(ភ្នំពេញ)៖ នៅព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩នេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ម៉ុង មុន្នីសោភា បានសម្រេចចេញដីការបង្គាប់ឱ្យឃុំខ្លួនអតីតសកម្មជនក្រុមប្រឆាំងម្នាក់ ឈ្មោះ គង់ ម៉ាស់ ដាក់ពន្ធនាគារព្រៃស ដើម្បីរង់ចាំការជំនុំជម្រះ តាមនីតិវិធី។
ការសម្រេចឃុំខ្លួន អតីតសកម្មជនប្រឆាំងរូបនេះ គឺធ្វើឡើងបន្ទាប់ពីតំណាងអយ្យការ បានចោទប្រកាន់លើជននេះពីបទជេប្រមាថជាសាធារណ: និងញុះញង់ ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍ តាមមមាត្រា ៣០៧ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។
សូមរំលឹកថា កម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ បានឃាត់ខ្លួនអតីតសកម្មជនក្រុមប្រឆាំងម្នាក់ ឈ្មោះ គង់ ម៉ាស់ ក្រោយប្រមាថរាជរដ្ឋាភិបាល និងញុះញង់ បង្កអសន្ដិសុខ និងបង្កចលាចលដល់សង្គម។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ។
សកម្មជនក្រុមប្រឆាំងដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ គង់ ម៉ាស់ មានស្រុកកំណើតនៅស្រុករមាសហែក ខេត្តស្វាយរៀង។ បើតាមរបាយការណ៍សមត្ថកិច្ច បានឱ្យដឹងថា តាមការស្រាវជ្រាវ វត្ថុតាងក្នុងកុំព្យូទ័រ គឺមានឯកសារសំខាន់ៗជាច្រើន ដែលទាក់ទងនឹងផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល តាមបញ្ជារបស់បុគ្គល សម រង្សី។
សូមជម្រាបថា លោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ កន្លងទៅ បានចេញដីកាបញ្ជាឲ្យបុគ្គល គង់ ម៉ាស់ បង្ហាញខ្លួននៅនាយកដ្ឋានសន្ដិសុខផ្ទៃក្នុងនៃក្រសួងមហាផ្ទៃ ឲ្យបានមុនថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីសាកសួរលើបណ្ដឹងព្រហ្មទណ្ឌពីបទ៖ ធ្វើសកម្មភាពប្រមាថប្រមុខរាជរដ្ឋាភិបាល និងញុះញង់ដោយប្រើខ្សែអាត់វីដេអូផ្សព្វផ្សាយកន្លងមក តាមប្រព័ន្ធហ្វេសបុក ក្នុងគោលបំណងឲ្យសាធារណជន និងប្រជាពលរដ្ឋទូទៅមានការស្អប់ខ្ពើមបង្កជាភាពចលាចល អសន្ដិសុខក្នុងប្រទេស ចំពោះរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន៕