(ចំប៉ាសាក់, ឡាវ)៖ ដោយបានការឧបត្ថម្ភ និងការគាំទ្រពីលោក អង្គវង្ស វឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩នេះ នៅខេត្តចំប៉ាសាក់នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្រុមបាល់ទាត់សេនាយុត្តិធម៌របស់ប្រទេសកម្ពុជា បានចូលរួមប្រកួតជាលក្ខណៈមិត្តភាព ជាមួយក្រុមកីឡាករតុលាការប្រជាជនខេត្តចំប៉ាសាក់។
មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌បានថ្លែងឲ្យដឹងថា «ការប្រកួតនារសៀលនេះ គឺក្នុងគោលបំណង ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព រវាងតុលាការ នៃប្រទេសទាំងពីរ»។
ក្រុមបាល់ទាត់សេនាយុត្តិធម៌របស់ប្រទេសកម្ពុជា ជាក្រុមកីឡាករក្នុងវិស័យយុត្តិធម៌រួមមាន៖ សមាជិកឧត្ដមក្រុមប្រឹក្សា នៃអង្គចៅក្រម ប្រធាន អនុប្រធាន ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ចៅក្រម សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត និងមេធាវីផងដែរ។
គួររំលឹកផងដែរថា ក្រុមសេនាយុត្តិធម៌នេះ ក៏ធ្លាប់បានចូលរួមប្រកួតជាមួយក្រុមបាល់ទាត់ របស់សាលាដំបូងខេត្តនានា នៅប្រទេសកម្ពុជារួចហើយផងដែរ៕