(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការទទួលបានពីក្រសួងមហាផ្ទៃ ដល់ថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះ ក៏មានការចូលរួមពី លោកស្នងការរង លោកអនុប្រធានផែនជំនាញ លោក លោកស្រីនាយ នាយរងការិយាល័យជំនាញ និងលោកប្រធានផ្នែកបេតិកភណ្ឌ សរុបចំនួន១០១នាក់។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ស្នងការ បានផ្សព្វផ្សាយផែនការរបស់ក្រសួងមហាផ្ទៃ និងបានណែនាំដល់លោក លោកស្រីនាយ នាយរងការិយាល័យជំនាញទាំងអស់ ត្រូវធ្វើការសហការគ្នាឲ្យបានល្អ។
បន្ថែមពីនេះ ត្រូវខិតខំពង្រឹងការងារជំនាញ និងជាពិសេសកត្តាសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំក្នុងអង្គភាព ត្រូវពង្រឹងវិន័យរបស់កងកម្លាំង និងត្រូវអនុវត្តវិន័យចំពោះមន្រ្តីនគរបាលណាដែលបានប្រព្រឹត្តខុសវិន័យរបស់អង្គភាព៕