ្លៃសិក្សា១០០%ថ្នាក់បរិញ្ញាបត្រចំនួន៥០នាក់ ឱ្យចូលសិក្សាវេនយប់ ឯកទេសវិស្វកម្មសំណង់ស៊ីវិលចំនួន ២៥នាក់ និងឯកទេសអគ្គិសនីចំនួន ២៥នាក់នៅទីតាំងសាខាស្ទឹងមានជ័យក្នុងឆ្នាំសិក្សា២០១៨-២០១៩។
ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា ក្រៅពីទទួលបានការសិក្សាដោយមិនអស់ប្រាក់ហើយនោះ ក្រុមហ៊ុន CUS LAND នឹងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ ចំនួន ៣០០,០០០រៀលដល់និស្សិតជាប់អាហារូបករណ៍នេះថែមទៀតផង។
លោក ស្តើង សុខុម ស្ថាបនិកសាកលវិទ្យាល័យ CUS បានឲ្យដឹងថា ការសម្រេចផ្តល់អាហារូបករណួ និងប្រាក់ឧបត្ថម្ភនេះ គឺជាការរួមចំណែកជួយដល់និស្សិតដែលមានជីវភាពខ្វះខាតអាចទទួលបានចំណេះជំនាញមួយសម្រាប់កសាងជីវិតមួយដ៏ល្អប្រសើរ។
បើតាមសេចក្តីជូនដំណឹងរបស់សាកលវិទ្យាល័យ ដើម្បីទទួលបានអាហារូបករណ៍នេះ បេក្ខជនទាំងអស់ត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖
- មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ
- មានបុគ្គលិកលក្ខណសម្បត្តិសមរម្យ ឧស្សាហ៍ព្យាយាមស្មោះត្រង់
- គោរពវិន័យ គោរពការណែនាំ និងចាត់តាំង
- មានពេលវេលាគ្រប់គ្រាន់ក្នុងការអនុវត្តការងារនៅការដ្ឋានជាក់ស្តែង។
កាលបរិច្ឆេទទទួលពាក្យ និងចូលសិក្សា
- ចាប់ពីថ្ងៃ១៥ ខែមករា ឆ្នាំ២០១៩ រហូតដល់ថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០១៩
- ចាប់ផ្តើមចូលសិក្សាពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩តទៅ។
កាលបរិច្ឆេទទទួលពាក្យ នឹងធ្វើឡើងចាប់ពីថ្ងៃ១៥ ខែមករា ឆ្នាំ២០១៩ រហូតដល់ថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០១៩។ រីឯការសិក្សាវិញចាប់ផ្តើមពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩តទៅ។
ព័ត៌មានលំអិតសូមទាក់ទងអាសយដ្ឋានសាកលវិទ្យាល័យ CUS សាខាទួលគោក ក្បែរអង់តែនទូរទស្សន៍ជាតិទួលគោក, សាកលវិទ្យាល័យ CUS សាខាស្ទឹងមានជ័យ ក្បែរផ្សារស្ទឹងមានជ័យចាស់។ តាមទូរស័ព្ទ៖ ០២៣ ៣៥០ ៨២៨ / ០៨៧ ៦៣៦ ២០៧ / ០១២ ៦៣៦ ២០៧ / ០៧០ ៧០៨ ៨៨៣៕