(ភ្នំពេញ)៖ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានរំលឹកប្រជាពលរដ្ឋឲ្យត្រៀមលក្ខណៈការពារអាកាសធាតដែលនឹងចុះត្រជាក់សារជាថ្មីនាពេលខាងមុខនេះ និងជាពិសេសនៅក្នុងរដូវប្រាំងឆ្នាំនេះ គឺក្នុងអំឡុងខែមេសា និងឧសភា ដែលអាកាសធាតុនៅកម្ពុជានឹងមានការកើនឡើងកម្តៅខ្លាំង ដែលក្រសួងធនធានទឹក និងឧតុនិយមបានធ្វើការព្យាករណ៍ថាអាចនឹងកើកកម្តៅរហូតដល់៤០-៤២ អង្សាសេ ដែលតែប្រុងប្រយ័ត្នចំពោះសុខភាបឲ្យបានខ្ពស់។
ការលើកឡើងរបស់អភិបាលខណ្ឌមានជ័យ ធ្វើឡើងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ ខណៈលោកបានអញ្ជើញជាអធិបតីភាពក្នុងពិធី សុខភាពល្អគ្រួសារមានជ័យ ដែលរៀបចំធ្វើឡើងដោយរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានភ្នំពេញ ។
ពិធីនេះមានការអញ្ជើញចូលរួម និងអមដំណើរលោកអភិបាលខណ្ឌដោយ លោកស្រី ទាវ ធីតា អនុប្រធានទីមួយក្រុមការងារចុះជួយសង្កាត់ស្ទឹងមានជ័យទី២ និងជាអនុប្រធានសមាគមនារីកម្ពុជាខណ្ឌមានជ័យ , លោកចៅ សង្កាត់ស្ទឹងមានជ័យទី២ និងមន្ត្រីក្រោមឱវាទខណ្ឌជាច្រើនរូបទៀត ។
ថ្លែងក្នុងឱកាសនោះ លោក ពេជ្រ កែវមុនី បានលើកឡើងថា សុខភាពជាងផ្នែកមួយដ៏សំខាន់សម្រាប់ជីវិតប្រចាំថ្ងៃ ដែលមិនអាចមើលរំលងបាននោះទេ ត្រូវយកចិត្តទុកដាក់គ្រប់ពេលវេលា ព្រោះបើមានបញ្ហាសុខភាពកើតឡើង ខាតបង់ទ្រព្យសម្បត្តិថវិកា សម្រាប់ព្យាបាលជំងឺ ខាតបង់ពេលវេលាសម្រាប់រកប្រាក់ចំណូល និងបាត់សុភមង្គមមួយផ្នែកក្នុងគ្រួសារដែរ ។
ស្របនឹងការលើកឡើងនេះលោកអភិបាលខណ្ឌបានអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងខណ្ឌមានជ័យថែរក្សាសុខភាពឲ្យបានល្អ តាមរយៈការទទួលទានរបបអាហារឲ្យបានត្រឹមត្រូវ មានអនាម័យ និងធ្វើលំហាត់ប្រាណប្រចាំថ្ងៃ ដើម្បីបញ្ចេញជាតិពុលពីរាងកាយ និងរាងកាយមាំមួន ឲ្យស្របនឹងកម្មវិធីពេលនេះគឺ «សុខភាពល្អគ្រួសារមានជ័យ» ។
នៅថ្ងៃដដែលនោះលោក ពេជ្រ កែវមុនី និងភរិយា ព្រមទាំង លោកស្រី ទាវ ធីតា និងក្រុមការងារ ក៏បាន ចូលរួមក្នុងពិធីបុណ្យសព ម្តាយក្មេកលោក ទូច សំអុល ចៅសង្កាត់ស្ទឹងមានជ័យ២ រាជធានីភ្នំពេញ ដើម្បីជាការចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំផងដែរ៕